កីឡាករប្រដាល់ និងមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអារម្មណ៍រីករាយនៅគ្រាអាជីពប្រដាល់របស់ពួកគេមានវិស័យឯកជនជួយទំនុកបម្រុងពេលជួបគ្រោះថ្នាក់នៅលើសង្វៀនប្រកួត។
«ភ្លេងប្រគំកីឡាប្រដាល់»
ក្រុមកីឡាប្រដាល់ បានឲ្យដឹងពីអារម្មណ៍រីករាយ នៅពេលសម្រាកពីការប្រកួតនៅសង្វៀនរបស់ស្ថានីយទូរទស្សន៍ ស៊ី.ធី.អិន (CTN) ទូរទស្សន៍ បាយ័ន ថាពួកគេលែងខ្វល់ខ្វាយ ឬឈប់បារម្ភលើបញ្ហាខ្វះថវិកាព្យាបាលធ្មេញបាក់ ឬបាក់ថ្គាមទៀតហើយ ព្រោះមានមន្ទីរព្យាបាលធ្មេញ ហង្សនាគ បានធានាព្យាបាលជូនពួកគេដោយមិនគិតថ្លៃ។
កីឡាក្បាច់គុនបុរាណខ្មែរ សេន ប៊ុនថេន មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងជាអ្នកទទួលខ្សែក្រវាត់ថ្នាក់អាស៊ី-អឺរ៉ុប ប្រភេទ ៧២គីឡូក្រាម ពីប្រទេសបារាំង បានបង្ហាញអារម្មណ៍រីករាយថា រូបគេលែងព្រួយបារម្ភរកថវិកាសម្រាប់ព្យាបាលមាត់ ឬធ្មេញ ពេលជួបគ្រោះថ្នាក់នៅលើសង្វៀនទៀតទេ។ ប៊ុនថេន ឲ្យដឹងថា រូបគេមុនពេលចេញប្រកួត ទោះក្នុង ឬក្រៅស្រុកក្តី ត្រូវបានគ្រូពេទ្យនៅមន្ទីរព្យាបាលធ្មេញ ហង្សនាគ ពិនិត្យសុខភាពមាត់ធ្មេញដោយយកចិត្តទុកដាក់។
សេន ប៊ុនថេន ស្ថិតក្នុងចំណោមកីឡាករផ្សេងទៀត បានស្នើឲ្យវិស័យឯកជនចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់របស់កម្ពុជា ឲ្យបានច្រើនជាងនេះថែមទៀត ព្រោះនេះជាការលើកទឹកចិត្តដ៏សំខាន់ដល់កីឡាករ៖ «ចង់ឲ្យវិស័យឯកជនផ្សេងៗទៀតជួយមន្ទីរព្យាបាលធ្មេញហង្សនាគ ល្អណាស់។ ក្នុងនាមជាកីឡាប្រដាល់មួយរូប ខ្ញុំក៏សូមអំពាវនាវដល់សប្បុរសជនដែលស្នេហាវិស័យកីឡាទាំងអស់ដូចជាលោក តាំង ណាំស្រ៊ុន ជាដើម គាត់បានជួយដល់កីឡាករជាច្រើន ដើម្បីឲ្យកីឡាប្រដាល់យើងរីកចម្រើនទៅមុខទៀត។ ឥឡូវគេកំពុងស្គាល់ក្បាច់គុនខ្មែរយើងច្រើនណាស់នៅបរទេស»។
គ្រូបង្ហាត់ប្រដាល់ក្លឹបបក្សីស្លាបដែក លោក សួន ប៊ុនសូត្រ និងលោក ឡុង សាលវ័ន្ត គ្រូបង្វឹកក្លឹបប្រដាល់ឡុងសាលវ័ន្តកីឡា បានសាទរមន្ទីរព្យាបាលធ្មេញ ហង្សនាគ ដែលបានជួយទំនុកបម្រុងដល់កីឡាករ។ គ្រូប្រដាល់ក្បាច់គុនបុរាណខ្មែររូបនេះ ឲ្យដឹងថា សិស្សគុនរបស់គាត់ដែលមានបញ្ហាធ្មេញពេលប្រកួតនៅលើសង្វៀនប៉ុន្មានសប្ដាហ៍មកនេះ ត្រូវបានគ្រូពេទ្យមន្ទីរព្យាបាលធ្មេញ ហង្សនាគ ជួយព្យាបាលមិនគិតថ្លៃ។
លោកចាត់ទុកថា ការព្យាបាលមាត់ធ្មេញដល់កីឡាប្រដាល់មិនគិតប្រាក់ គឺជាការជួយជំរុញវិស័យកីឡាប្រដាល់កម្ពុជា ឲ្យរីកចម្រើនថែមទៀត។
ទាក់ទិនបញ្ហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកោតសរសើរចំពោះការចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់ តាមរយៈទទួលពិនិត្យ និងព្យាបាលមាត់ធ្មេញជូនកីឡាករមិនគិតថ្លៃ។ លោកបន្តថា ការជួយទំនុកបម្រុងរបស់វិស័យឯកជនទៅលើកីឡាករ ឬវិស័យកីឡា ជាការលើកទឹកចិត្តឲ្យកីឡាករខំប្រឹងហ្វឹកហាត់ និងចាប់យកអាជីពនេះកាន់តែច្រើន។
បន្ថែមលើនេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា បើវិស័យកីឡារីកចម្រើន នឹងជួយឲ្យប្រទេសកម្ពុជា មានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ និងអាចនាំឲ្យអ្នកទេសចរបរទេសចូលមកទស្សនាកម្ពុជា បានកាន់តែច្រើន៖ «សម្អាតមាត់ធ្មេញនេះជាសំខាន់ណាស់សម្រាប់កីឡាករកីឡាការិនី ដែលមិនដែលសម្អាតសោះ។ បើមិនដែលសម្អាតសោះ វាធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពរបស់កីឡាករ។ ហើយសំខាន់បំផុត គឺផ្លូវដង្ហើម ពីព្រោះកីឡាករត្រូវការផ្លូវដង្ហើមល្អ។ កាលណាហ្វឹកហាត់ខ្លាំងទៅ កាលណាផ្លូវដង្ហើមយើងមានទាក់ មានធំមាត់មានអី គឺហាត់ជាមួយគ្នាអត់កើតទេ ជាពិសេសរឿងក្លិនមាត់តែម្តង»។
លោកបន្តថា វិស័យកីឡាប្រដាល់កម្ពុជា មានការរីកចម្រើនដូចសព្វថ្ងៃនេះ ដោយសារមានការចូលរួមពីវិស័យឯកជនចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ ហើយលោកស្នើឲ្យវិស័យឯកជនចូលរួមលើកស្ទួយវិស័យកីឡាឲ្យរីកចម្រើនបានច្រើនថែមទៀត។
អគ្គនាយកមន្ទីរព្យាបាលធ្មេញ ហង្សនាគ លោក តាំង ណាំស្រ៊ុន មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជំរុញឲ្យវិស័យកីឡាកម្ពុជា រីកចម្រើន មន្ទីរព្យាបាលធ្មេញ ហង្សនាគ បានចុះអនុសារណៈយោគយល់គ្នា ឬហៅថា អឹម.អូ.យូ (MOU) ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធានាជួយពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញជូនកីឡាករគ្រប់ប្រភេទ ដែលជួបគ្រោះថ្នាក់ពេលប្រកួតដោយមិនគិតប្រាក់។
លោកបន្តថា សម្រាប់កីឡាករកីឡាការិនីដែលត្រូវចេញទៅប្រកួតនៅក្រៅប្រទេស ក៏ត្រូវមន្ទីរព្យាបាលធ្មេញ ហង្សនាគ ពិនិត្យមាត់ធ្មេញបានដិតដល់ មុនចេញទៅប្រកួត៖ «វិស័យកីឡា គឺយើងតែងតែស្រឡាញ់ និងគាំទ្រដល់វិស័យកីឡា។ ដូច្នេះ ខ្ញុំមើលឃើញថា សព្វថ្ងៃនេះកីឡារបស់យើងនៅមានការខ្វះខាតក្នុងផ្នែកសុខភាពមាត់ធ្មេញ។ ពេទ្យរដ្ឋសព្វថ្ងៃមានហើយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់សម្រាប់ផ្តល់ជូនដល់វិស័យកីឡា។ ដូច្នេះ ខ្ញុំជាវិស័យឯកជន ក៏អាចចូលរួម និងរួមចំណែកជួយដល់ផ្នែកសុខភាពមាត់ធ្មេញនេះដែរ។ ខ្ញុំមើលឃើញទាំងអស់នេះ រួមទាំងការស្រឡាញ់ពេញចិត្តគាំទ្រដល់កីឡា។ ទាំងអស់នោះហើយទើបខ្ញុំបង្កើតឲ្យមានកម្មវិធីនេះឡើង»។
មន្ទីរព្យាបាលធ្មេញ ហង្សនាគ ដែលទទួលពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញជូនកីឡាប្រដាល់មិនគិតថ្លៃ មានពីរទីតាំង គឺទីតាំងទី១ នៅតាមផ្លូវកម្ពុជាក្រោម ក្បែរស្តុបដេអិន និងទីតាំងទី២ នៅក្បែរផ្សារអូរឫស្សី រាជធានីភ្នំពេញ។ មន្ទីរពេទ្យធ្មេញនេះបានចុះអនុសារណៈយោគយល់គ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលពិនិត្យ និងព្យាបាលមាត់ធ្មេញជូនកីឡាករកីឡាការិនី ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
