ពលរដ្ឋ​នៅ​បាត់ដំបង​បើក​យុទ្ធនាការ​អប់រំ​ស្ដីពី​គ្រឿង​ស្រវឹង

គ្រឿង​ស្រវឹង​ជា​មូលហេតុ​ចម្បង​ទី​២ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​ពាន់​នាក់​ក្នុង​មួយឆ្នាំៗ និង​ខាត​បង់​ថវិកា​​អស់​ជា​ច្រើន​រយ​លាន​ដុល្លារ។

0:00 / 0:00

មនុស្ស ១៥០​នាក់​ ភាគ​ច្រើន​ជា​យុវជន និង​ព្រះសង្ឃ បាន​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ស្ដីពី​គ្រឿង​ស្រវឹង និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៣​ នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទី​រួម​ខេត្ត​បាត់ដំបង។ នៅ​ក្នុង​ក្បួន​ដង្ហែ​នោះ ពួកគេ​លើ​បដា​មាន​ខ្លឹមសារ​អប់រំ​ជា​ច្រើន​ផ្ទាំង​ ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​បាន​យល់​ដឹង​ពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង។

យុទ្ធនាការ​នេះ​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP CENTER) រួម​គ្នា​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH)។ គោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ចំពោះ​សុខភាព សិទ្ធិមនុស្ស​ ការ​អប់រំ​ សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ម្យ៉ាង​វិញ​ទៀត​មាន​ទិសដៅ​កៀរគរ​ការ​ចូល​រួម​ពី​គ្រប់​​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​ចាត់វិធានការ​ចំពោះ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។

មន្ត្រី​របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក ម៉ៃ កុសល ថ្លែង​ថា សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ប្រុស​ស្រី​មាន​ជំនឿ​ថា គ្រឿង​ស្រវឹង​ជួយ​កែ​រោគ បង្កើន​ភាព​រីករាយ បំបាត់​ទុក្ខ​ បង្កើន​ចំណង​មិត្តភាព​ ធ្វើ​ឲ្យ​បាយ​ឆ្ងាញ់​ជាដើម។

លោក​ថា ជំនឿ​នេះ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​របស់​ខ្មែរ និង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជា​ពិសេស​ក្នុង​ចំណោម​យុវជន៖ «ក្រឡេក​ទៅ​មើល​របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​​កីឡា ឆ្នាំ​២០១០ បាន​បង្ហាញ​ថា យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១០​ឆ្នាំ ទៅ ២៤​ឆ្នាំ ប្រមាណ​ជា ៩០.៧% រួម​ទាំង​ស្ត្រី​ចំនួន ៧០% បាន​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ និង​សង្គមជាតិ មិន​តែ​ប៉ុណ្ណោះ វា​ធ្វើ​ឲ្យ​ពួកគេ​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​គ្រឿង​ញៀន​​ បោះ​បង់​សាលា​រៀន ដែល​ធ្វើ​ប៉ះពាល់​ដល់​អនាគត​របស់​ពួកគេ»។

ទន្ទឹម​នឹង​ការ​កើន​ឡើង​នេះ គេ​សង្កេត​ឃើញ​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ជា​ច្រើន​ ដូច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​ចាប់​រំលោភ​សេពសន្ថវៈ ការ​បៀតបៀន​កេរខ្មាស​ទៅ​លើ​ស្ត្រី និង​កុមារ ការ​វាយតប់​គ្នា​នៅ​តាម​ទី​សាធារណៈ​ មនុស្សឃាត ​អំពើ​ចោរកម្ម ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​គ្រោះថ្នាក់​ចរាចរណ៍។

របាយការណ៍​អង្គការ​ជន​ពិការ​អន្តរជាតិ បែលហ្សិក បាន​រក​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១១​ គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា ៣១០​លាន​ដុល្លារ​ បើ​ប្រៀប​ទៅ​ឆ្នាំ​២០១០ អស់​ត្រឹម​តែ ២៧៩​លាន​ដុល្លារ និង​ឆ្នាំ​២០០៩ អស់​ត្រឹមតែ ២៤៨​លាន​ដុល្លារ។​ ក្នុង​នោះ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១១ បាន​សម្លាប់​មនុស្ស ១.៩០៥​នាក់ និង​មនុស្ស ៥.៨០៧​នាក់ បាន​រង​របួសធ្ងន់។

ការ​អប់រំ​នៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​ពុំ​ទាន់​បាន​ទូលំទូលាយ ហើយ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ការ​ខ្វះ​ចន្លោះ។ ក្រុមហ៊ុន​ឧស្សាហកម្ម​គ្រឿង​ស្រវឹង បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​កាន់​តែ​ច្រើន។ ពួកគេ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាក់ទាញ​អ្នក​ប្រើប្រាស់​តាមរយៈ​ការ​ផ្ដល់​រង្វាន់​ ការ​ប្រើ​ប្រាស់​ស្រី​ស្អាត​ដើម្បី​ផ្សព្វផ្សាយ និង​ការ​ប្រើ​សារ​បំផ្លើស​ការពិត​ ដូចជា​ថា​ ផឹក​ស្រា​ដើម្បី​កែ​រោគ ផឹក​ស្រា​ដើម្បី​បង្កើន​ចំណង​មិត្តភាព ផឹក​ស្រា​មាន​កម្លាំង​មាំមួន ផឹក​ស្រា​ដើម្បី​សុភមង្គល​គ្រួសារ​ជា​ដើម។

មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​បញ្ជក់​ថា ដើម្បី​កាត់​បន្ថយ​និង​ទប់​ស្កាត់​បញ្ហា​ទាំង​នេះ ​គេ​ត្រូវ​ពង្រឹង​​នូវ​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឲ្យ​បាន​ទូលំទូលាយ​នៅ​តាម​សហគមន៍​ និង​នៅ​តាម​សាលារៀន។ ទន្ទឹមគ្នា​នេះ​ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ឲ្យ​បាន​តឹងរ៉ឹង ហើយ​ដើម្បី​ទប់​ស្កាត់​គ្រឿង​ស្រវឹង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នោះ​ គេ​គួរ​តែ​មាន​ច្បាប់​ស្ដីពី​គ្រឿង​ស្រវឹង​ដាច់​ដោយឡែក​មួយ ដើម្បី​រឹតត្បិត​ទៅ​លើ​ការផ្សាយ​ពាណិជ្ជកម្ម ​ការ​កំណត់​អាយុ​នៃ​ការ​ប្រើប្រាស់​ ទី​កន្លែង​នៃ​ការ​លក់​ដូរ​ កំណត់​ពេលវេលា​នៃ​ការ​លក់​និង ​ដំឡើង​ពន្ធ​ទៅ​លើ​ផលិតផល​គ្រឿង​ស្រវឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។