នាយកកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ចាប់ពីខែមករា ដល់ខែមីនា មានកុមារចំនួន ៨នាក់បានស្លាប់ ក្នុងចំណោមអ្នកកើតជំងឺគ្រុនឈាម សរុប ១.៥០០ករណី ដែលភាគច្រើនមានអាយុចន្លោះពី ៥ឆ្នាំ ដល់ ១៤ឆ្នាំ៖ «បាទ! នៅឆ្នាំនេះ យើងឃើញថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ យើងឃើញមានករណីសរុប ១៤៨៩។ ករណីដែលទទួលបានសេវាព្យាបាលសាធារណៈរបស់យើងនេះ ហើយក្នុងនោះមានកុមារ ៨នាក់បានស្លាប់បាត់បង់ជីវិត។ ហើយតួលេខនេះ បើយើងប្រៀបធៀបឆ្នាំ២០១២ ឆ្នាំកន្លងទៅហ្នឹង យើងឃើញថាមានការកើនឡើង រយៈពេលនោះគឺថាមានត្រឹម ១៣៦៥ករណី ស្លាប់ ៨នាក់។ យើងបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ ប៉ុន្តែ ដែលជាប្រការសំខាន់នោះ យើងចង់សង្កត់ធ្ងន់ការចូលរួមចំណែករបស់បងប្អូនជនរួមជាតិនោះណា!»។
លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា បានមានប្រសាសន៍បញ្ជាក់ថា ករណីគ្រុនឈាមច្រើនកើនឡើងទៅតាមទីជនបទ ដែលបណ្ដាលមកពីបញ្ហាខ្វះអនាម័យ។
លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ និងក្រុមគ្រួសារ ត្រូវតែគេងសម្រាកក្នុងម៉ុង និងរក្សាបរិស្ថានឲ្យបានស្អាតល្អ កុំឲ្យមានទឹកថ្លុកដក់ ដែលជាហេតុនាំឲ្យកើតមូសខ្លា៖ «ការពិតទៅ គឺវាកើតនៅមូលដ្ឋាន វាបណ្ដាលមកអំពីកង្វះអនាម័យនៅតាមផ្ទះបងប្អូនប្រជាជន បើយើងដែលជាពិសេស យើងហៅថាជម្រកមូសខ្លា មានភាពពាសវាលពាសកាលនៅតាមផ្ទះរបស់គាត់ហ្នឹងតែម្ដង អីចឹងការចូលរួមរបស់បងប្អូនប្រជាជនហ្នឹង គឺថាជាកត្តាមួយសំខាន់ណាស់។ ដោយឡែក ក្រសួងសុខាភិបាលនេះ មានតួនាទីផ្ដល់នូវចំណេះដឹង ផ្ដល់នូវវិធានការមួយចំនួន ដើម្បីការពារទប់ស្កាត់ការរាតត្បាតនោះ ប៉ុន្តែ ដោយឡែក កាតព្វកិច្ចចាំបាច់គឺបងប្អូនជនរួមជាតិរបស់យើងដែលគាត់ត្រូវតែធ្វើ ដែលគាត់ត្រូវយល់ថាកាតព្វកិច្ចរបស់គាត់ផ្ទាល់»។
នៅទន្ទឹមនេះ លោកក៏បានជំរុញឲ្យមាតាបិតា ត្រូវតាមដានពិនិត្យរោគសញ្ញារបស់កូនដែលឈឺ ក្នុងនោះរួមមាន ឈឺក្បាល ក្តៅខ្លួន ក្អួត ចេញកន្ទួលក្រហមលើស្បែក អស់កម្លាំង ឈឺសាច់ដុំ និងឈឺសន្លាក់ដៃជើង ហើយមាតាបិតាត្រូវតែយកកូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
