ក្រសួង​សុខាភិបាល​ប្រារព្ធ​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម​និង​សម្ពោធ​អគារ​ថ្មី

0:00 / 0:00

ថ្ងៃ​១៤ ខែ​មិថុនា ត្រូវ​បាន​គេ​ចាត់ទុកជា​ទិវា​នៃ​អ្នក​បរិច្ចាគ​ឈាម​ពិភពលោក។ មិន​តែប៉ុណ្ណោះ ថ្ងៃ​១៤ មិថុនា ឆ្នាំ​២០១៦ សម្រាប់​កម្ពុជា ក៏​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួង​សុខាភិបាល ដែល​បាន​សម្ពោធ​អគារ​ថ្មី​របស់​ខ្លួន​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ហុក គីមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​អះអាង​ថា ទាំង​អគារ​ថ្មី និង​សម្ភារៈ​បរិក្ខារ​នៅ​ពេល​នេះ ប្រកប​ដោយ​ស្តង់ដារ​អន្តរជាតិ ហើយ​រាល់​ចំណាយ​ទាំង​អស់​ជា​អំណោយ​ពី​រដ្ឋាភិបាល​អាមេរិក។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បាន​បញ្ជាក់​ថា អគារ​ផ្តល់​ឈាម​ថ្មី​នេះ ក៏​ជា​ចំណង​អគារ​ប្រវត្តិសាស្ត្រ​មួយ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ផង​ដែរ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា វីល្លៀម ហៃដ្ដ៍ បញ្ជាក់​ថា នេះ​មិន​មែន​ជា​អគារ​ផ្ដល់​ឈាម​ទី​១ ដែល​អាមេរិក ផ្ដល់​មក​កម្ពុជា នោះ​ទេ។ រដ្ឋាភិបាល​អាមេរិក បាន​ផ្ដល់​ជំនួយ​ជា​អគារ​ផ្ដល់​ឈាម​ខេត្ត​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​សៀមរាប សម្ពោធ​អោយ​ប្រើប្រាស់​កាល​ពី​ដើម​ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ អគារ​ផ្ដល់​ឈាម​ខេត្ត​ចំនួន​ពីរ​ទៀត គ្រោង​នឹង​លេច​ជា​រូបរាង គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​តាកែវ៖ «យើង​ទាំង​អស់​គ្នា​យើង​សង្ឃឹម​ថា នឹង​ជួយ​កម្ពុជា ទាំង​ផ្នែក​សាងសង់​អគារ និង​ផ្នែក​ប្រព័ន្ធ​បច្ចេកទេស​ដើម្បី​បង្កើត​ប្រព័ន្ធ​ផ្ដល់​ឈាម​ថ្នាក់​ ជាតិ​មួយ»

​បុរស​វ័យ​ជាង ៥០​ឆ្នាំ សក់​ល្បាយ​អាចម៍​ខ្លា លោក​វេជ្ជបណ្ឌិត ហុក គីមចេង ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នោះ បាន​អះអាង​អោយ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ព្រឹក​ថ្ងៃ​១៤ ខែ​មិថុនា ថា បើ​ទោះ​ជា​មាន​អគារ​ផ្ដល់​ឈាម និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស​ថ្មី ប្រកបដោយ​ស្តង់ដារ​យ៉ាង​ណា​ក៏ដោយ ប្រសិនបើ​មិន​ការ​ចូល​រួម​ពី​ប្រជាជន​ក្នុង​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ទេ​នោះ ក្ដី​សង្ឃឹម​ថា​នឹង​បាន​អាច​ធានា​នូវ​ការ​ផ្គត់ផ្គង់​ឈាម​ប្រកប​ដោយ​និរន្តរភាព​នោះ នឹង​ក្លាយ​ជា​អាសាបង់​មិន​ខាន៖ «ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យើង​ត្រូវ​ការ​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​មិន​គិត​កម្រៃ​ពី​ក្នុង​ចំណោម​ប្រជាជន​យើង ទើប​យើង​អាច​ធានា​នូវ​ការ​ផ្គត់ផ្គង់​ឈាម​ហ្នឹង មាន​សុវត្ថិភាព​គ្រប់គ្រាន់ គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង»

​អត្រា​អំណោយ​ឈាម​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ១.០០០​នាក់ គឺ​មាន​ត្រឹម ៤​នាក់​ប៉ុណ្ណោះ។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក គឺ​ត្រូវ​មាន​យ៉ាង​តិច ១០​នាក់ ក្នុង​ចំណោម​មនុស្ស ១.០០០​នាក់ គឺ​ស្នើ​នឹង ១​ភាគរយ នៃ​ប្រជាជន​កម្ពុជា ទើប​អាច​ធានា​នូវ​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​បាន​ទាំង​ឈាម និង​សមាសភាព​ឈាម។

​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​ផ្គត់ផ្គង់​ឈាម​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ជា​រៀងរាល់​ថ្ងៃ កូន​ប្រុស​របស់​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា ស.ស.យ.ក បាន​អោយ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ស.ស.យ.ក របស់​លោក​កន្លងមក​បាន​ចូលរួម​សហការ​បង្កើត​ស្នាដៃ​ក្នុង​យុទ្ធនាការ​ផ្ដល់​ឈាម ១.០០០​លីត្រ ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម។

​ទោះ​ជា​យ៉ាង​ណា ក្រោយ​យុទ្ធនាការ​ផ្ដល់​ឈាម ១.០០០​លីត្រ រួច​នៅ​ចុង​ឆ្នាំ​២០១៤ ស.ស.យ.ក មិន​ទាន់​មាន​ជា​គម្រោង​ថ្មី​អោយ​ជាក់លាក់​នៅ​ឡើយ​ដើម្បី​លើក​ទឹក​ចិត្ត​មហាជន​អោយ​ស្ម័គ្រចិត្ត​ផ្ដល់​ឈាម៖ «ទៅ​ថ្ងៃ​អនាគត ពេល​នេះ​មិន​ទាន់​អាច​និយាយ​បាន ប៉ុន្តែ​ឆ្លង​តាម​បទ​ពិសោធន៍​យុទ្ធនាការ ១.០០០​លីត្រ គឺ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពិភាក្សា​ជាមួយ​ដៃគូ​ដទៃ​ទៀត​នឹង​បង្កើត​ជា​អ្វី​មួយ​ដែល​នឹង​ប្រកាស​នៅ​ពេល ​ក្រោយ»

​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ក្នុង​ឆ្នាំ​២០១៥ អំណោយ​ឈាម​ដែល​ទទួល​បាន​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៥.៤៧៩​ស្បោង ហើយ​ឈាម និង​សមាសភាព​ឈាម​បាន​ប្រើប្រាស់​មាន​ចំនួន ៥០.៨៨១​ស្បោង។

​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៅ​រាជធានី​ភ្នំពេញ បែងចែក​ឈាម​ប្រមាណ​ជាង ៦១% នៃ​ចំនួន​ឈាម​ផ្គត់ផ្គង់​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដោយសារ​ត្រូវ​ផ្គត់ផ្គង់​ដល់​គ្រប់​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​ធំៗ និង​មន្ទីរពេទ្យ​ឯកជន​ទាំង​អស់។

ជា​សប្បុរសជន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​មួយ​រូប លោក អ៊ុំ វណ្ណៈ បាន​អោយ​ដឹង​ថា លោក​ចូល​រួម​បរិច្ចាគ​ឈាម ព្រោះ​លោក​ជឿជាក់​ថា មាន​អ្នក​ជំងឺ​ជា​ច្រើន​ដែល​កំពុងតែ​ត្រូវការ​ឈាម ដើម្បី​រស់ ហើយ​ការ​បរិច្ចាគ​ឈាម វា​ពិតជា​មាន​តម្លៃ​លើស​ពី​ការ​ផ្ដល់​អំណោយ​ផ្សេងៗ៖ «ខ្ញុំ​បរិច្ចាគ​ឈាម ដោយសារ​តែ​ខ្ញុំ​ចង់​ជួយ​មនុស្ស​ទូទៅ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ហ្នឹង ហើយ​ដោយសារ​តែ​ខ្ញុំ​បាន​ដឹង​ថា ពី​រឿង​នៃ​ការ​បរិច្ចាគ​ឈាម​ហ្នឹង គឺ​វា​មាន​ប្រយោជន៍​ជាង​ការ​ដែល​យើង​យក​លុយ​បរិច្ចាគ​ក្នុង​កម្មវិធី​ មនុស្សធម៌​ទៀត ព្រោះ​ថា យើង​មិន​ចាំបាច់​បង់​ជា​ទឹក​ប្រាក់​ទេ គ្រាន់តែ​បរិច្ចាគ​អ្វី​ដែល​ចេញ​ពី​ខ្លួន​យើង​ផ្ទាល់»

​អគារ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​ប្ដូរ​ទីតាំង​ពី​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង មក​អគារ​ថ្មី ដែល​ស្ថិត​បរិវេណ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត នេះ ដែល​មាន​កម្ពស់ ២​ជាន់ សម្រាប់​ធានា​នូវ​ដំណើរការ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដែល​ក្នុង​នោះ​មាន​បន្ទប់​រង់ចាំ ១​បន្ទប់ ពិនិត្យ​សុខភាព​ចំនួន ៥​បន្ទប់ សម្រាប់​ទទួល​អំណោយ​ឈាម​១ ដែល​មាន​កន្លែង​ទទួល​អំណោយ​ឈាម​ចំនួន ១៥​កន្លែង​មន្ទីរ​ពិសោធន៍​ចំនួន ២​ធំៗ មាន​កន្លែង​ថែរក្សា​ទុក​ឈាម និង​សមាសភាព​ឈាម​បាន​រាប់ពាន់​ស្បោង កន្លែង​ផលិត​ផលិតផល​ឈាម​ឃ្លាំង​ទុក​សម្ភារៈ​សំខាន់ៗ និង​បំពាក់​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ដែល​ជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទំនើប​ចំនួន ៣​គ្រឿង សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​ស្តេត​រក​មេរោគ​ឆ្លង និង​ការ​ស្រាវជ្រាវ​រក​គ្រប់​ប្រព័ន្ធ​ក្រុម​ឈាម។ អគារ​នេះ​ចំណាយ​ថវិកា​ជាង ១,៨​លាន​ដុល្លារ​អាមេរិក និង​រយៈពេល​ជាង ១​ឆ្នាំ​កន្លះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។