អាជ្ញាធរស្រុកស្នួល ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគសាច់ឆ្កែ បន្ទាប់ពីចំនួនអ្នកស្លាប់កើនឡើង ៥នាក់ និងបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកស្នួល ជាង ៤០នាក់ទៀត។ អាជ្ញាធរប្រកាសបែបនេះ បន្ទាប់ពីមន្ត្រីជំនាញ បានសន្និដ្ឋានជាបឋមថា មនុស្សស្លាប់ និងកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យនេះ បណ្ដាលមកពីអ្នកភូមិបរិភោគសាច់ឆ្កែមានសារធាតុពុល អំឡុងពេលពួកគេបានពិសាកំដររោងបុណ្យ។
អាជ្ញាធរស្រុកស្នួល ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ថា អាជ្ញាធរ និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល កំពុងអង្កេតពីមូលហេតុបណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតពុល។
អធិការស្រុកស្នួល លោក ចាន់ សុខគីង កត់សម្គាល់ថា កាលពីថ្ងៃទី៦ ធ្នូ អ្នកភូមិម្នាក់បានទិញឆ្កែមួយក្បាល ដែលគេបំពុលឲ្យស្លាប់មកបរិភោគ។ បន្ទាប់ពីបរិភោគរួច ពលរដ្ឋមានអាការៈចុកពោះ ក្អួត និងវិលមុខ។ លោកថា បន្ទាប់ពីមានបុរសម្នាក់ស្លាប់ ដែលការស្លាប់នេះ អ្នកភូមិនៅមិនទាន់ដឹងពីមូលហេតុបណ្ដាលមកពីអ្វីនោះឡើយ។ គ្រួសារបុរសដែលស្លាប់ បានយកសាច់ឆ្កែដដែលឲ្យភ្ញៀវដែលចូលរួមពិធីបុណ្យសពបុរសនោះ បរិភោគទៀត ក៏បង្កឲ្យអ្នកភូមិពីរនាក់ទៀតពុលស្លាប់ និងជាច្រើននាក់មានអាការៈមិនប្រក្រតី។ លោកថា នគរបាលកំពុងស្រាវជ្រាវ និងធ្វើកោសល្យវិច័យសាច់ឆ្កែដែលគេបំពុលស្លាប់ និងស្រាក្នុងពិធីបុណ្យសពមួយនេះ ឋិតនៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល៖ «ពាក់ព័ន្ធនឹងបញ្ហាហ្នឹង ក្រោយពីយើងសង្ស័យលើម្ហូប និងស្រាហ្នឹង យើងក៏បានវេចខ្ចប់ម្ហូបដែលនៅសល់ និងស្រាដែលនៅសល់ហ្នឹង បានបញ្ជូនទៅមន្ទីរសុខាភិបាលខេត្តហើយ ដើម្បីឲ្យជំនាញគាត់ពិសោធ និងធ្វើកោសល្យវិច័យរកមូលហេតុ»។
ការពុលសាច់ឆ្កែនេះ ធ្វើឲ្យអ្នកភូមិស្លាប់ជាបន្តបន្ទាប់រហូតដល់ល្ងាចថ្ងៃទី៨ ខែធ្នូ មានពលរដ្ឋ ៥នាក់ហើយបានស្លាប់។ ចំនួនពលរដ្ឋដែលមានអាការៈមិនប្រក្រតី ៤៣នាក់ បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកស្នួល។ បន្ទាប់ពីការព្យាបាលអ្នកភូមិទាំងនោះ បានវិលត្រឡប់មកគេហដ្ឋានវិញជាបណ្ដើរៗ។ នគរបាលស្រុកស្នួល នៅមិនទាន់ជូនដំណឹងដល់គ្រួសារជនរងគ្រោះ អំពីលទ្ធផលនៃការស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ពីមូលហេតុនៃការស្លាប់ និងជាច្រើននាក់កំពុងសង្គ្រោះ ថាបណ្ដាលមកពីមូលហេតុអ្វីឲ្យប្រាកដនោះទេ បើក្រៅពីការសង្ស័យថា មកពីពុលសាច់ឆ្កែនោះ។
អភិបាលស្រុកស្នួល លោក គង់ គឹមនី កត់សម្គាល់ថា អាការៈនៃអ្នកជំងឺដែលស្លាប់ចំនួន ៥នាក់ បន្ទាប់ពីបរិភោគសាច់ឆ្កែ មានសភាពបែកពពុះមាត់ និងចុកពោះ ហាក់បីដូចជាត្រូវថ្នាំពុល។ លោកថា អ្នកភូមិពីរនាក់ស្លាប់ជាបន្តទៀតកាលពីយប់ថ្ងៃទី៧ ខែធ្នូ ដោយសារតែពួកគាត់មិនមកព្យាបាលនៅមណ្ឌលសុខភាពស្រុកស្នួល។ លោកបន្តថា អាជ្ញាធរស្រុកបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមផ្សព្វផ្សាយករណីនេះដល់អ្នកភូមិ ឲ្យប្រុងប្រយ័ត្នបរិភោគសាច់ឆ្កែដែលគេបំពុល ដើម្បីទប់ស្កាត់កុំឲ្យករណីនេះកើតឡើងជាថ្មីទៀត។ លោកថា អាជ្ញាធរបានជូនដំណឹងដល់អ្នកដែលចូលរួមកំដរបុណ្យសពទាំងអស់ មកពិនិត្យសុខភាពនៅមណ្ឌលសុខភាពស្រុកស្នួល ជាកំហិត៖ «ឲ្យប៉ូលិសប្រកាសតាមភូមិ ក៏ដូចជាប្រកាសអាសន្ន ឲ្យពលរដ្ឋដែលចូលរួមពិធីបុណ្យមកពេទ្យ។ ទោះជាមានអាការៈវិលមុខបន្តិចបន្តួចក៏ត្រូវមកពេទ្យដែរ»។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខេត្តក្រចេះ លោក ឌិន ខន្នី ស្នើឲ្យអាជ្ញាធរ និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ស្រាវជ្រាវពីឫសគល់ និងផ្សព្វផ្សាយពីលទ្ធផលនៃការរកឃើញពីមូលហេតុឲ្យជាក់លាក់ទាក់ទិនករណីនេះ ជាពិសេសគ្រួសារជនរងគ្រោះ ដើម្បីជាសញ្ញាបង្ហាញពីការប្រុងប្រយ័ត្ន ចៀសវាងកុំឲ្យកើតមានបាតុភាពនេះជាថ្មីទៀត៖ «អាជ្ញាធរគ្រាន់តែសន្និដ្ឋានទេ តែយើងចង់ឲ្យច្បាស់ថាអាហ្នឹងមកពីស្អី»។
ករណីពុលស្លាប់ និងជាច្រើននាក់មានអាការៈមិនប្រក្រតីនៅខេត្តក្រចេះ កើតមានជាលើកទីពីរហើយ។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ពលរដ្ឋរស់នៅភូមិចារថ្នោល ឃុំសំបូរ នៃស្រុកសំបូរ ចំនួន ២នាក់ស្លាប់ និងជាង ៣០នាក់ផ្សេងទៀតបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកសំបូរ ដោយសង្ស័យថា ពលរដ្ឋទាំងនោះពុលស្រាស អំឡុងពេលពួកគាត់បានពិសាកំដរបុណ្យក្នុងភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
