សាស្ត្រាចារ្យរង និងជាអនុប្រធានផ្នែកវះកាត់នៅមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ឡុង វណ្ណា ជូនដំណឹងថា ឪពុកម្ដាយដែលមានកូនឆែបមាត់ អាចពិគ្រោះនៅមន្ទីរពេទ្យផ្ទាល់រាល់ថ្ងៃសុក្រ ឬសួរព័ត៌មានអំពីសេវាវះកាត់ឥតគិតថ្លៃនេះតាមទូរស័ព្ទលេខ ០១២ ៦៦៧ ៤៣៤ និងលេខ ០១៧ ៩៨៩ ៦៩១។ ការវះកាត់នឹងធ្វើនៅអាយុ ៥ខែ។
លោកវេជ្ជបណ្ឌិត ឡុង វណ្ណា៖ «យើងដាក់កម្មវិធីដេរបិទបបូរមាត់ឱ្យគាត់នៅអាយុ ៥ខែ នៅពេលដែលគាត់បានទម្ងន់ ៥គីឡូឡើងលើ ព្រោះអីពេលហ្នឹងជាពេលវេលាដ៏ល្អសម្រាប់កុមារដែលត្រូវទទួលរងថ្នាំសន្លប់ ដើម្បីធ្វើការវះកាត់ហ្នឹង។ កុមារដែលមានឆែបបបូរមាត់ផង ឆែបក្រអូមមាត់ផង ក្រោយពីដេរបបូរមាត់ហើយ ៦ខែមកទៀត មានន័យថា អាយុ ១ខួប យើងនឹងផ្ដល់សេវាដេរក្រអូមមាត់ជូន។ ជាបន្តបន្ទាប់មកទៀត យើងនឹងប៉ះអញ្ចាញធ្មេញ ហើយនិងកែមុខមាត់គាត់ បើសិនគាត់មិនស្អាតទាំស្រុង។ កុមារជាតិយើងខ្ញុំតែងបានទទួលក្មេងដែលកើតមកឆែបហ្នឹង មកចុះឈ្មោះតាំងពីកើតបានបីបួនថ្ងៃ ដប់ថ្ងៃ ឬកន្លះខែអី ដែលគាត់ដឹង គាត់មកចុះឈ្មោះទុក ហើយយើងនឹងរៀបចំកម្មវិធីវះកាត់ឱ្យគាត់បណ្ដើរៗ»។
លោកវេជ្ជបណ្ឌិត ឡុង វណ្ណា មានប្រសាសន៍ថា បបូរមាត់ និងក្រអូមឆែបរបស់កុមារ ប៉ះពាល់ចំពោះកុមារ។ ជាពិសេស ប៉ះពាល់ដល់ការរៀននិយាយរបស់កុមារ នៅអាយុ ១ខួប។
លោកវេជ្ជបណ្ឌិតឱ្យដឹងថា កម្មវិធីវះកាត់មាត់ឆែបឥតគិតថ្លៃ មន្ទីរពេទ្យកុមារជាតិធ្វើបន្ត មិនកំណត់ចំនួន ឬពេលវេលាទេ។ មន្ទីរពេទ្យនេះបានផ្ដល់ការវះកាត់ដល់កុមារជាង ១ពាន់នាក់ហើយ ចាប់ធ្វើតាំងពីឆ្នាំ១៩៩៩ មក។ លោកឱ្យដឹងថា នៅប្រទេសកម្ពុជា មានទារកឆែបមាត់ម្នាក់ ក្នុងចំណោមទារកកើតរស់ចន្លោះពី ៥០០ ទៅ ៨០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
