ពលរដ្ឋស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្អូញត្អែរអំពីបញ្ហាផ្លូវលំមួយខ្សែចម្ងាយប្រហែលជាង ៣០គីឡូម៉ែត្រ តាមបណ្តោយទន្លេមេគង្គ ខូចខាត និងមានដីហុយខ្លាំង។ ពលរដ្ឋដែលរស់នៅតាមដងផ្លូវ ឲ្យដឹងថា ពួកគាត់ និងអ្នកធ្វើដំណើរ កំពុងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារធូលីដីហុយខ្លាំងជាច្រើនឆ្នាំកន្លងមក។ ចំណែកកុមារមួយចំនួនមានជំងឺផ្លូវដង្ហើម និងសួត បណ្ដាលមកពីធូលីដីហុយនោះ។
ពលរដ្ឋរស់នៅស្រុកព្រែកប្រសព្វ នៅថ្ងៃទី៣ មករា អំពាវនាវឲ្យរដ្ឋាភិបាល ពន្លឿនការអភិវឌ្ឍផ្លូវលំមួយខ្សែក្រាលក្រួសក្រហម មានធូលីដីហុយខ្លាំង ប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងអ្នកធ្វើដំណើរឆ្លងកាត់។ អ្នកភូមិចាត់ទុកថា ធូលីដីហុយខ្លាំងបង្កគុណវិបត្តិ ងាយនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់សុខភាពពលរដ្ឋ និងកុមារ។
ពលរដ្ឋមានទីលំនៅជាប់ផ្លូវនោះ រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បារម្ភដូចៗគ្នាថា បើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ នៅតែពន្យារពេលកសាងផ្លូវនេះ នឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ជីវិតរស់នៅរបស់ពលរដ្ឋរាប់ម៉ឺននាក់ ដែលកំពុងធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិត រួមទាំងសិស្សានុសិស្សទៅសាលារៀនផង៖ «វាហុយខោអាវក្នុងផ្ទះក្រហមអស់ហើយ ពេលយើងហូបបាយម្តងៗ រកតែហូបបាយមិនចង់កើត។ ក្មេងវាច្រើនតែរលាកបំពង់ក ដល់ពេលវាហុយ»។
ពលរដ្ឋរស់នៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយ លោកស្រី ញឹប ម៉ៅ និយាយថា នៅពេលមានរថយន្តធ្វើដំណើរម្តងៗ ធូលីដីហុយចូលផ្ទះបណ្ដាលឲ្យប្រឡាក់ចានឆ្នាំង ភួយខ្នើយ និងសម្ភារៈផ្សេងៗទៀត។ លោកស្រីកត់សម្គាល់ថា ផ្លូវមួយខ្សែនេះហុយជាង ១០ឆ្នាំមកហើយ បណ្ដាលឲ្យកុមារតូចៗមួយចំនួន កំពុងមានជំងឺផ្លូវដង្ហើម និងសួត៖ «ប៉ះពាល់ច្រើនរលាកបំពង់ក ក្អកផ្ដាសាយចង់គ្រប់គ្នា បើផ្លូវចឹង»។
ឆ្លើយតបការព្រួយបារម្ភនេះ អភិបាលស្រុកព្រែកប្រសព្វ លោក អៀន ភារម្យ បញ្ជាក់ថា ការព្រួយបារម្ភរបស់ពលរដ្ឋ អាជ្ញាធរស្រុកកំពុងរកមធ្យោបាយអភិវឌ្ឍផ្លូវនោះ ដូចជាក្រាលកៅស៊ូ តែការអភិវឌ្ឍផ្លូវមួយខ្សែនេះមានលក្ខណៈធំធេង ហួសពីសមត្ថភាពអាជ្ញាធរស្រុក។ លោកថា គម្រោងនៃការអភិវឌ្ឍផ្លូវនេះ គឺជាកញ្ចប់ថវិកាជាតិ៖ «រាជរដ្ឋាភិបាលកំណត់មកមានថវិកាកំណត់តាមពេលវេលាតាមឆ្នាំគម្រោង។ រឿងផ្លូវកៅស៊ូ គង់តែបាន ព្រោះវាជាផែនការរាជរដ្ឋាភិបាល»។
ផ្លូវក្រាលក្រួសក្រហមដែលមានប្រវែងជាង ៣០គីឡូម៉ែត្រ តាមបណ្តោយទន្លេមេគង្គចាប់ពីទីរួមស្រុកព្រែកប្រសព្វ ឆ្លងកាត់ឃុំចំនួន៦ ដូចជា ឃុំព្រែកប្រសព្វ ឃុំតាម៉ៅ ឃុំកំពង់គរ ឃុំចំបក់ ឃុំជ្រោយបន្ទាយ និងឃុំសោប។ ឃុំទាំងនេះមានពលរដ្ឋរស់នៅអមសងខាងផ្លូវរាប់ពាន់គ្រួសារ។ ពលរដ្ឋទាំងនោះ បានចាត់ទុកផ្លូវមួយខ្សែនោះជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ពួកគាត់ ដូចជាការដឹកជញ្ជូនកសិផល និងការប្រកបរបរចិញ្ចឹមជីវិត ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តក្រចេះ លោក សរ ចំរុង ដើម្បីសុំការបញ្ជាក់ពីបញ្ហានេះបានទេ នៅថ្ងៃទី៣ មករា។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ល្បឿននៃការអភិវឌ្ឍរបស់រដ្ឋាភិបាលដើម្បីធានានូវសុខុមាលភាពពលរដ្ឋ ហាក់មានគម្លាតឆ្ងាយរវាងទីប្រជុំជន និងនៅជនបទ។ បញ្ហានេះ បង្កជាការរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ និងផលប៉ះពាល់សុខភាព ដែលជាផ្នែកមួយនាំឲ្យខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ និងសន្តិភាព លោក យង់ គិមអេង កត់សម្គាល់ថា រដ្ឋាភិបាលហាក់មិនបានបែងចែកការអភិវឌ្ឍឲ្យមានតុល្យភាព បង្កផលសញ្ញាអវិជ្ជមានដល់ការទទួលបានសេវាសាធារណៈរបស់ពលរដ្ឋ។ លោកថា រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីទប់ស្កាត់ផលប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេសកុមារ៖ «ផលប៉ះពាល់ទៅលើបញ្ហាសុខភាពប្រជាពលរដ្ឋ អាចនឹងធ្វើឲ្យពួកគាត់ចំណាយច្រើន ហើយកាលណាគាត់ចំណាយច្រើន គាត់អាចធ្លាក់ចូលក្នុងភាពក្រីក្រ»។
ទាក់ទិនបញ្ហានេះ លោកវេជ្ជបណ្ឌិត សុខ សោភ័ណ្ឌ ធ្លាប់មានប្រសាសន៍ថា ធូលីដីប៉ះពាល់ដល់ផ្លូវដង្ហើម និងសួត ដែលបណ្ដាលឲ្យមានជំងឺរលាកសួត។ លោកបារម្ភថា កុមារប្រឈមសុខភាពធ្ងន់ធ្ងរជាងមនុស្សចាស់ នៅពេលដែលស្រូបធូលីដីនេះ៖ «ពិសេសក្មេង ភ្នាសអំបោះសួតហ្នឹងវានៅខ្ចី កាលណាបឺតចូលធ្វើឲ្យរលាក»។
ស្រុកព្រែកប្រសព្វ ឋិតនៅទិសខាងលិចនៃទីរួមខេត្តក្រចេះ ឆ្លងកាត់ទន្លេមេគង្គ។ ពលរដ្ឋរស់នៅស្រុកនេះ ច្រើនធ្វើដំណើរមកទីរួមខេត្តដោយមធ្យោបាយឆ្លងសាឡាង ឬទូកដ។ ស្រុកនេះមានពលរដ្ឋរស់នៅជាង ៧ម៉ឺននាក់ (៧១.៣១៣នាក់) ស្មើនឹងពលរដ្ឋជាង ១ម៉ឺន ៥ពាន់គ្រួសារ (១៥.១៩៧គ្រួសារ) ក្នុងឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
