ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលំក្រួសក្រហមប្រវែងជាង ៤០គីឡូម៉ែត្រ ចេញពីស្រុកជីក្រែង ឆ្ពោះទៅឃុំខ្វាវ កំពុងរងការប៉ះពាល់សុខភាព ដោយសារតែធូលីដីហុយខ្លាំងនៅក្នុងរដូវប្រាំងនេះ។
ជារៀងរាល់ថ្ងៃ ដីហុយខ្លាំងបណ្ដាលមកពីក្រុមហ៊ុនឯកជនខ្លះ រួមនឹងក្រុមហ៊ុនចិន សៀងហៃ ផង តែងបើកឡានធំៗដឹកដី និងដឹកថ្មឆ្លងកាត់ ប៉ុន្តែមិនដែលជួយយកទឹកស្រោចផ្លូវនោះកុំឲ្យហុយឡើយ។
ប្រជាពលរដ្ឋជាច្រើនរយគ្រួសាររស់នៅតាមបណ្ដោយផ្លូវលំក្រាលក្រួសក្រហម ចេញពីស្រុកជីក្រែង ទៅឃុំខ្វាវ មិនសប្បាយចិត្តចំពោះដីហុយជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យរំខានដល់ការរស់នៅ ព្រមទាំងប៉ះពាល់ដល់សុខភាពផងនោះទេ។
ក្រុមអ្នកភូមិចង់ឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ និងដោះស្រាយយ៉ាងណាដើម្បីកាត់បន្ថយបញ្ហាដីហុយនៅក្នុងតំបន់ដែលពួកគេរស់នៅ។
បុរសអ្នកភូមិខ្វាវ ឃុំខ្វាវ ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលរងការប៉ះពាល់ជាច្រើនទៀត គឺលោក ឡុង យាន។ លោកមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ លោកមានអារម្មណ៍មិនល្អទេ នៅពេលដែលធូលីដីហុយខ្លាំងចូលក្នុងផ្ទះ មិនថាពេលសម្រាន្ត ឬក៏ពេលពិសាអាហារឡើយ៖ « រាល់ថ្ងៃមានក្រុមហ៊ុនចិន ដឹកថ្ម មានឯកជនគេដឹកដីលក់តាមភូមិ ធ្វើឲ្យដីហុយ ហើយប្រជាពលរដ្ឋរងការប៉ះពាល់ ហូបក៏មិនបាន អង្គុយក៏មិនស្រួលទេ »។
កាលពីឆ្នាំ២០១៦ ស្ថានភាពផ្លូវហុយដីខ្លាំងនេះ ធ្លាប់បង្កឲ្យប្រជាពលរដ្ឋខ្លះនៅឃុំខ្វាវ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មើលផ្លូវមិនឃើញ ហើយបើកម៉ូតូបុកគ្នា។ កាលណោះប្រជាពលរដ្ឋជាច្រើនភូមិធ្លាប់រួមគ្នាបិទកំណាត់ផ្លូវលំ មិនឲ្យរថយន្តដឹកដី និងថ្មបើកឆ្លងកាត់ ក៏ប៉ុន្តែមិនយូរប៉ុន្មាន បានបើកឲ្យរថយន្តធ្វើចរាចរវិញ បន្ទាប់ពីក្រុមហ៊ុនបានធានាស្រោចទឹកលើផ្លូវកុំឲ្យដីហុយ។
បច្ចុប្បន្ន កំណាត់ផ្លូវលំក្រួសក្រហមចម្ងាយប្រមាណ ៤០គីឡូម៉ែត្រដែលមានធូលីដីហុយនោះ កំពុងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជាង ១.០០០គ្រួសារ រស់នៅក្នុងឃុំខ្វាវ ឃុំពង្រលើ និងឃុំពង្រក្រោម របស់ស្រុកជីក្រែង។
មេឃុំខ្វាវ លោក គញ់ ហ៊ត មានប្រសាសន៍ថា បញ្ហាដីហុយនេះលោកមិនមានដំណោះស្រាយអ្វីឲ្យប្រសើរទេ។ លោកមេឃុំក៏មានកង្វល់ដូចប្រជាពលរដ្ឋដែរ ពីព្រោះផ្ទះរបស់លោកក៏កំពុងទទួលរងការប៉ះពាល់ដោយសារធូលីដីហុយដូចគ្នា៖ « ចាំមើលខ្ញុំប្រជុំក្រុមប្រឹក្សាឃុំស្អែក។ យើងនឹងពិភាក្សាថា តើគួរដាក់វិធានការទប់ស្កាត់យ៉ាងម៉េច ?»។
ចំណែកអភិបាលស្រុកជីក្រែង លោក ពៅ ប៊ុនធឿន សុំឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលំនោះមានការអត់ធ្មត់ ពីព្រោះតែគម្រោងសាងសង់ផ្លូវនោះជិតបញ្ចប់ហើយ។ លោកអភិបាលស្រុកជីក្រែង មានប្រសាសន៍ថា ផ្លូវលំនោះ គឺកងវិស្វកម្មនៃក្រសួងការពារជាតិ កំពុងធ្វើ បំណងឈានទៅដល់ការចាក់កៅស៊ូ ប៉ុន្តែដំណាក់កាលនេះ គឺទើបតែចាក់ក្រួសក្រហមនៅឡើយ ទើបបណ្ដាលឲ្យហុយ។
លោកអភិបាលស្រុកជីក្រែង បញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនធ្វើផ្លូវក៏បានប្រើឡានទឹកបាញ់កុំឲ្យហុយដីដែរ ក៏ប៉ុន្តែមិនអាចទប់ស្កាត់បានទេ ពីព្រោះវាជារដូវប្រាំង ធ្វើឲ្យដីស្ងួតលឿន៖ « យើងបានណែនាំឲ្យក្រុមហ៊ុនធ្វើផ្លូវ ត្រូវស្រោចទឹកលើផ្លូវក្នុងមួយថ្ងៃចំនួន ៣ដង ក៏ប៉ុន្តែខែនេះក្ដៅ បន្ទាប់ពីស្រោចទឹកបានតែ ២ - ៣ម៉ោងក៏ហុយទៀត »។
ផ្លូវលំក្រាលក្រួសក្រហមពីស្រុកជីក្រែង ទៅឃុំខ្វាវ ចម្ងាយជាង ៤០គីឡូម៉ែត្រ ដែលចេញថវិកាចាក់កៅស៊ូដោយក្រសួងសាធារណការ និងដឹកជញ្ជូន នោះ នឹងធ្វើឡើងជាជំហានៗ។ គម្រោងចាក់កៅស៊ូលើផ្លូវលំមួយខ្សែនេះ អាចនឹងធ្វើរួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
