សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ ជំរុញឲ្យអាជ្ញាធរក្រុងសំរោង គួរតែចុះទៅពិនិត្យមើលស្តង់ទទួលទិញដំឡូងមីក្រៀមមួយកន្លែងនៅក្នុងភូមិពល សង្កាត់សំរោង ថាតើវាបានធ្វើឲ្យហុយម្សៅបង្កឲ្យមានការប៉ះពាល់ទៅលើការរស់នៅរបស់ប្រជាពលរដ្ឋកម្រិតណា?
ការជំរុញនេះ ក្រោយពីប្រជាពលរដ្ឋចំនួនជាង ៣០គ្រួសារ រស់នៅជិតកន្លែងស្តង់ទិញដំឡូងមីស្ងួតនោះ កំពុងនាំគ្នាផ្ដិតមេដៃធ្វើពាក្យប្ដឹងដាក់ទៅអាជ្ញាធរ ឲ្យជួយដោះស្រាយជុំវិញការប៉ះពាល់ជាច្រើនមកលើពួកគេ។
ប្រជាពលរដ្ឋចំនួនជាង ៣០គ្រួសាររស់នៅភូមិពល នៃសង្កាត់សំរោង ខេត្តឧត្តរមានជ័យ ត្អូញត្អែរថា ស្តង់ទទួលទិញដំឡូងមីក្រៀមមួយកន្លែង កំពុងធ្វើឲ្យដី និងម្សៅដំឡូងមីស្ងួតហុយចេញជារៀងរាល់ថ្ងៃ បង្កឲ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
អ្នកភូមិជាច្រើនអះអាងប្រហាក់ប្រហែលគ្នាថា ដោយសារតែឥទ្ធិពលនៃសារធាតុហុយចេញពីស្តង់ដំឡូងមីក្រៀមនោះ ធ្វើឲ្យមនុស្សចាស់ និងកុមារជាច្រើនមានជំងឺផ្ដាសាយឥតដាច់ ហើយកុមារខ្លះមានសុខភាពធ្ងន់ធ្ងរ រហូតបញ្ជូនទៅមន្ទីរពេទ្យទៀតផង។
ស្ត្រីចំណាស់ម្នាក់នៅភូមិពល ក្នុងចំណោមអ្នកភូមិជាច្រើនទៀត គឺលោកស្រី នួន សារ៉ាយ។ លោកស្រីអះអាងថា ផ្ទះរបស់គាត់ដែលនៅជាប់របងគ្នាជាមួយនឹងស្តង់ទទួលទិញដំឡូងមីក្រៀមនោះ កំពុងរងការប៉ះពាល់ពីការហុយម្សៅដំឡូងមីជារៀងរាល់ថ្ងៃយ៉ាងធ្ងន់ធ្ងរ។
ស្ត្រីដដែលបញ្ជាក់ថា បច្ចុប្បន្ន ចៅតូចៗរបស់គាត់ជាច្រើននាក់ត្រូវឪពុកម្ដាយរបស់គេ បង្ខំឲ្យទៅលេងនៅផ្ទះអ្នកជិតខាង ពីព្រោះតែមិនអាចស៊ូទ្រាំនូវការហុយម្សៅដំឡូងមីស្ងួតនេះជារៀងរាល់ថ្ងៃបាន៖ « ឡានបើកចូលវាហុយដីនៅខាងមុខ ដល់ពេលគេកើបដំឡូងចាក់ចូលឡាននៅខាងក្រោយ គឺហុយម្សៅដំឡូងស្ងួតម្ដងទៀត។ ដកដង្ហើមមិនរួចទេ ចៅតូចៗម៉ែវាដេញឲ្យទៅរត់លេងនៅតែផ្ទះគេ »។
ស្ត្រីម្នាក់ទៀតនៅភូមិពល ដែរ លោកស្រី វ៉ែន ផុក មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ម្សៅដំឡូងមីហុយចេញពីស្តង់ទទួលទិញនោះយ៉ាងខ្លាំង ដែលធ្វើឲ្យលោកស្រីពិបាករស់នៅ។ ស្តង់ទិញដំឡូងមីស្ដុកនោះ គឺដឹកចេញយកទៅប្រទេសថៃ៖ « ខ្ញុំនៅជិតកន្លែងស្តង់ទិញដំឡូងនេះ គឺហុយរាល់តែថ្ងៃ។ ពេលហុយម្ដងៗ គឺធ្វើឲ្យកណ្ដាស់ក្អក »។
អ្នកភូមិឲ្យដឹងថា រយៈពេលជាង ៣ខែមកហើយដែលពួកគាត់ទទួលការប៉ះពាល់ពីកន្លែងស្ដុកដំឡូងមីក្រៀមនេះ។ ពួកគាត់ចំនួន ៣០គ្រួសារ បាននាំគ្នាផ្ដិតមេដៃប្ដឹងអាជ្ញាធរភូមិ-ឃុំឲ្យជួយដោះស្រាយ ក៏ប៉ុន្តែមិនឃើញមានការដោះស្រាយយ៉ាងណាទេ។
អាស៊ីសេរី មិនអាចស្វែងរកការទាក់ទងម្ចាស់ស្តង់ដំឡូងមីដែលអ្នកភូមិចោទប្រកាន់នោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី៣០ ខែមករា។
ទោះជាយ៉ាងណា ចៅសង្កាត់សំរោង លោក ចៀម តុប អះអាងថា លោកកំពុងព្យាយាមដោះស្រាយបញ្ហាដែលប៉ះពាល់ទៅលើសុខភាពសាធារណៈនោះ។ លោកចៅសង្កាត់បន្ថែមថា រហូតមកដល់ពេលនេះ គឺលោកមិនទាន់បានទទួលបណ្ដឹងពីប្រជាពលរដ្ឋជុំវិញបញ្ហាហុយចេញពីកន្លែងស្តង់ដំឡូងនោះទេ ក៏ប៉ុន្តែអាជ្ញាធរបានដឹងរឿងនោះ ហើយកំពុងតែប្រជុំគណៈបញ្ជាការឯកភាព ដើម្បីរកដំណោះស្រាយ៖ « វាហុយប៉ះពាល់ នៅពេលដែលគេកើបដំឡូងមីក្រៀមដាក់ឡានម្ដងៗ តាមពិតផ្ទះប្រជាពលរដ្ឋនៅឆ្ងាយពីកន្លែងនោះដែរ »។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ចាត់ទុកសារធាតុហុយចេញពីដំឡូងមីក្រៀមនោះ ថាអាចបង្កឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ដែលអាជ្ញាធរគួរតែដោះស្រាយជាបន្ទាន់។
អតីតគ្រូពេទ្យរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក ញាណ សារិន ពន្យល់ថា សារធាតុហុយដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ គឺវាអាចធ្វើឲ្យសុខភាពមានបញ្ហា ដូចជាកើតជំងឺផ្ដាសាយ ជំងឺផ្លូវដង្ហើម ហើយបើរយៈពេលយូរអង្វែង អាចនឹងធ្វើឲ្យអ្នកភូមិប្រឈមមុខនឹងជំងឺមហារីកសួតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
