មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក អង្គការស្បៀងអាហារពិភពលោក និងរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា អះអាងថា ការផ្ដល់អាហារូបត្ថម្ភដល់កុមារនៅតាមជនបទ អាចផ្ដល់សារប្រយោជន៍យ៉ាងច្រើនដល់កុមារ។ ផលប្រយោជន៍ទាំងនោះរួមមាន ការកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់កុមារក្រីក្រ កាត់បន្ថយការចំណាយរបស់គ្រួសារ និងជួយឲ្យដំណើរការសិក្សារបស់កុមាររីកចម្រើនថែមទៀតផង។
ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា រួមនឹងរដ្ឋមន្ត្រីនៃក្រសួងអប់រំ បានចុះពិនិត្យលើការផ្ដល់របបអាហារពេលព្រឹកនៅសាលាបឋមសិក្សាមួយនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃ១០ មិថុនា។ ការផ្ដល់អាហារូបត្ថម្ភពេលព្រឹកដល់សិស្សានុសិស្សប្រមាណ ៤០០នាក់ នៅសាលាបឋមសិក្សាឥន្ទកុមារ គឺមានជារៀងរាល់ថ្ងៃមុនពេលដែលពួកគេនាំគ្នាចូលរៀន។
គម្រោងផ្ដល់អាហារនៅសាលាបឋមសិក្សានេះ ដែលបានចាប់ដំណើរការតាំងពីឆ្នាំ២០០២ មកនោះ ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក អង្គការស្បៀងអាហារពិភពលោក ខាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការជាដៃគូផ្សេងទៀត បានធ្វើឱ្យអត្រាបោះបង់ការសិក្សានៅតំបន់នោះអាចកាត់បន្ថយបានយ៉ាងច្រើន។ ក្នុងនោះសិស្សអាចទទួលបានអាហារជាបាយ ឬបបរ លាយសណ្ដែកលឿង ប្រេងបំប៉ន ត្រីខកំប៉ុង រួមនឹងបន្លែដែលបានដាំនៅក្នុងសួនរបស់សាលាជាដើម។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យនោះ ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក លោក ចេហ្វ ដាយហ្គល (Jeff Daigle) មានប្រសាសន៍ថា លោកតាងនាមឱ្យរដ្ឋាភិបាលអាមេរិក លោកមានការសប្បាយរីករាយក្នុងការបង្កើតកម្មវិធីនេះឡើងដោយមានការសហការពីអង្គការជាដៃគូ និងខាងរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា គោលបំណងសំខាន់ក្នុងចុះពិនិត្យនោះ គឺដើម្បីឱ្យប្រាកដថា កម្មវិធីផ្ដល់អាហារនេះដំណើរការបានល្អប្រសើរ ហើយកុមារទាំងអស់ទទួលបានអាហារូបត្ថម្ភដ៏ត្រឹមត្រូវមួយ ពីព្រោះអាហារពេលព្រឹកគឺជាអាហារដ៏មានសារសំខាន់បំផុតក្នុងមួយថ្ងៃៗ ដែលអាចធ្វើឱ្យកុមារមានសុខភាពល្អ និងមានការរៀនសូត្របានប្រសើរ៖ «ជាការពិតណាស់ ដូចលោក លោកស្រី បានដឹងហើយថា កម្មវិធីនេះគឺជាកម្មវិធីផ្ដល់អាហារពេលព្រឹកដ៏ក្តៅៗជូនកុមារ អាហារពេលព្រឹកក្តៅៗគឺជាអាហារដែលផ្ដល់សុខភាពល្អដល់កុមារ»។
លោកបន្ថែមទៀតថា គម្រោងថ្មីពេលនេះ គឺជាការឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិក បានផ្ដល់នូវទឹកប្រាក់ចំនួន ២០លានដុល្លារសម្រាប់ឆ្នាំ២០១៣ ដល់ ២០១៥ ដល់ខេត្តចំនួនបី គឺខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ លើគម្រោងចំនួនពីរ គឺគម្រោងឧបត្ថម្ភអាហារពេលព្រឹកដល់កុមារ និងកម្មវិធីផ្ដល់អនាគតដល់សាលាតាមរយៈបង្កើតឱ្យមានសួនដាំបន្លែនៅក្នុងសាលាដើម្បីបំពេញបន្ថែមនូវអាហារបំប៉នដល់កុមារ។
លោកបញ្ជាក់ថា ជាលទ្ធផល ឃើញថាការផ្ដល់អាហារូបត្ថម្ភដល់កុមារនោះ អាចធ្វើឲ្យកម្រិតនៃការចុះឈ្មោះចូលរៀនរបស់សិស្សកាន់តែច្រើនជាងមុន ហើយកម្រិតនៃការបោះបង់ការសិក្សារបស់កុមារកាន់តែថយចុះជាងសាលាដែលមិនបានផ្ដល់អាហារូបត្ថម្ភនោះ។
នាយិកាសាលាបឋមសិក្សាឥន្ទកុមារ អ្នកស្រី សែម ណុន មានប្រសាសន៍ថា ការរៀបចំអាហារពេលព្រឹកសម្រាប់កុមារនោះក៏មានបញ្ហាខ្លះចោទឡើងដែរ គឺទាក់ទងនឹងការគ្រប់គ្រងកុមារ ប៉ុន្តែអ្នកស្រីយល់ថា វាជាការល្អបំផុតសម្រាប់កុមារក្នុងការទទួលបានអាហារូបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងរបស់សិស្ស។
អ្នកស្រី សែម ណុន៖ «ជារឿងល្អ ព្រោះអីទីមួយសិស្សបានហូប ព្រោះអីវាមិនបានចំណាយលុយ អត់ពិបាកចំណាយលុយរបស់ម្ដាយឪពុកវា។ មួយទៀតវាមានសុខភាពល្អ មានការលូតលាស់ធំធាត់អីទេ។ មករៀនបានចេះចាំ ពេលវាមករៀនអ៊ីចឹងវាអត់ឃ្លាន វាអត់ចង់ទៅផ្ទះ។ វាអត់ឆ្វេងឆ្វាចទៅខាងក្រៅ»។
អ្នកស្រីបន្ថែមទៀតថា អ្នកស្រីចង់ឱ្យមានកម្មវិធីដូចនេះបន្តទៀតនៅតំបន់ផ្សេងៗ ទូទាំងប្រទេសកម្ពុជា ពីព្រោះកុមារក្រីក្រនៅកម្ពុជា កំពុងតែត្រូវការអាហារូបត្ថម្ភបែបនេះចាំបាច់សម្រាប់ពួកគាត់។ អង្ករដែលត្រូវចំណាយក្នុងសាលាឥន្ទកុមារក្នុងមួយខែអស់ប្រមាណជា ៧០០គីឡូ ទៅ ៨០០គីឡូក្រាម ចំណែកសណ្ដែកលឿងវិញ អស់ប្រមាណជាជិត ១០០គីឡូក្នុងមួយខែ។ អ្នកស្រីបញ្ជាក់ថា ការរៀបចំអាហារនោះក្នុងមួយថ្ងៃមានតែម្ដង គឺមានសម្រាប់តែពេលព្រឹកប៉ុណ្ណោះ។
តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា លោក ហ្គេនប៉េត្រូ ប៊ឌីញ៉ុណ (Gianpietro Bordignon) មានប្រសាសន៍ថា ដំណើរនៃកម្មវិធីនេះអាចជោគជ័យទៅបានគឺដោយសារមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមមានគ្រូបង្រៀន សហគមន៍ រដ្ឋាភិបាលអាមេរិក រាជរដ្ឋាភិបាលកម្ពុជា អង្គការស្បៀងអាហារពិភពលោក និងអង្គការជាដៃគូជាដើម។
លោកបន្តថា គម្រោងនឹងមានការពង្រីកនៅតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់វិស័យអប់រំ និងដើម្បីសុខុមាលភាពរបស់កុមារជំនាន់ក្រោយ៖ «ជាការពិតណាស់ កម្មវិធីរបស់យើង យើងនឹងពង្រីកទៅកាន់ទីជនបទដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា សិស្សទូទៅ សិស្សគ្រប់រូប មានលទ្ធភាពចូលរៀនបានគ្រប់គ្រាន់តាមកាល និងតាមអាយុដែលកំណត់របស់គេ»។
លោកបញ្ជាក់ថា ការទទួលបានការអប់រំប្រសើរ និងពោរពេញទៅដោយសុខភាពល្អនោះហើយ ដែលជាផ្លូវឆ្ពោះទៅរកសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដនៅកម្ពុជា។
ចំណែករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា រាយតម្លៃខ្ពស់ចំពោះជំនួយរបស់សហរដ្ឋអាមេរិក លើគម្រោងផ្ដល់អាហារូបត្ថម្ភនេះ និងលើគម្រោងផ្សេងៗទៀត។ លោកបន្តថា ខាងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០៨ គឺបានផ្ដល់ជាអង្ករចំនួន ២ពាន់តោនក្នុងមួយឆ្នាំៗ និងថវិកាមួយចំនួនលើគម្រោងនេះ ហើយបន្តទៀតរាជរដ្ឋាភិបាលកម្ពុជានឹងពិនិត្យលើកញ្ចប់ថវិកាជាតិដើម្បីពង្រីកលើគម្រោងផ្ដល់អាហារូបត្ថម្ភនេះបន្ថែមទៀត។
លោកបណ្ឌិត ហង់ ជួនណារ៉ុន៖ «ជារៀងរាល់ឆ្នាំយើងផ្ដល់ចំនួនពីរពាន់ ហើយឆ្នាំ២០១៥ យើងនឹងបន្ថែមទៀត ហើយយើងនឹងពិនិត្យឡើងវិញនូវឥណទានថវិកាដើម្បីអាចឱ្យរដ្ឋាភិបាលហ្នឹងផ្ដល់ថវិកាច្រើនជាងមុន។ ដោយសារយើងឃើញជាលទ្ធផលបានទទួលជាសមិទ្ធផលល្អ ដោយសារតែនៅតាមសាលាក្រីក្រមួយចំនួនអត្រាបោះបង់ការសិក្សាហ្នឹងធ្លាក់ដល់សូន្យ ជាពិសេសទៅទៀត សិស្សក្រីក្របានចូលរៀនបានច្រើន»។
គម្រោងលើកកម្ពស់អាហារូបត្ថម្ភកុមារនៅកម្ពុជា ដែលចាប់ផ្ដើមតាំងពីឆ្នាំ២០០១ មក គិតរហូតដល់ឆ្នាំ២០១៥ គឺខាងរដ្ឋាភិបាលអាមេរិក និងអង្គការស្បៀងអាហារពិភពលោក ចំណាយទឹកប្រាក់ប្រមាណជា ៤៧លានដុល្លារសហរដ្ឋអាមេរិក។ កម្មវិធីនេះ បានជួយដល់កុមារកម្ពុជា ប្រមាណជាង ៣លាននាក់ (បីលានបួនសែននាក់) ឱ្យបានចូលរៀន និងផ្ដល់ឱកាសឱ្យពួកគេបានបន្តការសិក្សានៅថ្នាក់មធ្យមសិក្សា។ លើសពីនេះទៀត វាក៏បានរួមចំណែកក្នុងការទទួលបានសេវាអប់រំ សន្តិសុខស្បៀង និងការកាត់បន្ថយអត្រាបោះបង់ចោលការសិក្សាជាដើម។
យោងតាមប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ក្រសួងអប់រំបង្ហាញថា អត្រាចុះឈ្មោះចូលរៀននៅស្រុកដែលគាំទ្រដោយអង្គការស្បៀងអាហារពិភពលោក កើនឡើងពី ៩៣ភាគរយ នៅឆ្នាំ២០០៧ ដល់៩៨.៦ភាគរយនៅឆ្នាំ២០១៣។ ចំណែកឯអត្រាបោះបង់ការសិក្សាវិញបានថយចុះពី ១១.៨ភាគរយ មកត្រឹមជាង ៧.៨ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។