ជន​ពិការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ

ដោយ សិរី មុនី
2015.04.28
សិក្ខាសាលា​ជន​ពិការ ៦២០ ជន​ពិការ​ដោយ​គ​ថ្លង់ និង​អវយវៈ​ផ្សេង​ចូលរួម​សិក្ខាសាលា​ថ្នាក់​ជាតិ នា​រាជធានី​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Sireymuny

តំណាង​អង្គការ​ជន​ពិការ​ចំនួន ៥៧ មក​ពី​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស បាន​ចូលរួម​ពិភាក្សា​ឈ្វេង​យល់​ពី​កង្វល់ និង​ផល​វិបាក​ផ្សេងៗ​ដែល​ជន​ពិការ​កំពុង​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន។

កង្វល់​ជាច្រើន​ត្រូវ​បាន​ពួក​គាត់​លើក​ឡើង​ក្នុង​សិក្ខា​សាលា​ស្ដីពី «យន្តការ​បណ្ដឹង» ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ កង្វល់​ទាំង​នោះ​មាន​ដូចជា ការ​ខ្មាសអៀន​នៅ​ក្នុង​សង្គម ការ​រើសអើង​របស់​សង្គម និង​ជាពិសេស​ផល​វិបាក​នៃ​ការ​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ពី​មន្ទីរពេទ្យ​រដ្ឋ ពេទ្យ​ឯកជន ដែល​ពួក​គាត់​បាន​អះអាង​ថា គ្រូពេទ្យ​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់។

តំណាង​អង្គការ​ជន​ពិការ​ចំនួន ៥៧ មក​ពី​គ្រប់​ខេត្ត​ក្រុង​បាន​លើក​ឡើង​ថា ជន​ពិការ​មាន​ឧបសគ្គ​ជាច្រើន​រស់នៅ​ក្នុង​សង្គម ពិសេស​នៅ​ពេល​មាន​ជំងឺ​ម្ដងៗ ដោយ​ពួក​គាត់​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុគ្រោះ​លើ​ថ្លៃ​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​រដ្ឋ។

នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេសា តំណាង​អង្គការ​ជន​ពិការ​បាន​លើក​ឡើង​នូវ​ក្តី​បារម្ភ​ផ្សេងៗ ដូចជា​ការ​មិន​ធ្វើ​ជម្រាល​នៅ​តាម​មន្ទីរពេទ្យ បន្ទប់​ទឹក​សាធារណៈ សាលា​រៀន ស្ថាប័ន​រដ្ឋ មិន​មាន​ឈ្មោះ​បោះ​ឆ្នោត ការ​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ឥត​គិត​ថ្លៃ។ល។

កញ្ញា ជាតិ សុខា នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ពិការ​ខួរ​ឆ្អឹង​ខ្នង​កម្ពុជា នៅ​ខេត្ត​បាត់ដំបង បាន​លើក​ឡើង​ថា ការ​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ផ្នែក​ជំងឺ​ឆ្អឹង​ខ្នង គឺ​ពិត​ជា​លំបាក។ ជាទូទៅ​នៅ​ពេល​មាន​ជំងឺ​តម្កាត់​ផ្សេងៗ កញ្ញា​មិន​ងាយ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​នោះ​ទេ ព្រោះ​ថា មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​សុខភាព​មាន​ការ​លំបាក ហើយ​ត្រូវ​អង្គុយ​រង់ចាំ​យូរ ម្យ៉ាង​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព និង​ទីកន្លែង​ស្នាក់​នៅ​មិន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួក​គាត់ ដូចជា​បន្ទប់ និង​បង្គន់​មិន​មាន​ជម្រាល ជាដើម៖ «ការ​ទៅ​ទទួល​សេវា​សុខភាព ពិសេស​ទាក់ទង​នឹង​ជំងឺ​ឆ្អឹង​ខ្នង គឺ​មិន​ងាយ​ទេ។ បញ្ហា​មធ្យោបាយ​មាន​ការ​លំបាក ដោយសារ​គាត់​ប្រើ​រទេះ ហើយ​សេវា​មធ្យោបាយ​សាធារណៈ​មិន​បង្ក​ភាព​ងាយ​ស្រួល​ជូន​គាត់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា និង​ម្យ៉ាង​ទៅ​មណ្ឌល​សុខភាព​ត្រូវ​អង្គុយ​រង់ចាំ​យូរ»

ស្រដៀង​នឹង កញ្ញា ជាតិ សុខា ដែរ លោក ប៉ែន មុនី អ្នក​ឯកទេស​សម្រប​សម្រួល​គម្រោង​កម្មវិធី​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នៃ​អង្គការ​សហប្រជាជាតិ នៃ​កម្មវិធី​អភិវឌ្ឍន៍ យូ.អិន.ឌី.ភី (UNDP) ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សេវា​សុខភាព​សាធារណៈ​នៅ​តែ​គិត​លុយ និង​មាន​តម្លៃ​ថ្លៃ​សម្រាប់​ជន​ពិការ។ សេវា​សុខភាព​ថ្លៃ​នេះ បាន​បង្ក​ផល​លំបាក​សម្រាប់​ពួក​គាត់ និង​មន្ទីរពេទ្យ​នៅ​ឆ្ងាយ ដែល​ភាគ​ច្រើន​នៃ​ជន​ពិការ​មាន​ជីវភាព​ក្រីក្រ។ លោក​បន្ត​ទៀត​ថា មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព អាជ្ញាធរ​មូលដ្ឋាន ប្រជាជន​គ្រប់​រូប​គួរ​តែ​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​សម្រួល និង​ផ្ដល់​អាទិភាព​ដល់​ពួក​គាត់ មិន​ថា​តាម​មន្ទីរពេទ្យ ឬ​តាម​ទី​សាធារណៈ​នោះ​ទេ។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន បាន​ថ្លែង​ថា ការ​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​របស់​ជន​ពិការ គ្រូពេទ្យ​មួយ​ចំនួន​ក្រៅ​ពី​មិន​សូវ​ខ្វល់ខ្វាយ​ដល់​ជន​ពិការ​ពេល​ព្យាបាល​ជំងឺ​នោះ ប៉ុន្តែ​ទាំង​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ មិន​បាន​យល់​ពី​តម្រូវ​ការ​របស់​ជន​ពិការ តម្លៃ​ព្យាបាល​ជំងឺ​ដូច​មនុស្ស​ធម្មតា និង​ពិសេស​នៅ​ពេល​ពួក​គាត់​គ្មាន​ប័ណ្ណ​ក្រីក្រ។ លោក​បាន​បន្ថែម​ទៀត​ថា ជន​ពិការ​ភាគ​ច្រើន​មាន​ជីវភាព​ឋិត​នៅ​ក្រោម​បន្ទាត់​ក្រីក្រ និង​មាន​ចំណូល​តិច​ជាង​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​មាន​យន្តការ​ផ្ដល់​ជូន​ជន​ពិការ​នូវ​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ៖ «ហើយ​ភាគ​ច្រើន​ពួក​គាត់​ទៅ​មន្ទីរពេទ្យ ការ​ប្រើប្រាស់​ពាក្យ​សម្ដី និង​ការ​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​ការ​ស្នើសុំ​របស់​ជន​ពិការ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា។

តំណាង​អង្គការ​ជន​ពិការ​មក​ពី​ខេត្ត​ស្វាយរៀង លោក គឹម សំអឿន បាន​មាន​ប្រសាសន៍​ថា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង គ្រូពេទ្យ​មិន​បាន​យល់​ច្បាប់​ស្ដីពី​ជន​ពិការ ហើយ​ក៏​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី​ពិការ និង​ជន​ពិការ ហើយ​ការ​ព្យាបាល​ជំងឺ​ត្រូវ​បង់​លុយ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ព្យាបាល​ដោយ​គិត​ថ្លៃ​នេះ បាន​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ព្រោះ​ថា ជន​ពិការ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ប្រកប​អាជីវកម្ម​ដូច​មនុស្ស​ពេញ​លក្ខណៈ​នោះ​ឡើយ៖ «ច្រើន​តែ​គេ​ឲ្យ​បង់​លុយ ប៉ុន្តែ​ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​វិទ្យុ​អាស៊ីសេរី ផ្សព្វផ្សាយ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ចង់​ឲ្យ​គាត់​យល់​ពី​សិទ្ធិ​របស់​ជន​ពិការ សូម​គាត់​កាត់​បន្ថយ​ការ​យក​លុយ គិត​ទៅ​ជន​ពិការ​មិន​មែន​អ្នក​មាន​ទេ សុទ្ធតែ​អ្នក​ទី​ទាល់ក្រ»

របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​បង្ហាញ​ថា ជន​ពិការ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៣០​ម៉ឺន​នាក់។ ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ដែល​មាន ១៤​ជំពូក ៦០​មាត្រា និង​អនុសញ្ញា​សិទ្ធិ​ជន​ពិការ​អន្តរជាតិ ការ​ផ្ដល់​សេវា​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល។ ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩។ ជន​ពិការ​កម្ពុជា នឹង​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ការងារ​រដ្ឋ ឯកជន និង​ត្រូវ​មាន​ការ​បញ្ចុះ​តម្លៃ​ចំពោះ​ការ​ព្យាបាល​ជំងឺ និង​បញ្ហា​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។