ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បារម្ភ​ពី​កង្វះ​ជំនួយ​ខណៈ​ក្មេង​ចូល​សម្រាក​មន្ទីរពេទ្យ​កើន​ឡើង

0:00 / 0:00

ក្នុង​អំឡុង​ពេញ​មួយ​ខែ​កក្កដា ឆ្នាំ​២០១៥ នេះ ចំនួន​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ច្រើន​ជាង​ខែ​កក្កដា ឆ្នាំ​២០១៤ គឺ​កើន​ឡើង​ដល់​ទៅ ៣០%។

បញ្ហា​នេះ​ជា​ក្ដី​កង្វល់​ដល់​ស្ថិរភាព​មន្ទីរពេទ្យ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​បន្ថែម​ ដើម្បីឲ្យ​មន្ទីរពេទ្យ​នេះ​អាច​បន្ត​ដំណើរការ​ត​ទៅ​មុខ​ទៀត សម្រាប់​ការងារ​មនុស្សធម៌​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​កុមារ​ក្រីក្រ។

ប្រធាន​និង​ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ រួម​ទាំង​រដ្ឋាភិបាល​ប្រទេស​ស្វីស និង​រដ្ឋាភិបាល​កម្ពុជា ជា​ថ្មី​ទៀត ឲ្យ​ចាប់​អារម្មណ៍​នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ ស្រប​ពេល​ដែល​លោក​អាច​នឹង​អស់​លទ្ធភាព​ស្វែង​រក​លុយ​សម្រាប់​ផ្គត់ផ្គង់​មន្ទីរពេទ្យ​នេះ។

ប្រធាន​និង​ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner) បាន​សរសេរ​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​លោក​ថា ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៥ មាន​កុមារ​ឈឺ​ធ្ងន់ៗ​ចំនួន​ជិត ១៤.០០០​នាក់ បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ។ ក្នុង​ករណី​កុមារ​ទាំង​នោះ មាន​កុមារ​ឈឺ​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​គ្រុនឈាម​ជាង ២.០០០​នាក់ ដែល​កើន​ជាង​ខែ​កក្កដា ឆ្នាំ​២០១៤ ដល់​ទៅ​ជាង ១​ពាន់​នាក់ ស្មើ​ជាង ៣០%។

លោក​អំពាវនាវ​ថា នេះ​ជា​រឿង​ពិត ដែល​លោក​ព្រួយ​បារម្ភ​នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ​ដែល​នឹង​មក​ដល់ នៅ​ពេល​ដែល​លោក​នឹង​ពុំ​អាច​រក​លុយ​បាន ៨៥% នៃ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​ត​ទៅ​ទៀត​បាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ពលរដ្ឋ​រស់​នៅ​សង្កាត់​ទួលសង្កែ អ្នកស្រី តាំង សុធា ដែល​មាន​កូន​កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ថ្លែង​ថា គាត់​អរគុណ​មន្ទីរពេទ្យ​នេះ​ដែល​បាន​ជួយ​សង្គ្រោះ​កូន​គាត់​ស្រប​ពេល​ដែល​អ្នកស្រី​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេង៖ «បារម្ភ​ថា បើ​សិន​ជា​ថ្ងៃ​ក្រោយ​ទៅ​អត់ អ្នក​ជំនួយ​គេ​ត្រូវ​បិទ​ពេទ្យ​គន្ធបុប្ផា​នេះ ប្រជាជន​ខ្មែរ​យើង​ដែល​មាន​កូន​តូចៗ​ធ្វើ​ម៉េច​ទៅ?»

មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​ស្គាល់​ថា ជា​មន្ទីរពេទ្យ​ដែល​យកចិត្ត​ទុក​ដាក់​លើ​ជីវិត​កុមារ​ជា​ធំ និង​ព្យាបាល​ជំងឺ​មាន​ប្រសិទ្ធភាព​ដោយ​មិន​យក​ថ្លៃ​សេវា​ព្យាបាល។

ជា​រៀងរាល់​ថ្ងៃ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិសទី​យក​កូនចៅ​ទៅ​តម្រៀប​ជា​ជួរ ដោយ​ចាប់​លេខ​បាន​ចូល​សម្រាក​ព្យាបាល និង​យក​ថ្នាំ​ពី​មន្ទីរពេទ្យ​នេះ។

ក្រៅ​ពី​បង្ហាញ​ចំនួន​កើន​ឡើង​នៃ​អ្នក​ជំងឺ​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ។ កន្លង​ទៅ​លោក​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ ធ្លាប់​សរសេរ​រិះគន់​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (Facebook) បុក​របស់​លោក​ដោយ​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​កម្ពុជា​ខ្លះ​មាន​ខ្លាំង​ម្ល៉េះ រហូត​ដល់​ទិញ​រថយន្ត រ៉លរ៉យ និង ប៊ី.អឹម.ដាប់ប៊ែលយូ (Rolls Royce and BMW) នៅ​ខណៈ​រូប​លោក​កំពុង​ព្យាយាម​រក​ប្រាក់​ដោយ​លំបាក ដើម្បី​ជួយ​ព្យាបាល​អ្នក​ជំងឺ​កម្ពុជា នៅ​ក្នុង​មន្ទីរពេទ្យ។

របាយការណ៍​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​ថា នៅ​ខែ​កក្កដា ឆ្នាំ​២០១៥ មាន​កុមារ​ឈឺ​ជិត ៧​ម៉ឺន​នាក់ បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ខាង​ក្រៅ។ មាន​ការ​វះកាត់​ទូទៅ​ជិត ២​ម៉ឺន​នាក់។

ឆ្នាំ​២០១៥ ថវិកា​ចំណាយ​មន្ទីរពេទ្យ​មាន​ចំនួន ៤៣​លាន​ដុល្លារ​អាមេរិក។

មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៩២ មក។ រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ជំនួយ​ទឹកប្រាក់​ចំនួន ២​លាន​ដុល្លារ និង​រដ្ឋាភិបាល​ប្រទេស​ស្វីស (Switzerland) ចំនួន ៣​លាន​ដុល្លារ​ក្រៅ​ពី​នោះ​ប្រធាន​មន្ទីរពេទ្យ គឺ​លោក ប៊េត រីច្ឆនឺរ ជនជាតិ​ស្វីស ជា​អ្នក​ស្វែង​រក​ថវិកា​ពី​សប្បុរស​ជន តាម​រយៈ​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ផ្ទាល់​ខ្លួន​របស់​លោក​ដើម្បី​ទ្រទ្រង់​នូវ​ការ​ចំណាយ​សម្រាប់​មន្ទីរពេទ្យ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។