តើប្រជាពលរដ្ឋខ្មែរខ្លះដែលជួបបញ្ហាគ្រួសារស្លាប់ ដោយសារតែគ្រូពេទ្យព្យាបាលមិនបានដិតដល់នេះ មានប្រតិកម្មយ៉ាងណា?
ប្រជាពលរដ្ឋមួយគ្រួសារដែលរស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងស្វះស្វែងរកជំនួយផ្លូវច្បាប់ពីអង្គការក្រៅរដ្ឋាភិបាល ក្នុងការដាក់ពាក្យប្ដឹងគ្រូពេទ្យមួយចំនួននៅមន្ទីរពេទ្យបង្អែកនៃខេត្តនេះ។
ការគ្រោងដាក់ពាក្យប្ដឹងនោះ ដោយសារតែគេអះអាងថា ក្រុមគ្រូពេទ្យនៃខេត្តឧត្តរមានជ័យ មិនបានយកចិត្តទុកដាក់ព្យាបាលស្ត្រីម្នាក់ដែលទើបតែសម្រាលកូន ឱ្យបានត្រឹមត្រូវ រហូតធ្វើឱ្យស្ត្រីរូបនោះស្លាប់កាលពីពេលថ្មីៗ។
បុរសឈ្មោះ ព្រំ ប្រាក់ ជាអ្នកភូមិអូរក្រូច នៅតំបន់ដាច់ស្រយាលមួយរបស់ខេត្តឧត្តរមានជ័យ។ គាត់បានមានប្រសាសន៍ថា ប្រពន្ធរបស់គាត់ឈ្មោះ រ៉ូ សុខណា អាយុ ២៣ឆ្នាំ បានស្លាប់កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ បន្ទាប់ពីសម្រាលកូនភ្លោះបាន ៣ថ្ងៃ។
លោក ព្រំ ប្រាក់ បានមានប្រសាសន៍ទៀតថា កាលពីចុងខែតុលា កន្លងទៅ ប្រពន្ធរបស់លោកបានទៅសម្រាលកូននៅឯមន្ទីរពេទ្យស្រុកអន្លង់វែង បង្កើតបានកូនភ្លោះពីរនាក់។ លុះពេលសម្រាលកូនហើយ លោកក៏នាំប្រពន្ធត្រឡប់ទៅផ្ទះវិញ ក៏ប៉ុន្តែ ៣ថ្ងៃក្រោយពីការសម្រាលកូន គឺប្រពន្ធរបស់លោកចាប់ផ្ដើមមានអាការៈរឹងពោះ និងស្ទះដង្ហើម ទំនងជាពេទ្យឆ្មបនៅស្រុកអន្លង់វែង សម្អាតមិនស្អាត។
បុរសដដែលបានបញ្ជាក់ថា នៅពេលដែលប្រពន្ធរបស់លោកមានអាការៈដូចនេះ លោកក៏ប្រញាប់យកទៅមន្ទីរពេទ្យស្រុកអន្លង់វែង ហើយមន្ទីរពេទ្យស្រុកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែ ពេលទៅដល់មន្ទីរពេទ្យខេត្តឧត្តរមានជ័យ គឺគ្រូពេទ្យមិនបានយកចិត្តទុកដាក់ព្យាបាលឱ្យដិតដល់ទេ៖ «គ្នាស្ទះដង្ហើម ហើយខាកមកចេញឈាម! ប្រាប់លោកគ្រូពេទ្យទៅឃើញគេចាក់តែថ្នាំ ហើយគេបន្តោងសេរ៉ូម។ ដល់ពេលឈឺខ្លាំង ហៅគ្រូពេទ្យ គេដើរធ្វើព្រងើយ គេធ្វើដូចឈឺធម្មតា ហើយខ្ញុំសុំបញ្ជូនទៅខេត្តសៀមរាប គេថាចាំគេមើលឱ្យអស់លទ្ធភាព បានគេបញ្ជូន។ ដល់ពេលអស់លទ្ធភាព គឺអស់សង្ខារបណ្ដោយ»។
លោក ព្រំ ប្រាក់ បានមានប្រសាសន៍ថា លោកមិនសុខចិត្តចំពោះគ្រូពេទ្យខេត្តឧត្តរមានជ័យ ដែលព្យាបាលមិនយកចិត្តទុកដាក់ បណ្ដាលឱ្យប្រពន្ធរបស់លោកស្លាប់នោះទេ គឺលោកនឹងស្វែងរកក្រុមអ្នកច្បាប់ ដើម្បីជួយជ្រោមជ្រែងធ្វើពាក្យបណ្ដឹងប្ដឹងក្រុមគ្រូពេទ្យទាំងនោះ ដើម្បីទារថ្លៃជំងឺចិត្ត និងប្រាក់ខ្លះសម្រាប់ចិញ្ចឹមកូនភ្លោះ ២នាក់តូចៗដែលម្ដាយស្លាប់ចោល៖ «ចង់ប្ដឹងពេទ្យ កុំឱ្យពេទ្យធ្វើអ៊ីចឹងទៀត។ ចង់ឱ្យគាត់ផ្ដល់ជាថវិកា ដើម្បីជួយបីបាច់ថែរក្សាកូនភ្លោះ ព្រោះខ្ញុំជាមនុស្សទាល់ក្រអត់មានអី ពឹងលើប្រពន្ធ ដល់ប្រពន្ធស្លាប់បាត់ទៅ អត់មានទឹកដោះ បានអីចិញ្ចឹមកូន»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ គឺលោក ឃ្លោក ហួត ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានថាយ៉ាងណានៅឡើយ។
ចំណែកប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ លោក អ៊ុក គឹមសឿន បានបដិសេធមិនអធិប្បាយអ្វីទេ ដោយលោកបានផ្ដាច់ទូរស័ព្ទពីការសន្ទនា។
ទោះយ៉ាងណា ក្រុមគ្រួសាររបស់ស្ត្រីដែលស្លាប់នោះ នៅតែអះអាងថា អ្វីៗទាំងអស់គឺសុទ្ធតែជាកំហុសគ្រូពេទ្យ តាំងពីការបង្កើតកូនដោយសម្អាតមិនបានត្រឹមត្រូវ និងពេលកើតអាការៈធ្ងន់ធ្ងរ ហើយនាំមកមន្ទីរពេទ្យម្ដងទៀត គឺគ្រូពេទ្យមិនបានយកចិត្តទុកដាក់ព្យាបាលជាដើម។
ស្ត្រីឈ្មោះ ព្រំ ខេមរី គឺជាជីដូនមួយជាមួយស្ត្រីដែលស្លាប់នោះ បានមានប្រសាសន៍ថា បងប្អូនទាំងអស់ឃើញអាការៈអ្នកជំងឺមិនស្រួល ក៏មានការភិតភ័យ ហើយបានហៅគ្រូពេទ្យមកពិនិត្យ ក៏ប៉ុន្តែគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ធ្វើដូចជាធម្មតា មិនយកចិត្តទុកដាក់ឡើយ៖ «គាត់សុខភាពល្អទេ ប៉ុន្តែគាត់សម្រាលកូនភ្លោះកើតនៅអន្លង់វែង។ កើតស្រួលធម្មតា ដល់ពេលចេញពីពេទ្យបាន ៣ថ្ងៃធ្វើទុក្ខ។ ពួកខ្ញុំគិតថា មកពីពេទ្យមិនបានសម្អាតឱ្យស្អាត ហើយបកទៅពេទ្យវិញបាន ១យប់ស្លាប់។ ពួកខ្ញុំគិតថា កំហុសមកពីពេទ្យទាំងអស់ ការសម្រាលធ្វើឱ្យគាត់ឈឺធ្វើទុក្ខហ្នឹង ក៏មកពីពេទ្យ ហើយអត់យកចិត្តទុកដាក់បណ្ដាលឱ្យស្លាប់ហ្នឹង ក៏មកពីពេទ្យ»។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមានគម្រោងនឹងអង្កេតទៅលើករណីនោះឱ្យបានឆាប់ៗ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា លោកទើបតែទទួលបានព័ត៌មាននេះតាមរយៈទូរស័ព្ទ ក៏ប៉ុន្តែលោកនៅមិនទាន់បានចុះស៊ើបអង្កេតនៅឡើយ។
លោក ស្រី ណារ៉េន បានបញ្ជាក់ថា ប្រសិនបើរឿងនោះកើតឡើងដូចអ្វីដែលប្រជាពលរដ្ឋនិយាយមែន វាគឺជាការធ្វេសប្រហែល និងមិនយកចិត្តទុកដាក់របស់គ្រូពេទ្យទៅលើជំនាញរបស់ខ្លួន។ លោក ស្រី ណារ៉េន បញ្ជាក់ថា នៅពេលខាងមុខឆាប់ៗ លោកនឹងចុះស្រាវជ្រាវករណីនោះ ហើយបើរកឃើញដូចប្រជាពលរដ្ឋអះអាងមែន គឺលោកនឹងជួយជ្រោមជ្រែងធ្វើពាក្យបណ្ដឹងប្រឆាំងនឹងក្រុមគ្រូពេទ្យទាំងនោះ៖ «ប្រសិនជាដូចការអះអាងរបស់សាច់ញាតិជនរងគ្រោះនិយាយមែន យើងនឹងទទួលពាក្យបណ្ដឹង ហើយធ្វើការស៊ើបអង្កេត ហើយនឹងដាក់ជូនទៅព្រះរាជអាជ្ញាអមតុលាការ ដើម្បីធ្វើការស៊ើបអង្កេតឆ្លងកាត់ទៅលើមន្ត្រីជំនាញដែលធ្វេសប្រហែស រហូតទុកឱ្យជនរងគ្រោះស្លាប់នោះ»។
លោក ស្រី ណារ៉េន បានបញ្ជាក់ថា នេះជាលើកដំបូងដែលមានការរិះគន់ទៅលើគ្រូពេទ្យខេត្តឧត្តរមានជ័យ ថាមិនបានយកចិត្តទុកដាក់ព្យាបាលទៅលើស្ត្រី ទើបតែសម្រាលកូនរហូតបណ្ដាលឱ្យស្លាប់។
ករណីស្រដៀងគ្នានេះ ទើបតែកើតមាននៅឯខេត្តបាត់ដំបង កាលពីខែមុន។ កាលពីថ្ងៃទី១៧-១៨ ខែតុលា កន្លងទៅ ស្ត្រីម្នាក់ឈ្មោះ ឈើត គឹមឈឿត អាយុ ៣៤ឆ្នាំ រស់នៅឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ក៏ត្រូវគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋ ពុំបានយកចិត្តទុកដាក់ជួយសង្គ្រោះភ្លាមទេ នៅពេលដែលគាត់ឈឺពោះសម្រាលកូន។ គ្រូពេទ្យបានឱ្យគាត់រង់ចាំយូរ ដោយអះអាងថា ធ្វើតាមបច្ចេកទេសរបស់ពេទ្យ។ ក្រុមគ្រួសាររបស់ស្ត្រីរូបនោះ បានអះអាងថា ដោយសារតែរង់ចាំយូរ ហើយគ្រូពេទ្យមិនព្រមបង្កើតបណ្ដាលឱ្យទារកស្លាប់នៅក្នុងផ្ទៃ។ ក៏ប៉ុន្តែ ស្ត្រីរូបនោះមានភ័ព្វសំណាងល្អ ដោយសារមានសប្បុរសជនពីក្រៅប្រទេសជួយជាលុយកាក់ឱ្យក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យរដ្ឋ ទៅសង្គ្រោះនៅគ្លីនិកឯកជនវិញបានដោយសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
