ជំងឺ​គ្រុន​ឈីក​កើន​ឡើង​នៅ​រតនគិរី

នៅ​ដើម​រដូវ​ធ្លាក់​ភ្លៀង​ឆ្នាំ​២០១៣ នេះ ជំងឺ​គ្រុន​ឈីក (Chik) បាន​កើត​មាន​ច្រើន​ជាង​ឆ្នាំ​២០១២ ទៅ​លើ​កុមារ និង​មនុស្ស​ពេញ​វ័យ​នៅ​បណ្ដា​ស្រុក និង​ក្រុង​ក្នុង​ខេត្ត​រតនគិរី។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​យល់​ដឹង​ពី​ជំងឺ​នេះ ហើយ​មាន​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ជំងឺ​នេះ​រាតត្បាត​ធ្វើ​ឲ្យ​គ្រោះថ្នាក់​បាត់បង់​ជីវិត​ដូច​ជំងឺ​គ្រុន​ឈាម។

អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ស្រុក​ប្រតិបត្តិ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី លោក​វេជ្ជបណ្ឌិត ថា ប៊ុនថាក់ នៅ​ថ្ងៃ​ពុធ ទី១២ ខែ​មិថុនា មាន​ប្រសាសន៍​បញ្ជាក់​ថា ជំងឺ​គ្រុន​ឈីក បណ្ដាល​មក​ពី​មូល​ខ្លា​ខាំ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ដូច​ជំងឺ​គ្រុន​ឈាម​នោះ​ឡើយ។ ចំណែក​វិធាន​ការ​ទប់ស្កាត់​ជំងឺ​នេះ គឺ​ប្រជាពលរដ្ឋ​ត្រូវ​លុប​បំបាត់​ជម្រក​មូស​ខ្លា ឬ​ដាក់​ថ្នាំ​អាបែត (Abet) សម្លាប់​ដង្កូវ​ទឹក​នៅ​ក្នុង​អាង ឬ​ពាង​ស្តុក​ទឹក។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​កើត​មាន​ជំងឺ​គ្រុន​ឈីក ត្រូវ​អញ្ជើញ​ទៅ​កាន់​ប៉ុស្តិ៍​សុខភាព​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដើម្បី​ទទួល​សេវា​ព្យាបាល ឬ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន តាម​រយៈ​បរិភោគ​ទឹក ឬ​ទឹក​អូរ៉ាលីត ឲ្យ​បាន​ច្រើន ឬ​បញ្ចូល​ស៊ីរ៉ូម៖ «ប្រជាជន​យើង​មាន​ការ​បារម្ភ វា​ដូច​ជា​ចម្លែក ជួន​កាល​វា​ចេញ​កន្ទួល​ក្រហមៗ​ឈឺ​ឆ្អឹង​ឈឺ​ឆ្អែង ជួន​កាល​គាត់​ដើរ​អត់​ចង់​រួច ហើយ​ងងុយ​តែ​ដេក កុំ​ឲ្យ​ច្រឡំ​ថា​គ្រុន​ឈាម មូស​ខ្លា​ខាំ​ហ្នឹង​វា​មិន​បណ្ដាល​ឲ្យ​ទៅ​ជា​សុក ដូច​គ្រុន​ឈាម​ទេ ដូច​ជា​ផ្ដាសាយ​ដែរ តែ​ផ្ដាសាយ​វា​ហៀរសំបោរ តែ​វា​អត់​ហៀរ​ទេ ស្ងួត​តែ​ម្តង​ទន់​ជើង​ឈឺ​សន្លាក់​ស្ងួត​តាម​មាត់​តាម​បំពង់​ក»

មន្ត្រី​មន្ទីរ​សុខាភិបាល​គ្រោង​ចុះ​ដាក់​ថ្នាំ​អាបែត តាម​ពាង អាង ឬ​ថ្លុក​នៅ​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី នា​ពេល​ខាង​មុន​នេះ ដើម្បី​សម្លាប់​មូស​ខ្លា ប៉ុន្តែ​មន្ត្រី​សុខាភិបាល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​អនាម័យ​លុប​បំបាត់​ទី​មាន​ទឹក​ដក់​ទឹក​ថ្លុក និង​សម្អាត​ព្រៃ​ក្បែរ​ផ្ទះ​ជា​ជម្រក​មូល​ខ្លា និង​ជា​ពិសេស​គ្រប់​ក្រុម​គ្រួសារ ត្រូវ​ស្លៀក​សម្លៀកបំពាក់​ការពារ​កុំ​ឲ្យ​មូស​ខ្លា​ខាំ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។