អ្នក​ឆ្លង​ជំងឺ​រាតត្បាត​នៅ​មណ្ឌលគិរី​ត្រូវ​ការ​ថ្នាំ​និង​គ្រូពេទ្យ​បន្ថែម

ជំងឺ​ឆ្លង​រាតត្បាត​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី មិន​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ​ទេ។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន អះអាង​ថា អ្នក​ជំងឺ​កំពុង​ត្រូវ​ការ​ថ្នាំ និង​គ្រូពេទ្យ​ព្យាបាល​បន្ថែម​ទៀត ដោយសារ​បរិមាណ​ប្រជាពលរដ្ឋ​មាន​ជំងឺ​មាន​ចំនួន​ច្រើន។

0:00 / 0:00

មន្ត្រី​សុខាភិបាល​ខេត្ត​មណ្ឌលគិរី អះអាង​ថា គ្រូពេទ្យ រួម​ទាំង​ថ្នាំ​ពេទ្យ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ភូមិ​ស្រែជ្រៃ ឃុំ​ណងឃីលឹក ស្រុក​កោះញែក នៅ​ថ្ងៃ​ច័ន្ទ ទី៧ ខែ​តុលា ដើម្បី​ព្យាបាល​អ្នក​ភូមិ​ដែល​កំពុង​មាន​ជំងឺ​ឆ្លង​ពេញ​ភូមិ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី លោក ប៊ុន សូរ មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រូពេទ្យ​ថ្នាក់​ស្រុក និង​ខេត្ត ចំនួន ៧​នាក់​ផ្សេង​ទៀត បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ជំងឺ​នោះ​ហើយ។ លោក​បន្ត​ថា ក្រុម​មន្ត្រី​សុខាភិបាល​មិន​ទាន់​វាយ​តម្លៃ​ជាក់​លាក់​ពី​ជំងឺ ដែល​ឆ្លង​រាតត្បាត​អ្នក​ភូមិ​នោះ​បាន​ទេ ក៏ប៉ុន្តែ ជំហាន​ដំបូង​បាន​សន្និដ្ឋាន​ថា អាច​ជា​ជំងឺ​គ្រុន​ផ្តាសសាយ​ធំ។

លោក ប៊ុន សូរ៖ «ខ្ញុំ​បាន​បញ្ជូន​ក្រុម​ឆ្លើយ​តប​បន្ទាន់​ទៅ​បន្ថែម​ទៀត​ហើយ។ ម្សិលមិញ ខ្ញុំ​បាន​បញ្ជូន​ក្រុម​ឆ្លើយ​តប​បន្ទាន់​ចំនួន ៧​នាក់ ប៉ុន្តែ​ទៅ​វា​អត់​ដល់ វា​ភ្លៀង​ណា ទើរ​នៅ​ភ្នំ​បាយឆៅ។ ឥឡូវ​ខ្ញុំ​បញ្ជូន​ទៅ​ទៀត​ជាង ១០​នាក់ ប៉ុន្តែ​អត់​ទៅ​តាម​ឡាន​ខាង​មន្ទីរ​ខ្ញុំ​ទេ ព្រោះ​ឡាន​មន្ទីរ​វា​ទាប ខ្ញុំ​ជួល​តាក់ស៊ី​ចេញ​ទៅ​បាត់​ហើយ ហើយ​រុញ​ទៅ​តាំង​ពី​ព្រឹក​នោះ។ ខ្ញុំ​ប្រមូល​ថ្នាំ​ពី​ស្រុក​កោះញែក អស់​ហើយ ឥឡូវ​នេះ​ខ្ញុំ​ដឹក​ថ្នាំ​ពី​ខេត្ត​ទៅ​ទៀត​ហើយ»

កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា អ្នក​ភូមិ​ជាង ៥០០​នាក់ មាន​ជំងឺ​គ្រុន​ក្តៅ ហៀរ​សំបោរ ក្អក​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ ក្នុង​ចំណោម​គ្រួសារ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ភូមិ​ស្រែជ្រៃ មក មន្ត្រី​សុខាភិបាល​ស្រុក​បាន​បញ្ជូន​គ្រូពេទ្យ​បន្ទាន់ ពីរ​នាក់ ទៅ​កាន់​ទី​កើត​ហេតុ ហើយ​ចាប់​ផ្ដើម​ព្យាបាល​អ្នក​ភូមិ​នៅ​ប៉ុស្តិ៍​សុខភាព​បាន​ជាង ១០០​នាក់​ហើយ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ បាន​បញ្ជូន បី​នាក់​បន្ថែម​ទៀត។

ប្រធាន​មណ្ឌល​សុខភាព​ស្រុក​កោះញែក លោក ស សារ៉ាំ មាន​ប្រសាសន៍​បញ្ជាក់​ថា ដោយសារ​ស្ថានភាព​ជំងឺ​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន ហើយ​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ និង​ខ្វះខាត​ថ្នាំ​ព្យាបាល ទើប​លោក​រាយការណ៍​ទៅ​មន្ត្រី​សុខាភិបាល​ខេត្ត ស្នើសុំ​គ្រូពេទ្យ និង​ថ្នាំ​ព្យាបាល​បន្ថែម។ លោក​បន្ត​ថា ផ្លូវ​ធ្វើ​ដំណើរ​ជួប​បញ្ហា​លំបាក​ខ្លាំង រថយន្ត​ត្រូវ​ជាប់​ផុង​ច្រើន​កន្លែង ហើយ​រហូត​មក​ទល់​រសៀល​ម៉ោង ៣ នេះ ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ថែម​មិន​ទាន់​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​នៅ​ឡើយ៖ «កម្លាំង​ក្នុង​ស្រុក​ទៅ​ដល់​ហើយ មាន​គ្រូពេទ្យ មាន​គិលានុបដ្ឋាក។ ៥​នាក់​បាន​ទៅ​ដល់​ហ្នឹង នៅ​តែ​ខ្ញុំ​ទាំងអស់​គ្នា​ហ្នឹង ជួល​ឡាន​ឈ្នួល ឥឡូវ​ជាប់​ឥឡូវ​កំពុង​គាស់​ដី​វា​លិច​ជួយ​ទាញ»

ប្រធាន​ភូមិ​ស្រែជ្រៃ លោក ឯម សារឿន មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​អ្នក​ភូមិ​រង​ការ​រាតត្បាត​ដោយសារ​ជំងឺ​នេះ។ លោក​បន្ត​ថា អ្នក​ភូមិ​ប្រមាណ ១៥% បាន​ធូរ​ស្រាល​ខ្លះ បន្ទាប់​ពី​គ្រូពេទ្យ​មណ្ឌល​សុខភាព​ស្រុក​បាន​ព្យាបាល​កាល​ពី​ថ្ងៃ​អាទិត្យ៖ «អ្នក​ខ្លះ​ដាក់​ទៅ​នៅ​ដដែលៗ ខាង​វេជ្ជ​បញ្ជា​ហ្នឹង គាត់​កំពុង​វិនិច្ឆ័យ​មេរោគ​ហ្នឹង​ទៀត។ នៅ​ភាគ​ច្រើន អ្នក​ខ្លះ​មិន​ទាន់​បាន​មក​ម្សិលមិញ​ថា ខ្វះខាត​ថ្នាំ​ក៏​គាត់​បក​ទៅ​វិញ ថ្ងៃ​នេះ​ក៏​ខ្ញុំ​ផ្តល់​ព័ត៌មាន​ឲ្យ​មក​វិញ។ បាទ! ប្រើ​ថ្នាំ​គ្រាប់​ខ្លះ​ថ្នាំ​ចាក់​ខ្លះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថ្នាំ​អ្វី»

របាយការណ៍​របស់​មន្ត្រី​សុខាភិបាល​ស្រុក ឲ្យ​ដឹង​ថា គ្រូពេទ្យ​ស្រុក​ចំនួន ៥​នាក់ កំពុង​ព្យាបាល​ប្រជាពលរដ្ឋ​មាន​ជំងឺ​រាតត្បាត​នៅ​ថ្ងៃ​ច័ន្ទ នេះ។ ចំណែក​តួលេខ​បណ្ដោះ​អាសន្ន​រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល​នេះ អ្នក​ភូមិ​ប្រមាណ​ជាង ៣៤០​នាក់ បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ឆ្លង​រាតត្បាត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។