បញ្ហានេះបណ្ដាលឲ្យប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗនៅខេត្តសៀមរាប ត្រូវប្រឈមនឹងបញ្ហា គ្រប់យ៉ាង សម្រាប់ជីវិតប្រចាំថ្ងៃ របស់ពួកគាត់។ប៉ុន្តែមន្ត្រីរដ្ឋាភិបាល បញ្ជាក់ថា គិតមកដល់ពេលនេះ គេនៅរកមិនទាន់ឃើញថាមានរោគសញ្ញា ដែលនាំមានការរំខានដល់ជីវិតមនុស្ស និង សត្វនៅឡើយទេ។
ដៃម្ខាងកាន់កង់ និងភ្នែកកំពុងសម្លឹងរំពៃមើលទឹកកំពុងតែហូរខ្មួលខ្មាញ់ បុរសដែលមានសម្បុរខ្មៅស្រអែមនិយាយថា ចាប់តាំងពីមានទឹកជំនន់មក មិនថាគ្រួសាររបស់លោក និងអ្នកភូមិផ្សេងទៀតឡើយ ពោលគឺពួកគេបានជួបផលលំបាកជាខ្លាំងទៅនឹងជីវភាពប្រចាំថ្ងៃ ព្រោះតែត្រូវទឹកជន់លិច និងពុំអាចប្រកបរបរប្រចាំថ្ងៃបាន។
មានទីលំនៅក្នុងភូមិវាល ឃុំគោកចក ស្រុកសៀមរាប លោក វន់ គា ឲ្យដឹងទៀតថា លើសពីនេះអ្វីដែលជាបញ្ហាកាន់តែធ្ងន់ធ្ងរនោះ គឺកុមារ រួមនឹងមនុស្សពេញវ័យផង កំពុងតែមានជំងឺ ជាពិសេសគឺកើតកមរមាស់ដែលបង្កដោយទឹកកខ្វក់ និងពេលខ្លះប្រើប្រាស់ទឹកមិនស្អាត ដែលបានមកពីទឹកជំនន់នេះ។
កំពុងអង្គុយលើកៅអីជ័រប៉ប្រាស់ទឹក លោកស្រី មុត សុខុម ថ្លែងថា កុមារតូចៗបានក្លាយជាអ្នករងគ្រោះជាងគេដោយជំងឺ ព្រោះពួកគេតែលេងទឹកដែលមិនស្អាត បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃ ហើយបង្កឲ្យជនលិចកន្លងទៅនេះ។
មានទីលំនៅក្នុងភូមិវាល ឃុំគោកចក នៃខេត្តសៀមរាប ដែរ លោកស្រី មុត សុខុម បញ្ជាក់ថា ក្រៅពីផលលំបាកប្រកបអាជីវកម្មហើយនោះ លើសពីនេះ ការប្រឈមទៅនឹងពុំមានបង្គន់អនាម័យប្រើប្រាស់ ក៏ជាបន្ទុកមួយផ្នែកទៀតសម្រាប់អ្នកភូមិដែរ។ លោកស្រីគិតថា ការបន្ទោបង់ដោយពុំមានប្រព័ន្ធអនាម័យត្រឹមត្រូវនេះហើយ ដែលជាផ្នែកមួយជំរុញឲ្យមានភាពងាយឆ្លងជំងឺ ពោះអ្នកប្រើប្រាស់ទឹក ដែលបានបន្តជន់លិចក្នុងពេលនេះ។
ដោយឡែក ក្រៅពីបញ្ហាកើតកមរមាស និងទឹកស៊ីជើងវិញ ក្នុងនោះប្រជាពលរដ្ឋមួយផ្នែកនៅខេត្តសៀមរាប ឲ្យដឹងថា ពួកគាត់ខ្វះប្រព័ន្ធទឹកស្អាតប្រើប្រាស់ ដោយសារត្រូវទឹកជំនន់កាត់ផ្ដាច់ ហើយអ្វីដែលជាការប្រឈមកាន់តែខ្ពស់ទៀតនោះ គឺត្រូវបាត់បង់កម្លាំងពលកម្ម។
ចំណែករបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែតុលា អ្នកស្លាប់ដោយទឹកជំនន់បានកើនឡើងចំនួន ១២២នាក់ ក្នុងនោះកុមារ ៥៥នាក់។ ទន្ទឹមនឹងនេះ ផលដំណាំកសិកម្មត្រូវទទួលរងការខូចខាតលើផ្ទៃដីសរុបចំនួន ២.៥សែនហិកតារ ក្នុងខេត្តក្រុងចំនួន ២០ នៅរាជធានីខេត្តក្រុង។ តួលេខនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ ការខូចខាតមានទំហំប្រហាក់ប្រហែលគ្នា។
លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា គិតមកដល់ពេលនេះ ផ្នែកជំនាញអន្តរក្រសួង រួមមានក្រសួងសុខាភិបាលជាដើមនៅរកមិនទាន់ឃើញពីរោគសញ្ញាដែលអាចបង្កឲ្យមានគ្រោះធ្នាក់ដល់អាយុជីវិតរបស់មនុស្ស និងសត្វនៅឡើយទេ។ លោកបន្តថា ទោះជាបែបណា អ្នកជំនាញពាក់ព័ន្ធកំពុងសិក្សាបន្ថែមទៀត ដើម្បីបម្រើសេចក្ដីត្រូវការចាំបាច់ និងសង្គ្រោះបន្ទាន់ក្នុងករណីណាមួយដល់ពលរដ្ឋនៅតាមមូលដ្ឋាន។
បើទោះជាបែបណា ទឹកជំនន់នេះហាក់លែងជាបន្ទុកសម្រាប់ពលរដ្ឋខ្លះនៅតាមសហគមន៍ដែលកំពុងទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងទៅវិញ ដោយហេតុថា កុមារតូចៗ និងមនុស្សពេញវ័យនៅឃុំគោកចក ខេត្តសៀមរាប ដែលជាទីតាំងមួយក្នុងចំណោមតំបន់ផ្សេងទៀត កំពុងត្រូវទឹកជន់លិច បាននាំគ្នាបន្តមកលេងទឹកដែលកំពុងហូរកាត់ថ្នល់យ៉ាងកកកុញទៅវិញ។ ពួកគាត់អះអាងថា គេមិនបារម្ភសោះឡើយអំពីជំងឺ និងបញ្ហាដែលបណ្ដាលឲ្យប៉ះពាល់សុខភាពនេះ។
យ៉ាងហោចណាស់មានផ្ទះរាប់ពាន់ខ្នងត្រូវទទួលរងការខូចខាត។ ចំណែកសត្វពាហនៈរាប់ពាន់ក្បាលវិញ ត្រូវគេជម្លៀសរកទីទួលសុវត្ថិភាព ជាពិសេសខេត្តនៅជាប់បឹងទន្លេសាប មានពោធិ៍សាត់ សៀមរាប កំពង់ធំ និងខេត្តបាត់ដំបង បានក្លាយជាគោលដៅនៃការវាយការប្រហារពីគ្រោះទឹកជំនន់។ លើសពីនេះ ផ្លូវជាតិ និងផ្លូវលំត្រូវខូចខាតដោយកង់ៗធ្ងន់ធ្ងរ។
លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ទុកថា គ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៣ នេះ គឺបង្កដោយទឹកភ្លៀង ព្រមទាំងប្រទេសកម្ពុជា ត្រូវទទួលរងដោយសម្ពាធពីប្រភពទឹកនៃអាងទន្លេមេគង្គថែមទៀត។ ហេតុនេះទើបជំរុញឲ្យកម្ពុជា ក្លាយជាតំបន់រងគ្រោះជាងគេដោយទឹកជំនន់ ទឹកភ្លៀងក្នុងដំណាក់កាលចុងក្រោយនេះ។
មន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល នៅមិនអាចប៉ាន់ប្រមាណបានថា ការខូចខាត និងស្ដារឡើងវិញនេះ មានទំហំទឹកប្រាក់ប៉ុណ្ណានៅឡើយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
