ជំងឺ​គ្រុន​ឈីក​កើន​ឡើង​នៅ​ខេត្ត​តាកែវ

ជំងឺ​គ្រុន​ឈីក (CHIK) បណ្ដាល​មក​ពី​មេរោគ ឈីគុនហ្គុនយ៉ា (Chikungunya Virus = CHIKV) កំពុង​កម្រើក​ឡើង​វិញ​ហើយ​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ខណៈ​មេឃ​ចាប់​ផ្ដើម​ធ្លាក់​ភ្លៀង​នា​ដើម​រដូវ​វស្សា​ឆ្នាំ​២០១៣។

0:00 / 0:00

ទន្ទឹម​ពេល​នេះ​ដែរ មន្ត្រី​សុខាភិបាល​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​យក​អ្នក​ជំងឺ​ដែល​មាន​អាការៈ ដូចជា​គ្រុន​ក្តៅ​ខ្លាំង មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក ឈឺ​ក្បាល​ខ្លាំង ឈឺ​ចាប់​ក្នុង​សរសៃ ឈឺ​សន្លាក់​សាច់​ដុំ​ចុះ​ខ្សោយ ឈឺ​ក​ជើង ឈឺ​ក​ដៃ ហើម​ប្រអប់ និង​ម្រាម​ដៃ​ម្រាម​ជើង ជាដើម សុំ​បញ្ជូន​អ្នក​ជំងឺ​នោះ​មក​កាន់​មណ្ឌល​សុខភាព​ឲ្យ​រួសរាន់។

នាយក​រង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ និង​ជា​នាយក​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា ថ្លែង​នៅ​ថ្ងៃ​ទី២៥ មិថុនា ថា រដូវ​វស្សា​កំពុង​ចាប់​ផ្ដើម សត្វ​មូស​បាន​កើត​ច្រើន​បើ​ទោះ​បី​ជា​ក្រសួង​សុខាភិបាល កំពុង​ចែក​ថ្នាំ​អាប៊ែត (Abet) ចំនួន ១៥០​តោន ដើម្បី​សម្លាប់​មូស​ក៏ដោយ ក៏​នៅ​តែ​មាន​មនុស្ស​ទាំង​ចាស់ ទាំង​ក្មេង កើត​ជំងឺ​គ្រុន​ឈីក និង​គ្រុន​ឈាម៖ «សង្ស័យ​គ្រុន​ឈីក ក៏ដោយ សូម​មេត្តា​ប្រញាប់​មក​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​មន្ត្រី​សុខាភិបាល​ជំនាញ​របស់​យើង នៅ​តាម​មណ្ឌល​សុខភាព ឬ​ក៏​នៅ​តាម​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ជា​មន្ទីរពេទ្យ​រដ្ឋ ព្រោះ​ការ​ព្យាបាល​អត់​គិត​ថ្លៃ​ទេ។ ហើយ​បញ្ហា​មួយ​ទៀត សុំ​សំណូមពរ​ថា​ការ​ប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួន​ឯង ការ​ដាក់​សេរ៉ូម​នៅ​តាម​មន្ទីរពេទ្យ​ឯកជន គឺ​ត្រូវ​ចៀសវាង​ដាច់​ខាត ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន»

ប្រធាន​មណ្ឌល​សុខភាព​ព្រៃ​ស្បាត ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក សៀង សុផុន ថ្លែង​ថា ចាប់​ពី​ចុង​ខែ​ឧសភា មក ក្នុង​មណ្ឌល​នេះ​មាន​អ្នក​ជំងឺ​គ្រុន​ឈីក បាន​ទទួល​ព្យាបាល​សុខភាព​គ្រុន​ក្នុង​១​សប្ដាហ៍ ២០​នាក់។ លោក​ថា ជំងឺ​គ្រុន​ឈីក កើត​លើ​មនុស្ស​ចាស់​ច្រើន​ជាង​កុមារ​នៅ​ក្នុង ៣​ឃុំ នៃ​ស្រុក​ត្រាំកក់។ ប៉ុន្តែ នៅ​ឃុំ​ត្រពាំងធំ​ខាង​ជើង និង​ឃុំ​ជាងទង មាន​អ្នក​ជំងឺ​កើត​ច្រើន​ជាង​គេ៖ «ជា​មធ្យម យើង​ឲ្យ​ថ្នាំ​របស់​មណ្ឌល​សុខភាព។ តែ​អ្នក​ជំងឺ​ខ្លះ​គាត់​រហូត​ដល់​គាត់​ដើរ​មិន​រួច​អីចឹង​ទៅ គាត់​ក៏​យើង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អង្គការ»

វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា ថ្លែង​ថា ជំងឺ​គ្រុន​ឈីក កើត​ឡើង​ដោយសារ​មូស​ខ្លា​ខាំ ធ្វើ​ឲ្យ​អ្នក​ជំងឺ​គ្រុន​ក្តៅ​ពី ៣៩ ទៅ ៤០​អង្សា​សេ។ អ្នក​ជំងឺ​មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក អ្នក​ជំងឺ​អាច​ខ្សោះ​ជាតិ​ទឹក​ដោយសារ​ក្អួត ឯ​សាច់​ដុំ​ចុះ​ខ្សោយ ហើម​ប្រអប់​ដៃ​ប្រអប់​ជើង ឈឺ​សន្លាក់​ម្រាម​ដៃ​ម្រាម​ជើង ឈឺ​ក្បាល​ខ្លាំង ឈឺ​ចង្កេះ អស់​កម្លាំង​ខ្លាំង​ជាដើម។ គ្រុន​ឈីក អាច​ឲ្យ​អ្នក​ជំងឺ​ឈឺ​រយៈពេល​ពី ៥​ថ្ងៃ ទៅ ១​សប្ដាហ៍ ហើយ​ជា​ធូរ​ស្បើយ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ មិន​ទាន់​មាន​តួលេខ​អ្នក​ជំងឺ​គ្រុន​ឈីក ទូទាំង​ប្រទេស​នៅ​ឡើយ ដោយសារ​អ្នក​ជំងឺ​បាន​ទៅ​ព្យាបាល​នៅ​ផ្ទះ​គ្រូពេទ្យ​ឯកជន មិន​សម្រាក​ក្នុង​មន្ទីរពេទ្យ​រដ្ឋ ដែល​ជំងឺ​នោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ប្រកាស​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ៖ «ជំងឺ​គ្រុន​ឈីក នេះ សព្វថ្ងៃ​វា​អត់​មាន​ថ្នាំ​ព្យាបាល​ទេ វា​ជា​ប្រភេទ​វីរុស ហើយ​ក៏​អត់​ទាន់​មាន​វ៉ាក់សាំង​ដែរ ប៉ុន្តែ​យើង​ព្យាបាល​តាម​រោគ​សញ្ញា​ទេ យើង​អាច​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ បញ្ចុះ​កម្ដៅ​អីចឹង​ទៅ ហើយ​ជំងឺ​គ្រុន​ឈីក វា​អត់​មាន​តក់ស្លុត (Shock) ដូច​ជំងឺ​គ្រុន​ឈាម​ទេ។ បើ​សិន​ជា​អ្នក​ជំងឺ​ឈឺ​ក្តៅ​អី យើង​អាច​ឲ្យ​វា​ផឹក​បាន យើង​អាច​ឲ្យ​ដូច​ជា​អូរ៉ាលីត្រ​អី ឲ្យ​វា​ផឹក​អីចឹង​ទៅ ដើម្បី​ឲ្យ​បង្គ្រប់​ជាតិ​ទឹក»

លោក​វេជ្ជបណ្ឌិត​បាន​អប់រំ​ថា វិធី​បង្ការ​ជំងឺ​គ្រុន​ឈីក គឺ​ដូច​វិធី​បង្ការ​ជំងឺ​គ្រុន​ឈាម​ដែរ គឺ​លុប​ទឹក​ថ្លុក​កប់​ចោល​ទឹក​ដក់​នៅ​ក្នុង​សំបក​កង់​សំបក​កំប៉ុង ហើយ​ដុត​កម្ទេច​សំរាម​សើម កាប់​ស្លឹក​ឈើ​ស៊ុបទ្រុប​នៅ​ក្បែរ​ផ្ទះ​ឲ្យ​ស្រឡះ បោស​សំរាម​សម្អាត​ក្នុង​ផ្ទះ លាង​សម្អាត​ពាង ប៉ោត ធុង ថូផ្កា ហើយ​ត្រូវ​ដាក់​ថ្នាំ​អាប៊ែត និង​ចិញ្ចឹម​ត្រី ៧​ពណ៌​ឲ្យ​វា​ស៊ី​ដង្កូវ​ទឹក កុំ​ឲ្យ​កើត​មូស។ លោក​ថា ថ្នាំ​អាប៊ែត មាន​ប្រសិទ្ធភាព​កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ជាដើម រយៈពេល ៣​ខែ ក្នុង​ទឹក​ពាង ឬ​អាង។ ចំណែក​មនុស្ស​វិញ ទាំង​ចាស់ ទាំង​ក្មេង ត្រូវ​សម្រាក​ក្នុង​មុង ស្លៀកពាក់​ខោអាវ​ឲ្យ​ជិត និង​កុំ​ឲ្យ​កុមារ​ទៅ​លេង​នៅ​កន្លែង​ងងឹត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។