សប្បុរសជន​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង

គ្រួសារ​ស្ត្រី​រងគ្រោះ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង រិះគន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ដែល​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ស្ត្រី​ម្នាក់ ដែល​មាន​កូន​ស្លាប់​នៅ​ក្នុង​ផ្ទៃ។

0:00 / 0:00

ស្ត្រី​រូប​នោះ ក្រោយ​ពី​ឈឺ​ពោះ​ឆ្លង​ទន្លេ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​មន្ទីរពេទ្យ តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៧ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​តុលា ទើប​នាំ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន។ មូលហេតុ​ដែល​នាំ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​នោះ គឺ​ដោយសារ​តែ​ខាង​គ្រូពេទ្យ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​ភ្លាម​ទេ ដោយ​បញ្ជាក់​ថា ត្រូវ​រង់ចាំ​ធ្វើ​តាម​បច្ចេកទេស​របស់​ពេទ្យ។

ស្ត្រី​ជា​ម្ដាយ​ដែល​មាន​កូន​ស្លាប់​នៅ​ក្នុង​ផ្ទៃ ឥឡូវ​នេះ ត្រូវ​បាន​គ្រូពេទ្យ​នៅ​គ្លីនិក​ឯកជន​មួយ ក្នុង​ក្រុង​បាត់ដំបង វះកាត់​សង្គ្រោះ​អាយុ​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​ជំនួយ​សប្បុរសធម៌​ពី​ក្រៅ​ប្រទេស និង​ក្រុម​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង។

ជន​រងគ្រោះ​មាន​ឈ្មោះ ឈើត គឹមឈឿត អាយុ ៣៤​ឆ្នាំ រស់​នៅ​ឃុំ​អូរដំបង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ត្រូវ​បាន​គ្រួសារ​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែ​តុលា ទៅ​កាន់​គ្លីនិក​ឯកជន​មួយ​ឈ្មោះ​ថា សុខ សម្ភព ស្ថិត​នៅ​សង្កាត់​ចម្ការសំរោង ក្រុង​បាត់ដំបង។ ក្រោយ​មក គ្រូពេទ្យ​នៅ​គ្លីនិក​នោះ វះកាត់​យក​កូន​ចេញ​ពី​ផ្ទៃ​ម្តាយ​ដោយ​សុវត្ថិភាព។

ជំទប់​ទី​២ សង្កាត់​អូរចារ និង​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង កញ្ញា ស៊ិន រ៉ូហ្សេត បញ្ជាក់​ថា ប្រាក់​ចំនួន ៥៨០​ដុល្លារ​ជា​ថ្លៃ​វះកាត់​នោះ បាន​មក​ពី​ជំនួយ​សប្បុរសធម៌​ពី​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី និង​ក្រុម​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង៖ «និយាយ​ទៅ នៅ​មន្ទីរ​ធំ​ហ្នឹង គឺ​យើង​គិត​ឃើញ​ថា ទំនុក​ចិត្ត​ទៅ​លើ​ពេទ្យ គឺ​យើង​ទុក​ចិត្ត​ហើយ ប៉ុន្តែ​គ្រាន់​តែ​ថា រាល់​ពេទ្យ​ដែល​ព្យាបាល​អ្នក​ជំងឺ​ហ្នឹង ដូច​យើង​ឃើញ​ជាក់​ស្ដែង​អ៊ីចឹង មាន​ការ​ជួយ​ជ្រោមជ្រែង​ពី យូ.អិន (UN) អង្គការ​អាដហុក (Adhoc) លីកាដូ (Licadho) អី​អ៊ីចឹង ខាង​អង្គការ​អន្តរាគមន៍​តាំង​ពី​ម៉ោង ៣ រហូត​ដល់​ម៉ោង ៦​ជាង ៧​ជាង អ្នក​ជំងឺ​នៅ​តែ​ឈឺ ហើយ​ទៅ​សួរ​ពេទ្យ​គេ​ថា នៅ​តាម​ដាន ប៉ុន្តែ​នៅ​ក្រោយ​ពី​យើង​យក​គ្លីនិក​ពេទ្យ​វះកាត់​ភ្លាមៗ​ហើយ ម្ដាយ​ឥឡូវ​មាន​សុវត្ថិភាព​ហើយ»

បញ្ជាក់​ពី​បញ្ហា​នេះ​ដែរ ប្ដី​ស្ត្រី​រងគ្រោះ​ឈ្មោះ រឿម សារូ និង​ជា​មន្ត្រី​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​អូរដំបង នោះ បញ្ជាក់​ថា ប្រពន្ធ​របស់​គាត់​ក្រោយ​ពី​ឈឺ​ពោះ​ឆ្លង​ទន្លេ ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​បាត់ដំបង តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​តុលា។ លោក​ថា តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​១៧ ទើប​គ្រូពេទ្យ​ពិនិត្យ​ពោះ​ឃើញ​សុខភាព​កូន​ជា​ធម្មតា​ទេ។

ដោយសារ​កូន​នោះ​ជា​កូន​ដំបូង លោក​មាន​ការ​សង្ស័យ ហើយ​សុំ​ឲ្យ​គ្រូពេទ្យ​វះកាត់ ប៉ុន្តែ​គ្រូពេទ្យ​បដិសេធ​មិន​អាច​វះ​បាន ព្រោះ​ខុស​បច្ចេកទេស។ លុះ​ដល់​វេលា​ម៉ោង ១០ ចូល​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​តុលា ពេទ្យ​ពិនិត្យ​អេកូ​ឃើញ​ថា កូន​នៅ​ក្នុង​ផ្ទៃ​នោះ​បាន​ស្លាប់៖ «បើ​សិន​សុខាភិបាល​យក​ចិត្ត​ទុក​ដាក់​ពី​ដំបូង​មក ជីវិត​កូន​ហ្នឹង​អត់​គ្រោះ​ថ្នាក់​ទេ ជឿ​ថា​មិន​គ្រោះ​ថ្នាក់​ទេ។ តាម​កម្លាំង​កូន​នៅ​ក្នុង​ផ្ទៃ​កម្រើក​ធម្មតា​អី​ធម្មតា ប៉ុន្តែ​ក្នុង​ការ​ពិនិត្យ​បច្ចេកទេស​មាន​ការ​យឺតយ៉ាវ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់»

ឆ្លើយ​បញ្ជាក់​បញ្ហា​នេះ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង លោក កាក់ សិលា ពន្យល់​តាម​បច្ចេកទេស​ថា ជា​ធម្មតា កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វះ​នោះ​ទេ ហើយ​រង់ចាំ​កូន​កើត​តាម​ធម្មជាតិ ព្រោះ​ស្បូន​ស្ត្រី​ជា​ម្ដាយ​នោះ​បើក​បាន​ជា​ធម្មតា។ លោក​បន្ត​ថា ជា​ធម្មតា អតិជន​តែង​តែ​មាន​ការ​ត្អូញត្អែរ​ពី​រឿង​នេះ ប៉ុន្តែ​ពួក​គេ​ពុំ​បាន​គិត​ដល់​ពី​ផល​វិបាក​របស់​ស្ត្រី​ជា​ម្ដាយ​នោះ​ទេ ហើយ​តាម​គោលការណ៍​បច្ចេកទេស​លើ​មុខងារ​សេវា​សាធារណៈ ត្រូវ​តែ​តម្រូវ​តាម​បច្ចេកទេស តែ​បញ្ហា​នេះ​ខុស​ចិត្ត​អតិថិជន៖ «ខ្ញុំ​គ្រាន់​តែ​ក្រឡេក​មើល​ឃើញ​ថា បញ្ហា​ដែល​វា​កើត​ឡើង​ហ្នឹង ភាគ​រយ​តិចតួច​ពេក បើ​យើង​យក ១​ករណី​មក​និយាយ យក​ពីរ​ករណី​មក​និយាយ ក្នុង​ចំណោម​រាប់​រយ​ករណី មិន​ទទួល​ខុស​ត្រូវ អា​ហ្នឹង​វា​អាស្រ័យ​លើ​ការ​ចោទ​ប្រកាន់​ទេ។ ខ្ញុំ​មិន​បដិសេធ​ទេ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​អតិថិជន។ យើង​ជា​អ្នក​លក់​ម្ហូប បើ​អតិថិជន​ថា​មិន​ឆ្ងាញ់ គាត់​មាន​សិទ្ធិ​ប្ដឹង»

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ លោក កាក់ សិលា បញ្ជាក់​ថា អតិថិជន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចោទ ឬ​ប្ដឹងផ្ដល់​ចំពោះ​កំហុស​ឆ្គង​នៅ​ក្នុង​សេវា​របស់​រដ្ឋ ហើយ​មន្ទីរពេទ្យ​រង់ចាំ​កែលំអ និង​រង់ចាំ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់។

ប៉ុន្តែ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី គូស​បញ្ជាក់​ថា មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជា​មន្ទីរពេទ្យ​របស់​រដ្ឋ ដូច្នេះ​ពួក​គេ​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ។ លោក​ថា កាតព្វកិច្ច​របស់​មន្ត្រី​រាជការ គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «អ៊ីចឹង យើង​កុំ​យក​មូលហេតុ​ផ្សេងៗ ខ្ញុំ​មិន​ច្បាស់​ដោយសារ​បញ្ហា​ស្ត្រី​នេះ​អត់​លុយ ឬ​ដោយសារ​កត្តា​អ្វី​ទេ តែ​ទោះ​បី​យ៉ាង​ណា​ក៏ដោយ បញ្ហា​អ្វី​ទាំងអស់ ត្រូវ​ទម្លាក់​ចោល​ទាំងអស់ ហើយ​យក​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អាយុ​ជីវិត​ទារក និង​ម្ដាយ​នេះ​ជា​ចម្បង ពីព្រោះ​រៀង​រាល់​ឆ្នាំ ថវិកា​ចំណាយ​ទៅ​លើ​ក្រសួង​សុខាភិបាល មិន​តិច​ទេ។ ខ្ញុំ​នឹង​ចូល​រួម​ប្រជុំ​ការ​ប្រជុំ​ប្រចាំ​ខែ និយាយ​អំពី​បញ្ហា​សមធម៌។ យើង​នឹង​លើក​បញ្ហា​នេះ​ជាមួយ​នឹង​មន្ទីរពេទ្យ។ យើង​នឹង​សុំ​ឲ្យ​មាន​បញ្ហា​នេះ កុំ​មាន​បញ្ហា​កើត​មាន​ឡើង​ថែម​ទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ»

ស្ត្រី​រងគ្រោះ​ឈ្មោះ ឈើត គឹមឈឿត ក្រោយ​ពី​ទទួល​បាន​ការ​វះកាត់​យក​កូន​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទៃ​នោះ​ចេញ​ដោយ​សុវត្ថិភាព បច្ចុប្បន្ន​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​គ្លីនិក សុខ សម្ភព នៅ​ឡើយ រង់ចាំ​រយៈពេល​ច្រើន​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​មុខ​របួស​ជា ទើប​អាច​ចេញ​ទៅ​ផ្ទះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។