ស្ថានភាព​ជំងឺ​របស់​កុមារ​ក្រោយ​មាន​ទឹក​ជំនន់

ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មក​ដល់​ពេល​នេះ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​ហើយ ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​ការ​ខូចខាត​ជាច្រើន ជាង​នេះ​ទៅ​ទៀត ការ​លេច​ចេញ​នូវ​ជំងឺ​ឆ្លង​មួយ​ចំនួន គឺ​ជា​ចំណុច​បារម្ភ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព។

0:00 / 0:00

«សំឡេង​ក្មេង​យំ»

ប្រមាណ​ជា​មួយ​សប្ដាហ៍​មក​ហើយ ដែល​គេ​សង្កេត​ឃើញ​នៅ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ មាន​កុមារ និង​ទារក​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​យក​ពី​បណ្ដា​ខេត្ត​នានា ដើម្បី​សុំ​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​នេះ។

តាម​ការ​សាកសួរ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ភាគ​ច្រើន​មក​ពី​តំបន់​ក្នុង​ខេត្ត​ដែល​មាន​ទឹក​លិច មាន​ដូច​ជា ខេត្ត​កណ្ដាល ព្រៃវែង កំពង់ឆ្នាំង បាត់ដំបង ជាដើម។

ស្ត្រី​វ័យ​ប្រមាណ​ជាង ៤០​ឆ្នាំ​ម្នាក់​ឈ្មោះ សៀង ផា មក​ពី​ខេត្ត​កណ្ដាល បី​កូន​តូច​នៅ​នឹង​ដៃ ជាប់​នឹង​របង​ពេទ្យ ដើម្បី​រង់ចាំ​គ្រូពេទ្យ​ផ្តល់​ឱកាស​ឲ្យ​ចូល​ពិនិត្យ​ជំងឺ។ លោកស្រី​មាន​ប្រសាសន៍​ថា ក្រោយ​មាន​ទឹក​ជំនន់​កូន​ចៅ​គាត់ និង​ក្មេង​ក្នុង​ភូមិ​ដទៃ​ទៀត បាន​ឈឺ​ច្រើន​គួរ​ឲ្យ​បារម្ភ៖ «គ្រុន​ក្តៅ ៣ ទៅ ៤​នាក់ តែ​យក​មក​បាន​តែ ២​នាក់​ទេ ឈឺ​គ្រុន​ក្តៅ រាក ឈាម​ច្រមុះ...»

លោកស្រី​បន្ត​ថា ក្នុង​ចន្លោះ​មួយ​សប្ដាហ៍ គាត់​បាន​យក​កូន​មក​ពេទ្យ​នៅ​ភ្នំពេញ​នេះ​ចំនួន​ពីរ​ដង​ហើយ ហើយ​នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ ហើយ​មក​លើក​ទី​ពីរ កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ តុលា គាត់​ឃើញ​មាន​ម្តាយ​យក​កូន​តូច​មក​ច្រើន​រាប់​រយ​នាក់ និង​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ដើម្បី​មក​ពិនិត្យ និង​សុំ​ថ្នាំ​ព្យាបាល។ លោកស្រី​បញ្ជាក់​ទៀត​ថា មុន​នឹង​មក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ​នេះ គាត់​បាន​ទៅ​មណ្ឌល​សុខភាព​ភូមិ មន្ទីរពេទ្យ​បង្អែក​ខេត្ត​អស់​ចិត្ត​ហើយ ប៉ុន្តែ​ការ​ព្យាបាល​ពុំ​មាន​លទ្ធផល​អី​អាច​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ៖ «យក​ទៅ​ពេទ្យ ពេទ្យ​គេ​អត់​ប្រាប់​អី​ផង ទៅ​បី​សា​លេប​តែ​ថ្នាំ ចាក់​តែ​ថ្នាំ​អត់​បាន​បាន​យក​មក​ហ្នឹង...»

ឆ្លើយ​បន្ទរ​នឹង​ស្ត្រី សៀង ផា នៅ​ជិត​គ្នា​នោះ កុមារី លឹម ចន្ទប្រាថ្នា អាយុ ៧​ឆ្នាំ មក​ពី​ភូមិ​វិហារហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែរ​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​សាលា​រៀន​របស់​ប្អូន ក្រៅ​ពី​ជំងឺ​គ្រុន​ក្តៅ ផ្ដាសាយ រាករូស ក៏​មាន​កើត​ជំងឺ​ហើម​ភ្នែក ឬ​គេ​ហៅ​ថា​ជំងឺ​ភ្នែក​ក្រហម​ថែម​ទៀត​ផង៖ «ក្តៅ​ដល់​ពេល​ថ្ងៃ​ត្រជាក់​វិញ ហើយ​និង​ហៀរ​សំបោរ...»

បុរស​ម្នាក់​ទៀត​ឈ្មោះ ជា ជុន មក​ពី​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​តំបន់​គាត់​រស់​នៅ​ក្នុង​ឃុំ​កោះថ្កូវ ស្រុក​ជលគីរី ក៏​កំពុង​មាន​ជំងឺ​កើត​លើ​កុមារ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ នៅ​ក្រោយ​ពេល​មាន​ទឹក​ជំនន់៖ «ឈឺ​ពោះ​រាក​ពីរ​បី​ថ្ងៃ​ហើយ អត់​បាត់ អត់​ដឹង​ពី​មូលហេតុ​អី​ផង...»

ប្រជាពលរដ្ឋ​ភាគ​ច្រើន បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​ក្រុម​គ្រូពេទ្យ​ចល័ត ឬ​មាន​យុទ្ធនាការ​ពី​ក្រុម​គ្រូពេទ្យ​ចុះ​តាម​ភូមិ ដើម្បី​ព្យាបាល និង​មាន​វិធាន​ការ​ទប់ស្កាត់​បញ្ហា​ទាំង​នោះ​បាន​ភ្លាម​នោះ​ទេ។ ពលរដ្ឋ​ខ្លះ​អត់​ថវិកា អត់​មធ្យោបាយ​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ក៏​ព្យាយាម​រក​សេវា​ព្យាបាល​នៅ​មូលដ្ឋាន។ អ្នក​ខ្លះ​ទៀត ទោះ​ក្រ​ក្តី ឬ​មាន​ប្រាក់​តិចតួច ក៏​មិន​បាន​ព្យាយាម​ទៅ​រក​សេវា​ព្យាបាល​នៅ​មូលដ្ឋាន​នោះ​ដែរ ដោយសារ​មិន​ទុក​ចិត្ត​លើ​គុណភាព និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ ម្ល៉ោះ​ហើយ​ពួក​គាត់​ប្រឹង​តស៊ូ​មក​ភ្នំពេញ ជា​ពិសេស​មក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ពួក​គាត់​ជឿ​ថា ជា​ពេទ្យ​មនុស្សធម៌ និង​មាន​ប្រសិទ្ធភាព​អាច​ជឿ​ទុក​ចិត្ត​បាន។

កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។
កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។ (RFA/Sek Bandith)

ឆ្លើយ​តប​បញ្ហា​នេះ វេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា គិត​មក​ដល់​ពេល​នេះ នាយកដ្ឋាន​លោក​មិន​ទាន់​ពិនិត្យ​ឃើញ ឬ​មាន​របាយការណ៍​ថា មាន​ផ្ទុះ​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ ឬ​មាន​អ្នក​ជំងឺ​កើន​ឡើង​ខុស​ពី​ធម្មតា ដែល​អាច​ឈាន​ទៅ​ដល់​ដំណាក់​ការ​ប្រកាស​អាសន្ន​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក​ជឿ​ថា ជំងឺ​រលាក​ផ្លូវ​ដង្ហើម ផ្ដាសាយ អាច​កើត​មាន​ច្រើន​លើ​កុមារ ពីព្រោះ​រដូវ​នេះ​មាន​ធ្លាក់​ខ្យល់​ខ្លាំង និង​មាន​ទឹក​ជំនន់​ផង។ លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ចំពោះ​ជំងឺ​រាតត្បាត​ផ្សេងៗ នៅ​ក្រោយ​ទឹក​ជំនន់។ ឆ្លើយ​តប​នឹង​ក្តី​កង្វល់​នេះ ក្រសួង​ក៏​បាន​ត្រៀម​លក្ខណៈ​ទប់ទល់​មួយ​ចំនួន និង​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​នីមួយៗ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ អ៊ីចឹង​ហើយ បាន​យើង​ឲ្យ​គ្រូពេទ្យ​យើង​ត្រៀម។ ក្រោយ​ទឹក​ជំនន់ រោគ​សញ្ញា​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​គួរ​យល់​ដឹង ទី​មួយ គឺ​រាក សោះ​ជាតិ​ទឹក។ ទី​២ គ្រុន​ក្តៅ​មាន​រោគ​សញ្ញា​កន្ទួល​ក្រហម។ ទី​៣ ផ្ដាសាយ​ច្រើន នោះ​ត្រូវ​រាយការណ៍​ជា​បន្ទាន់ យើង​នឹង​បញ្ជូន​មន្ត្រី​របស់​យើង​ទៅ​ធ្វើ​ការ​ជា​បន្ទាន់...»

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អាច​រាយការណ៍​ពី​ការ​កើត​ឡើង​នៃ​ជំងឺ​ឆ្លង​ណា​មួយ ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នៃ​ក្រសួង​សុខាភិបាល ដែល​មាន​លេខ ១១៥ ទូរស័ព្ទ​ដៃ​លេខ ០១២ ៤៨ ៨៩ ៨១ និង ០៨៩ ៦៦៩ ៥៦៧ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​ហើយ នោះ​មន្ត្រី​សុខាភិបាល​នឹង​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់​តែ​ម្តង។

លោក​វេជ្ជបណ្ឌិត លី សុវណ្ណ មាន​ប្រសាសន៍​ទៀត​ថា ក្រៅ​ពី​មន្ត្រី​ប្រចាំ​ការ​នៅ​តាម​មូលដ្ឋាន និង​ទី​ទួល​សុវត្ថិភាព ដែល​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​គ្រោះ​ទឹក​ជំនន់​នោះ ក្រសួង​សុខាភិបាល បាន​ត្រៀម​មន្ត្រី​ជំនាញ​ប្រមាណ ១.៣០០​នាក់ ដើម្បី​ចេញ​ប្រតិបត្តិការ​ឆ្លើយ​តប ឬ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បើ​សិន​ជា​មាន​ផ្ទុះ​ឡើង​នៅ​តំបន់​ណា​មួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។