ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឧត្ដរ​រិះគន់​​ចំពោះ​ការ​ផ្ដល់​សេវា​សុខភាព

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប កំពុង​ដាក់​ពាក្យ​បណ្ដឹង​​​ចោទ​ប្រកាន់​គ្រូពេទ្យ​​រដ្ឋ និង​គ្លីនិក​ព្យាបាល​ឯកជន​ខ្លះ​ថា មិន​មាន​ជំនាញ​គ្រប់គ្រាន់ ព្រម​ទាំង​មិន​យក​​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជំងឺ​ដោយ​ប្រុង​ប្រយ័ត្ន​ទេ។

ការ​ធ្វេសប្រហែស​ទាំង​នេះ បណ្ដាល​ឱ្យ​អ្នក​ទៅ​សម្រាក​ព្យាបាល និង​ស្ត្រី​សម្រាល​កូន​ខ្លះ​បាន​ទទួល​មរណភាព​ជា​បន្ត​បន្ទាប់​គ្នា​ចាប់​តាំង​ពី​ដើម​ខែ​មេសា រហូត​មក​ដល់​ពេល​នេះ។

រយៈពេល ២​ខែ​ចុង​ក្រោយ​នៃ​ដើម​ឆ្នាំ​២០១៥ នេះ ព័ត៌មាន​ដែល​និយាយ​អំពី​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ ដោយសារ​ទៅ​សម្រាក​ព្យាបាល​នៅ​តាម​គ្លីនិក​ឯកជន និង​ស្ត្រី​ដែល​សម្រាលកូន​នៅ​តាម​មន្ទីរពេទ្យ​របស់​រដ្ឋ បាន​លេច​ឮ​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ចំនួន ៣ នា​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា។ ខេត្ត​ទាំង ៣​នោះ មាន​ខេត្ត​សៀមរាប ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ដែល​មាន​ព្រំដែន​ជាប់​គ្នា​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ។

បច្ចុប្បន្ន​នេះ ក្រុម​គ្រួសារ​អ្នក​ស្លាប់​ដោយសារ​គ្លីនិក​ឯកជន​ព្យាបាល និង​ស្ត្រី​ស្លាប់​ដោយសារ​សម្រាល​កូន​ខ្លះ កំពុង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ដើម្បី​តវ៉ា​អំពី​កា​ស្លាប់​នៃ​សមាជិក​គ្រួសារ​របស់​គេ ហើយ​អ្នក​ខ្លះ​ទៀត ក៏​បាន​ធ្វើការ​រិះគន់​ទៅ​លើ​គ្រូពេទ្យ​ថា មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ច្បាស់លាស់​ជាដើម។

បុរស​ឈ្មោះ អ៊ី វិបុល គឺ​ជា​អ្នក​ភូមិ​ស្ថាពរ នៃ​សង្កាត់​កំពង់ប្រណាក ខេត្ត​ព្រះវិហារ។ លោក​អះអាង​ថា ប្រពន្ធ​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា កន្លង​ទៅ នៅ​ពេល​ដែល​សម្រាល​កូន​ទី​៥។ បុរស​ដដែល​អះអាង​ថា មុន​ពេល​សម្រាល​កូន គឺ​សុខភាព​ប្រពន្ធ​របស់​គាត់​មាំមួន​ណាស់។ ក៏ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​បែរ​ជា​ស្លាប់ បន្ទាប់​ពី​គ្រូពេទ្យ​វះ​កាត់​យក​កូន​ចេញ។

លោក អ៊ី វិបុល យល់​ថា គ្រូពេទ្យ​ពិត​ជា​ខ្វះ​ជំនាញ​ក្នុង​ការ​ជួយ​ប្រពន្ធ​របស់​គាត់​នៅ​ពេល​សម្រាលកូន​នោះ ហើយ​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ក៏ប៉ុន្តែ​មិន​មាន​អ្នក​ណា​​ជួយ​រក​យុត្តិធម៌​ឱ្យ​ទេ៖ «មនុស្ស​មិន​គួរ​ស្លាប់​ទេ ប្រពន្ធ​របស់​ខ្ញុំ​ហ្នឹង​ដើរ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួន​ឯង នៅ​ម៉ោង ៣​កន្លះ​ល្ងាច ហើយ​ម៉ោង ៧​ស្លាប់។ វា​អត់​សម​សោះ។ ចង់​និយាយ​ថា ទៅ​ដល់​ទី​១ គឺ​គ្រូពេទ្យ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ ទី​២ គឺ​ពេទ្យ​គ្មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​កូន»

នេះ​ជា​គ្រួសារ​ទី​២​ហើយ ដែល​បាន​ដាក់​ប្ដឹង​គ្រូពេទ្យ​នៅ​ខេត្ត​ព្រះវិហារ។ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា កន្លង​ទៅ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ព្រះវិហារ​ម្នាក់ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​គ្រូពេទ្យ​ខេត្ត​នេះ​ដែរ បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់​ស្លាប់​ក្នុង​ពេល​សម្រាលកូន​ដូច​គ្នា។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ រិះគន់​ថា មន្ទីរពេទ្យ​របស់​រដ្ឋ​នៅ​ខេត្ត​ព្រះវិហារ បច្ចុប្បន្ន​ដូចជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ព្យាបាល ទើប​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​ដូច​នេះ៖ «ពីព្រោះ​យើង​ឃើញ​ថា ក្នុង​ពេល​ថ្មីៗ​នេះ អ្នក​ជំងឺ​ក៏​ដូចជា​ជនរងគ្រោះ​ដែល​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​ពេល​ខ្លះ​ច្រើន​តែ​បញ្ជូន​ទៅ​ពេទ្យ​ផ្សេង​ទៀត»

​ចំណែក​នៅ​ខេត្ត​សៀមរាប​វិញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា កន្លង​ទៅ បុរស​ម្នាក់​ឈ្មោះ យុន សុធា អាយុ ៣៥​ឆ្នាំ ជា​អ្នក​ភូមិ​ក្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​ស្លាប់ បន្ទាប់​ពី​គាត់​មាន​អាការៈ​ឈឺ​ក្បាល​និង​វិល​មុខ ហើយ​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​សុខភាព​ឯកជន​មក។

ក្រុម​គ្រួសារ​របស់​បុរស​ដែល​ស្លាប់​នោះ កំពុង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​ឱ្យ​គ្លីនិក​សុខភាព​ឯកជន​នោះ ទទួល​ខុស​ត្រូវ​លើ​ការ​ព្យាបាល​មនុស្ស​បណ្ដាល​ឱ្យ​ស្លាប់​នេះ។

បញ្ហា​ដូច​គ្នា​នេះ​ដែរ នៅ​ខេត្ត​ឧត្តរមានជ័យ គឺ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ សឿន សំអាង អាយុ ២១​ឆ្នាំ នៅ​ភូមិ​គោកខ្ពស់ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា កន្លង​ទៅ នៅ​ពេល​ដែល​គាត់​សម្រាលកូន​ដំបូង​នៅ​មណ្ឌល​សុខភាព​ឃុំ​គោកខ្ពស់។

បុរស​ម្នាក់​ឈ្មោះ សែ ណន ជា​អ្នក​ភូមិ​ជាមួយ​ស្ត្រី​រងគ្រោះ បាន​អះអាង​ថា រូប​គាត់​ត្រូវ​មេឃុំ​គោកខ្ពស់ និង​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព គំរាមកំហែង បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំពី​ករណី​គ្រូពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​បណ្ដាល​ស្ត្រី​វ័យ​ក្មេង​ស្លាប់​នោះ។

លោក សែ ណន បញ្ជាក់​ថា មេឃុំ​គោកខ្ពស់ និង​គ្រូពេទ្យ​មណ្ឌល​សុខភាព បាន​ចោទ​រូប​លោក​ថា បាន​បរិហារកេរ្តិ៍ ហើយ​បាន​កោះ​ហៅ​រូប​លោក​ឱ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាឃុំ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា៖ «ខាង​ឃុំ​គេ​ហៅ​ខ្ញុំ​ទៅ គេ​ថា ខាង​មណ្ឌល​សុខភាព​គេ​ប្ដឹង​ខ្ញុំ ថា​ខ្ញុំ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​មណ្ឌល​សុខភាព​របស់​គេ។ ខ្ញុំ​អត់​បារម្ភ​ទេ ចាំ​មើល​ស្អែក​ខ្ញុំ​ទៅ​បំភ្លឺ»

ពេល​បច្ចុប្បន្ន មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ពុំ​មាន​ជំនឿ​ទៅ​លើ​មន្ទីរពេទ្យ​របស់​រដ្ឋ និង​គ្រូពេទ្យ​ខ្លះ ថា​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​យក​ចិត្ត​ទុក​ដាក់ ប្រកប​ដោយ​ក្រមសីលធម៌​ទេ។ ការ​មិន​ជឿជាក់​លើ​គ្រូពេទ្យ​ក្នុង​ស្រុក​នេះ កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ជំងឺ តែង​នាំ​គ្នា​ចាក​ចេញពី​ប្រទេស​ទៅ​ព្យាបាល​នៅ​ស្រុក​ថៃ ឬ​ក៏​ទៅ​ប្រទេស​វៀតណាម ជាដើម។

ទោះ​យ៉ាង​ណា មន្ត្រី​ក្រសួង​សុខាភិបាល នៅ​តែ​អះអាង​ថា គ្មាន​គ្រូពេទ្យ​រដ្ឋ​ណា​ម្នាក់​ហ៊ាន​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ដូច​ការ​រិះគន់​នោះ​ទេ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​កម្ពុជា លោក តែ គុយសៀង មាន​ប្រសាសន៍​ថា ការ​រិះគន់​របស់​មហាជន​លើ​គ្រូពេទ្យ​រដ្ឋ​ថា មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្យាបាល​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ។ លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ប្រទេស​អភិវឌ្ឍន៍​ដែល​មាន​សម្ភារៈ​ទំនើបៗ​សម្រាប់​ព្យាបាល​ក៏ដោយ ក៏​នៅ​តែ​មាន​មនុស្ស​ស្លាប់​ដដែល។

លោក​តែ គុយ សៀង មាន​ប្រសាសន៍​ទៀត​ថា ចំពោះ​ស្ត្រី​ស្លាប់​នៅ​ពេល​សម្រាល​កូន​វិញ គឺ​កាល​ពី​ឆ្នាំ​២០១០ មាន​អត្រា​ខ្ពស់ ដោយ ៤៦០ លើ ១០​ម៉ឺន​កំណើត។ ក៏ប៉ុន្តែ​រយៈពេល ៥​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​កាត់​បន្ថយ​ចំនួន​មាតា​ដែល​ស្លាប់​នៅ​ពេល​សម្រាក​កូន​ឱ្យ​ចុះ​មក​នៅ ១៦០ លើ ១០​ម៉ឺន​កំណើត។

ទោះ​យ៉ាង​ណា​មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​សន្យា​ថា នឹង​ស្រាវជ្រាវ​ទៅ​លើ​ករណី​ស្លាប់​របស់​ស្ត្រី​ក្នុង​ពេល​សម្រាលកូន​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ប្រសិន​បើ​មាន​បណ្ដឹង​ធ្លាក់​មក​ដល់​ដៃ​របស់​លោក៖ «ខ្ញុំ​មិន​ដឹង​ថា ចំណុច​ណា​ខ្លះ​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​ទេ ប៉ុន្តែ​បើសិនជា​ប្ដឹង​យើង​មាន​ការ​ស៊ើប​អង្កេត​ហើយ»

​មន្ត្រី​ក្រសួង​សុខាភិបាល​ពន្យល់​ថា ការ​ស្លាប់​របស់​ម្ដាយ​នៅ​ពេល​សម្រាល​កូន ពេល​ខ្លះ​មិន​អាច​បន្ទោស​គ្រូពេទ្យ​បាន​ទាំង​អស់​ទេ ដូចជា​ករណី​ដែល​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​យឺត​ពេល និង​ស្ត្រី​ជា​ម្ដាយ​មាន​អាការៈ​ខុស​ធម្មតា ដែល​ក្រុម​គ្រួសារ​មិន​ធ្លាប់​ដឹង ដូច​កើត​ជំងឺ​ឈាម​មិន​កក ហើយ​ហូរ​ឈាម​មិន​ឈប់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។