សង្គម​ស៊ីវិល​គាំទ្រ​យុទ្ធនាការ​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​សាធារណជន គាំទ្រ​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ទទួល​បាន​លទ្ធផល​ល្អ​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ។

ពួក​គេ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ ត្រូវ​បន្ត​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នេះ​ឲ្យ​បាន​ជា​ប្រចាំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​កញ្ចប់​ថវិកា​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​សមត្ថកិច្ច​ជំនាញ សម្រាប់​បំពេញ​បេសកកម្ម​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

មន្ត្រី​សង្គម​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ សរសើរ​ចំពោះ​សកម្មភាព​របស់​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​នគរបាល ក្នុង​ការងារ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ដែល​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ ឬ​ជន​ល្មើស​គ្រឿង​ញៀន​រាប់​រយ​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​កាល​ពី​ឆ្នាំ​២០១៦។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​កត់​សម្គាល់​ថា បញ្ហា​គ្រឿង​ញៀន​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​នៅ​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ទោះ​បី​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត​នេះ ចាប់​បាន​ជន​ល្មើស​រាប់​រយ​នាក់​បែប​ណា​ក្តី។

មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ទម្លាក់​ថវិកា​ឲ្យ​បាន​ច្រើន​មក​ដល់​កម្លាំង​ជំនាញ​នៅ​តាម​មូលដ្ឋាន​នានា ក្នុង​បេសកកម្ម​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​កាន់​តែ​មាន​ប្រសិទ្ធភាព និង​កម្លាំង​សមត្ថកិច្ច​មាន​ទឹក​ចិត្ត​ចុះ​បំពេញ​ការងារ​របស់​ខ្លួន « កន្លង​មក​យើង​បាន​ឮ​ការ​ត្អូញត្អែរ​ពី​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​ថា ការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ពួក​គេ​ខ្វះ​ថវិកា និង​ពេលវេលា​ក្នុង​ការ​ចុះ​បង្ក្រាប។ ពេល​ខ្លះ​គាត់​និយាយ​ថា បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ។ ហេតុ​នេះ ស្នើ​ដល់​ក្រសួង​ការពារ​ជាតិ ក៏ដូចជា​ក្រសួង​មហាផ្ទៃ សូម​មេត្តា​ផ្តល់​ការ​លើក​ទឹក​ចិត្ត ឬ​ប្រាក់​រង្វាន់ និង​ប្រាក់​សម្រាប់​ការ​ចុះ​ប្រតិបត្តិការ​សម្រាប់​បង្ក្រាប​គ្រឿង​ញៀន​ដល់​កម្លាំង​សមត្ថកិច្ច​យើង​នៅ​ថ្នាក់​ក្រោម​ឲ្យ​បាន​គ្រប់គ្រាន់ »

របាយការណ៍​របស់​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៦ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ សមត្ថកិច្ច​ស្ថាប័ន​នេះ​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេះ​បាន​ចំនួន ៨៥​ករណី​ក្នុង ១៥២​មុខ​សញ្ញា និង​មាន​ស្ត្រី​ចំនួន ២៣​នាក់​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស។

ករណី​ជួញដូរ និង​ចែកចាយ​គ្រឿង​ញៀន​មាន​ចំនួន ៦៣​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ១៥២​នាក់ មាន​ស្ត្រី ២១​នាក់។ ករណី​រក្សា​ទុក​សារធាតុ​ញៀន និង​ការ​ដឹក​ជញ្ជូន​មាន ១៥​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ២៣​នាក់ មាន​ស្ត្រី ១​នាក់។ ករណី​ប្រើប្រាស់​គ្រឿង​ញៀន​មាន​ចំនួន ១៧​ករណី មាន​ស្ត្រី ១​នាក់។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ស្ថាប័ន​តុលាការ ត្រូវ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្តិ​បទល្មើស​គ្រឿង​ញៀន​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​មិន​ត្រូវ​ឲ្យ​មាន​ការ​ធានា​ជន​ល្មើស​គ្រឿង​ញៀន បាន​រស់នៅ​ក្រៅ​ពន្ធនាគារ​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​សុវត្ថិភាព​របស់​ក្រុម​យុវជន ឬ​កូន​ចៅ​ជំនាន់​ក្រោយ ដែល​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ធ្វើ​ចរាចរណ៍​គ្រឿង​ញៀន ដែល​បច្ចុប្បន្ន​បាន​ធ្វើ​សកម្មភាព​ពី​ទីប្រជុំជន​រហូត​ដល់​មូលដ្ឋាន​ឃុំ-សង្កាត់​នានា បើ​សមត្ថកិច្ច​ទប់ស្កាត់​មិន​មាន​ប្រសិទ្ធភាព « ខ្ញុំ​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​លោក​រៀបចំ​ឲ្យ​មាន​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទូទាំង​ប្រទេស ដើម្បី​ប្រមូល​ជន​ប្រើប្រាស់​គ្រឿង​ញៀន​យក​មក​បន្សាប​គ្រឿង​ញៀន និង​ចាប់​មេខ្លោង​គ្រឿង​ញៀន​យក​ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។ ដូច្នេះ ខ្ញុំ​សំណូមពរ​ថា នៅ​ខេត្ត​ព្រះសីហនុ យើង គឺ​នៅ​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន និង​ជួញដូរ​គ្រឿង​ញៀន​នៅ​មាន​ចំនួន​ច្រើន​ណាស់។ សូម​សំណូមពរ​ដល់​កម្លាំង​សមត្ថកិច្ច ក៏ដូចជា​ក្រសួង​ការពារ​ជាតិ និង​ស្ថាប័ន​ក្រសួង​យុត្តិធម៌ ជាដើម មេត្តា​ជួយ​សហការ​គ្នា​ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បន្ត​ទៅ​ទៀត »

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត ថ្លែង​ថា បទល្មើស​គ្រឿង​ញៀន កម្លាំង​ជំនាញ​នគរបាល​ស្ថាប័ន​នេះ​នៅ​តែ​បន្ត​ចុះ​ស្រាវជ្រាវ​រក​មេ​ខ្លោង​ផលិត និង​ចែកចាយ​ទាំង​នៅ​ទីប្រជុំជន និង​នៅ​ទី​ជនបទ​ជា​រៀង​រាល់​ថ្ងៃ។

លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា ត្រូវ​សហការ​ផ្តល់​ព័ត៌មាន​មក​កម្លាំង​សមត្ថកិច្ច​ឲ្យ​បាន​ឆាប់ បើ​សង្ស័យ​ទីតាំង​ណា​មួយ ឬ​ស្គាល់​អត្តសញ្ញាណ​របស់​ជន​ល្មើស​លួច​ផលិត ឬ​ជួញដូរ​គ្រឿង​ញៀន ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឈាន​ដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ស៊ុន សុផាត ដែល​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ផង​នោះ បាន​រំឭក​ទៅ​ដល់​ក្រុម​យុវជន ត្រូវ​ងាក​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ដើម្បី​លើក​ស្ទួយ​អនាគត​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ មាន​សុភមង្គល​រុងរឿង និង​រួម​ចំណែក​ឲ្យ​ផែនការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជាមួយ​រដ្ឋាភិបាល ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត « សូម​ផ្ដាំ​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ និង​ទូទាំង​ប្រទេស​កម្ពុជា ទាំងមូល សូម​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ការងារ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​រីក​ចម្រើន​ជាមួយ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​បង្ក្រាប​គ្រឿង​ញៀន​ពី​កម្ពុជា ឲ្យ​អស់។ សូម្បី​តែ​ការ​ចែកចាយ ការ​ផលិត ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ជាដើម​ឲ្យ​បាន​ជា​ស្ថាពរ​នៅ​កម្ពុជា នា​ថ្ងៃ​ខាង​មុខ »

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ចង់​ឃើញ​កម្លាំង​នគរបាល និង​កម្លាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដទៃ​ទៀត រួម​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ ដែល​ធ្វើ​សកម្មភាព​យូរ​ឆ្នាំ​នៅ​មូលដ្ឋាន​នេះ​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ។

អ្នកស្រី​កត់​សម្គាល់​ថា បទល្មើស​ទាំងនេះ ជន​ប្រព្រឹត្តិ​ល្មើស​ហាក់​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ ហើយ​ក៏​ធ្លាប់​មាន​លេច​ឮ​ព័ត៌មាន​មក​ថា មាន​បុគ្គល​ជា​សមត្ថកិច្ច​នៅ​តាម​ស្ថាប័ន​ជំនាញ​ខ្លះ មាន​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​ទាំងនេះ​ថែម​ទៀត « ខ្ញុំ​តែងតែ​បាន​ទទួល​ព័ត៌មាន​មិន​ផ្លូវ​ការ​មក​ថា នៅ​ទីកន្លែង​ណា​ក៏ដោយ ការ​ជួញដូរ​គ្រឿង​ញៀន​នេះ តែងតែ​មាន​អ្នក​នៅ​ពី​ក្រោយ​ជា​មនុស្ស​ដែល​មាន​សិទ្ធិ​អំណាច មាន​ឋានៈ​ធំៗ ដែល​យើង​ពិបាក​ក្នុង​ការ​ស្វែងរក​ចាប់​ខ្លួន​ជន​ល្មើស។ ដូច្នេះ​ខ្ញុំ​គិត​ថា ការ​ធ្វើ​ចរាចរណ៍ ឬ​ការ​ជួញដូរ​គ្រឿង​ញៀន​នេះ បើ​មិន​មាន​ការ​គាំទ្រ ឬ​មិន​មាន​ការ​ជួយ​ធ្វើ​ជា​ខ្នង​បង្អែក​ពី​អ្នក​មាន​អំណាច ពី​មន្ត្រី​ធំៗ​ទេ គឺ​ការ​ធ្វើ​ចរាចរណ៍​គ្រឿង​ញៀន​មិន​អាច​មាន​សកម្មភាព​នៅ​កម្ពុជា បាន​ទេ »

អ្នកស្រី សុធារី ស្នើ​ដល់​ស្ថាប័ន​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ឲ្យ​ត្រួត​ពិនិត្យ​កម្លាំង​ជំនាញ​របស់​ខ្លួន តាម​រយៈ​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ទៅ​លើ​កង​កម្លាំង​ម្នាក់ៗ ដើម្បី​ឲ្យ​ប្រាកដ​ថា កម្លាំង​សមត្ថកិច្ច​ទាំងនោះ​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន ទើប​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព​បាន​យូរ​អង្វែង។

អ្នក​សម្របសម្រួល​សមាគម​អាដហុក អ្នកស្រី សុធារី គាំទ្រ​ការ​ប្រកាស​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត ឬ​ការ​ដំឡើង​ឋានៈ​របស់​ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ ពិសេស​រដ្ឋាភិបាល ទៅ​ដល់​កម្លាំង​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ណា​ដែល​មាន​ស្នាដៃ ក្នុង​ការងារ​ចុះ​បង្ក្រាប​បទល្មើស​ផ្សេងៗ មាន​បទល្មើស​គ្រឿង​ញៀន​ជាដើម ទទួល​បាន​លទ្ធផល ឬ​មាន​ស្នាដៃ​ល្អ « សារធាតុ​សម្រាប់​ផលិត​គ្រឿង​ញៀន​នេះ មិន​មែន​កើត​មាន​នៅ​ស្រុក​ខ្មែរ​ទេ។ ស្រុក​ខ្មែរ​យើង​មិន​មាន​សារធាតុ​ដើម​សម្រាប់​ផលិត​គ្រឿង​ញៀន​នេះ​ទេ គឺ​ភាគច្រើន​បាន​ឆ្លង​កាត់ ឬ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ អ៊ីចឹង​ចង់​សួរ​ថា ការ​ឆ្លង​កាត់​សារធាតុ​ដើម​សម្រាប់​ផលិត​គ្រឿង​ញៀន​ពី​ក្រៅ​ប្រទេស​ហ្នឹង តើ​ឆ្លង​កាត់​ដោយ​របៀប​ណា ? ព្រោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដាក់​ពង្រាយ​គ្រប់​ច្រកល្ហក​ទាំងអស់ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​សារធាតុ​ហ្នឹង​អាច​មាន​ការ​នាំ​ចូល ឬ​ហូរ​ចូល​មក​កម្ពុជា បាន។ អ៊ីចឹង​ខ្ញុំ​ចង់​និយាយ​ថា សុំ​ឲ្យ​មាន​ការ​រឹត​បន្តឹង ឬ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង​រាល់​ថ្ងៃ​ហ្នឹង​ទៀត ដើម្បី​រក​ឲ្យ​ឃើញ​នូវ​មេ​ខ្លោង​ធំៗ​ទាំងអស់​ហ្នឹង​យក​មក​ផ្ដន្ទាទោស »

យ៉ាង​នេះ​ក្តី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​សាធារណជន បាន​កត់​ស្គាល់​ថា កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ សមត្ថកិច្ច​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​សហការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​ករណី និង​បាន​ចាប់​បញ្ជូន​ជន​ប្រព្រឹត្តិ​ល្មើស​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​រាប់​រយ​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។