មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​អត់​គិត​ថ្លៃ​៥​ថ្ងៃ

ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ ផ្ដល់​ដំណឹង​មក​ថា ក្រុម​គ្រូពេទ្យ​ឯកទេស​ភ្នែក នឹង​ផ្ដល់​ការ​ពិនិត្យ ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈ​ពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​២១ ដល់​ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។

អ្នក​ឯកទេស​ខាង​ភ្នែក គឺ​លោក​វេជ្ជបណ្ឌិត កាក់ កក្កដា ថ្លែង​ឱ្យ​ដឹង​ថា ការ​ពិនិត្យ ព្យាបាល​ជំងឺ​ភ្នែក ដោយ​ឥត​បង់​ថ្លៃ​រយៈ​ពេល ៥​ថ្ងៃ​នេះ នឹង​ធ្វើ​ឡើង​នៅ​មន្ទីរ​បង្អែក​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។

លោក​បញ្ជាក់​ថា ក្នុង​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​នេះ មិន​មាន​ការ​កំណត់​ចំនួន ឬ​ប្រភេទ​ជំងឺ​ទេ៖ «ជំងឺ គឺ​នៅ​ពេល​ដែល​យើង​ពិនិត្យ រាល់​អ្នក​មាន​បញ្ហា​ភ្នែក យើង​ពិនិត្យ​ទាំង​អស់។ ប៉ុន្តែ​ជំងឺ​ភ្នែក​ដែល​យើង​ត្រូវ​វះ​ ជា​ចម្បង គឺ​វះកាត់​ជំងឺ​​ភ្នែក​ឡើង​បាយ និង​ជំងឺ​កន្ទុយ​ថ្លែន ពីរ​គឺ​ចម្បង​ជាង​គេ។ ការ​កំណត់ គឺ​មិន​កំណត់​ចំនួន​ទេ តែ​តាម​ពេល​វេលា​ម៉ោង ដែល​យើង​បាន​ដាក់​ត្រឹម​ម៉ោង ៥​ល្ងាច យើង​ធ្វើ​ពី​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច គឺ​យើង​ឈប់ ហើយ​ជំងឺ​ដែល​នៅ​សល់ យើង​បន្ត​ធ្វើ​ទៅ​ថ្ងៃ​ស្អែក​ទៀត រហូត​ដល់​សុក្រ»

លោក​ឱ្យ​ដឹង​កម្មវិធី​ផ្ដល់​សេវា​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក ដោយ​ឥត​បង់​ថ្លៃ នៅ​ខេត្ត​កំពង់ធំ គឺ​មាន ២​លើក ក្នុង​មួយ​ឆ្នាំ ដោយ​មាន​កិច្ច​សហការ​ និង​គាំទ្រ​សម្ភារៈ​ពី​មូលនិធិ​អន្តរជាតិ​មួយ ឈ្មោះ ហ្វ្រេដ ហូឡូ (Fred Hollows Foundation)។ កម្មវិធី​ផ្ដល់​សេវា​ពិនិត្យ ព្យាបាល នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច។

ដោយ​ឡែក នៅ​ឯ​មន្ទីរ​បង្អែក​ខេត្ត​កំពង់ស្ពឺ ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​២១ ដល់ ២៥ ខែ​តុលា នេះ អង្គការ​មនុស្ស​ធម៌​មួយ នៅ​ប្រទេស​អូស្ត្រាលី ឈ្មោះ​ថា ខេមបូឌា វីហ្សិន (Cambodian Vision) ក៏​នឹង​ផ្ដល់​ការ​ពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ​ដោយ​ឥត​បង់​ថ្លៃ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។