កម្ពុជានឹងចាប់ផ្ដើមផ្លាស់ប្ដូរសារព្រមានសុខភាពនៅលើកញ្ចប់បារីពីអក្សរ ទៅជារូបភាពនៅខែកក្កដា ខាងមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការលើកកម្ពស់ និងការឧបត្ថម្ភផលិតផលថ្នាំជក់ ក៏ត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជាដែរ។
មន្ត្រីនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល ឱ្យដឹងថា កម្ពុជានឹងចាប់ផ្ដើមផ្លាស់ប្ដូរការបោះពុម្ពសារព្រមានសុខភាព នៅលើកញ្ចប់ថ្នាំជក់ ឬបារី ជាអក្សរដែលមានទំហំ ៣០% ទៅជាសារដោយរូបភាពទំហំ ៥៥% ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ តទៅ។
ការផ្លាស់ប្ដូរនេះ គឺជាការអនុវត្តតាមអនុក្រឹត្យស្ដីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ដែលរាជរដ្ឋាភិបាលបានចេញកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលបណ្ដាលមកពីផលិតផលថ្នាំជក់។ ការជក់បារី នៅតាមទីសាធារណៈ ក៏នឹងត្រូវរងការផាកពិន័យពី ២ ទៅ ៥ម៉ឺនរៀល។
ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឈា ឆដាភា បញ្ជាក់នៅថ្ងៃទី៧ ខែមីនា ថា ការផាកពិន័យ គឺជាការអប់រំ និងជាការចាប់ផ្ដើមផ្លាស់ប្ដូរការយល់ដឹងរបស់សាធារណជនអំពីផលប៉ះពាល់នៃផ្សែងបារី ឬថ្នាំជក់៖ «ផ្លាស់ប្ដូរឥរិយាបថពីការជក់បារីថាជារឿងធម្មតា ជក់បារីជាអាហារផ្សែង ឱ្យទៅជាឃើញថា ការជក់បារីហ្នឹងជិតមនុស្សម្នាក់ទៀតជាអំពើមិនសមរម្យ គឺជាការមិនគោរពសិទ្ធិគេ គឺជាការដែលយើងមិនមានសុជីវធម៌។ មានតែធ្វើបែបហ្នឹងទេ ដែលអាចផ្លាស់ប្ដូរទម្លាប់សង្គមយើងទាំងមូល។ ចំណែកឯការចាប់ផាកពិន័យនេះ វាជាវិធីសាស្ត្រមួយដែលធ្វើឱ្យមនុស្សខ្លាចរអារាងចាល ដូចថា បើសិនជាយើងត្រូវគេផាកពិន័យយើងខ្មាសគេដែរ»។
ក្នុងទិសដៅកាត់បន្ថយផលប៉ះពាល់នៃផ្សែងបារី ឬថ្នាំជក់ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល ចាប់ផ្ដើមធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ស្ដីពីការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ការលើកកម្ពស់ និងការឧបត្ថម្ភផលិតផលថ្នាំជក់នៅក្នុងប្រទេសកម្ពុជា។
អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព វេជ្ជបណ្ឌិត ស៊ិន សុវណ្ណ ពន្យល់ថា ច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ ហាមឃាត់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់ទម្រង់ ទាំងផ្ទាល់ និងប្រយោល ដូចជារូបភាព ពណ៌ ស្លាកសញ្ញា និងសំឡេងជាដើម៖ «ការផ្សាយពាណិជ្ជកម្មមានជារូបភាព ចង់និយាយថា អត់មានអក្សរទេ គ្រាន់តែរូប ជាឡូហ្គោ ជាគូល័រ (ពណ៌) អាចជាអក្សរ។ អ៊ីចឹងរូបភាពក៏ចូល ជាអក្សរក៏ចូល សំឡេងក៏ចូល (សំឡេងបានន័យថា គាត់និយាយតាមទូរទស្សន៍ វិទ្យុ ចាក់ស៊ីឌី វីស៊ីឌី ជាផ្ទាំងរូបភាពក៏ចូល ផ្ទាំងប៉ាណូក៏ចូល ផ្ទាំងគំនូរ)។ ផ្ទាំងគំនូរនេះ មកពីពាក្យអង់គ្លេសថា Design ឬ Color។ គាត់ design ស្អីមួយទៅអត់ដាក់ឈ្មោះទេ ហើយមានដាក់គូល័រមក។ គាត់ដាក់គូល័រ គឺគូល័រថ្នាំជក់របស់គាត់ ដូចជាប័ណ្ណផ្សព្វផ្សាយ ហើយអាចជាក្រោមរូបភាពចល័តតាមរយៈរថយន្ត ឬមនុស្ស (មនុស្សគឺគាត់ប្រើបុគ្គលិកគាត់ចល័ត)។ អ៊ីចឹងអាហ្នឹង ច្បាប់អនុញ្ញាតឱ្យយើងមានវិធានការបានហើយ»។
ទាក់ទងនឹងផលប៉ះពាល់សុខភាពដោយសារផលិតផលថ្នាំជក់នេះដែរ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា វេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់ជាថ្មីថា នៅប្រទេសកម្ពុជា មានមនុស្ស ៣០នាក់ស្លាប់ក្នុងមួយថ្ងៃ ដោយសារជំងឺដែលបណ្ដាលមកពីថ្នាំជក់។
លោកថ្លែងទៀតថា ការហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់ ឬបារី អាចកាត់បន្ថយអត្រាស្លាប់នេះផង និងអាចបន្ថយការប្រើប្រាស់ថ្នាំជក់ផង៖ «ពីព្រោះមានភស្តុតាងច្បាស់លាស់បង្ហាញថា ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភ បង្កើនការប្រើប្រាស់ថ្នាំជក់។ រីឯការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភ កាត់បន្ថយការប្រើប្រាស់ថ្នាំជក់។ ឯកសារនេះមានចែងនៅក្នុងគោលការណ៍សម្រាប់អនុវត្តន៍មាត្រា ៨ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលត្រូវបានប្រទេសចំនួន ១៩០ ជាង រួមជាមួយប្រទេសកម្ពុជាយើងផង យើងអនុម័តឯកសារនេះរួចទៅហើយ»។
មន្ត្រីនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល ថ្លែងថា សិក្ខាសាលានៅថ្ងៃទី៧ មីនា ជាការចាប់ផ្ដើមផ្សព្វផ្សាយ ខ្លឹមសារច្បាប់ដល់អាជ្ញាធរពាក់ព័ន្ធចំនួន ៥ខេត្ត ដើម្បីត្រួតពិនិត្យថ្នាំជក់ នៅតាមមូលដ្ឋាន ហើយចាត់វិធានការផាកពិន័យ នៅពេលដែលក្រុមហ៊ុនថ្នាំជក់ណាមួយនៅតែបន្តផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ឬបារី។
ទោះជាមានការហាមឃាត់យ៉ាងនេះក្ដី ច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ មិនបានហាមឃាត់ការដាក់លក់បារីទេ។ ក៏ប៉ុន្តែ ច្បាប់អនុញ្ញាតឱ្យដាក់តាំងបង្ហាញកញ្ចប់បារីបានតែ ១កញ្ចប់ក្នុងមួយម៉ាក នៅកន្លែងលក់បារីមួយ។ សម្ភារៈដាក់តាំងកញ្ចប់បារីនោះ ត្រូវមានពណ៌ត្នោត ដែលមិនទាក់ទាញ និងមានទំហំផ្ទៃមុខមិនលើសពី ៤តឹក គុណនឹងកន្លះម៉ែត្រឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
