កម្ពុជា វៀតណាម ចិន សហការ​តាម​ដាន​មេរោគ​ផ្ដាសាយ​បក្សី​H5N1

អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា រយៈ​កាល ១០​ឆ្នាំ​កន្លង​មក​នេះ ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី បាន​សម្លាប់​មនុស្ស​ជាង ៣៧០​នាក់ ក្នុង​ពិភពលោក។ បច្ចុប្បន្ន កម្ពុជា កំពុង​តាម​ដាន និង​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ក្នុង​ប្រទេស និង​នៅ​ប្រទេស​ដទៃ​ទៀត រួម​មាន​វៀតណាម និង​ចិន។

0:00 / 0:00

លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក នៅ​កម្ពុជា មាន​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​H5N1 និង​បាន​សម្លាប់​សត្វ​មាន់ ជាង ១ម៉ឺន ៣ពាន់​ក្បាល ដែល​បាន​ឈឺ និង​កើត​ជំងឺ​នេះ។

លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា កំពុង​ពិនិត្យ​តាម​ដាន​មេរោគ​ប្រភេទ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​រួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​វៀតណាម ចិន ព្រម​ទាំង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ចាត់​វិធាន​ការ​រួម​គ្នា​ទប់ស្កាត់។

ប្រភព​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី៩ ខែ​មេសា នេះ ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​សុខាភិបាល​វៀតណាម បាន​ឲ្យ​ដឹង​ថា កុមារ​អាយុ ៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​H5N1។ នេះ​ជា​ករណី​ស្លាប់​លើក​ទី១ ហើយ តាំង​ពី​ដើម​ឆ្នាំ​២០១២ មក។ ចាប់​ពី​ឆ្នាំ​២០០៣ មក មាន​មនុស្ស​ស្លាប់ ៦២​នាក់ ក្នុង​នោះ ២​នាក់​ស្លាប់​កាល​ពី​ឆ្នាំ​២០១២ ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី​H5N1 នៅ​ក្នុង​ប្រទេស​វៀតណាម។

ចំណែក​នៅ​ក្នុង​ប្រទេស​ចិន វិញ កាល​ពី​ពេល​ថ្មីៗ​នេះ មាន​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ ក្នុង​ចំណោម​អ្នក​កើត និង​ឆ្លង​ចំនួន ២៤​នាក់ ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ប្រភេទ​H7N9។ អាជ្ញាធរ​ចិន ក៏​បាន​សម្លាប់​សត្វ​មាន់​ចំនួន​ជាង ១១​ម៉ឺន​ក្បាល​ផង​ដែរ ដែល​បាន​ឆ្លង​រាតត្បាត​ជំងឺ​មួយ​នេះ។

អាជ្ញាធរ​វៀតណាម និង​ចិន បាន​រួម​សហការ​គ្នា​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ និង​បាន​ហាមឃាត់​ការ​ធ្វើ​ជំនួញ​សត្វ​មាន់​ឆ្លង​ដែន​នៃ​ប្រទេស​ទាំង​ពីរ។

ស្ថិតិ​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​បាន​សម្លាប់​មនុស្ស​ជាង ៣៧០​នាក់ ក្នុង​ពិភពលោក ចាប់​ពី​មាន​ការ​ផ្ទុះ​នៃ​មេរោគ​H5N1 កាល​ពី ១០​ឆ្នាំ​មុន នៅ​ទ្វីប​អាស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។