ស្របពេលដែលរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យដំឡើងពន្ធលើថ្នាំជក់នៅដើមខែកក្កដា ខាងមុខនេះ អ្នកធ្វើការប្រឆាំងនឹងថ្នាំជក់ ដើម្បីលើកកម្ពស់សុខភាព នៅតែមើលឃើញថា ការបង់ពន្ធនោះនៅទាបនៅឡើយ។ អាជីវករយល់ថា ការដំឡើងពន្ធបារី ប៉ះពាល់អ្នកជក់។
អ្នកជំនាញខាងសុខភាពដែលបារម្ភពីផលប៉ះពាល់បណ្ដាលមកពីផលិតផលថ្នាំជក់ យល់ឃើញថា ការដំឡើងពន្ធលើថ្នាំជក់ ជាពិសេសបារី គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការគ្រប់គ្រងថ្នាំជក់។
នាយកប្រតិបត្តិសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ អ្នកស្រី បាំងអន រិទ្ធីផាក់ឌី (Bungon Ritthiphakdee) មានប្រសាសន៍ថា ការដំឡើងពន្ធថ្នាំជក់ គឺជាយុទ្ធសាស្ត្រឈ្នះឈ្នះ ដែលធ្វើឲ្យអ្នកជក់បារីថយចុះ និងធ្វើឱ្យរដ្ឋបានចំណូលពន្ធច្រើន៖ «វាក៏ឆ្លើយតបទៅនឹងប្រធានបទនៃទិវាពិភពលោកគ្មានថ្នាំជក់ ដែលមាននៅក្នុងប៉ូស្ទើរនេះស្រាប់។ គេដាក់ថា ដំឡើងពន្ធលើផលិតផលថ្នាំជក់ ធ្វើឱ្យផលិតផលថ្នាំជក់ឡើងថ្លៃខ្ពស់ ហើយក៏ធ្វើអត្រានៃការស្លាប់ ដែលបណ្ដាលមកពីការជក់បារីហ្នឹងថយចុះ ហើយក៏ធ្វើឱ្យជំងឺមកពីការជក់បារីថយចុះទៀត»។
អ្នកជំនាញទាំងនេះ ទទូចចង់ឱ្យរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធលើថ្នាំជក់ឱ្យបានទៀងទាត់ ព្រោះពន្ធថ្នាំជក់នៅក្នុងប្រទេសនេះ មានកម្រិតទាបជាងគេនៅក្នុងតំបន់អាស៊ាន។ តាមអនុសាសន៍របស់ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក តម្រូវថា ការដំឡើងពន្ធថ្នាំជក់គប្បីក្នុងចន្លោះពី ៦៨% ទៅ ៨០%។
ក៏ប៉ុន្តែ ប្រធានទីផ្សារលក់ផលិតផលបារីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះក្រុមហ៊ុន គឺលោក ដាន ចាន់សុភា មានប្រសាសន៍ថា ការដំឡើងពន្ធថ្នាំជក់ គឺបារី នឹងធ្វើឱ្យប៉ះពាល់ដល់ទាំងអាជីវកម្ម និងសេដ្ឋកិច្ចអ្នកប្រើប្រាស់៖ «ធម្មតាបើនៅទីផ្សារស្រុកខ្មែរយើងថា ប្រជាជននៅក្នុងហ្នឹងឃើញ បើសិនជាតម្លៃបារីឡើងថ្លៃ ជាធម្មតាវាត្រូវធ្លាក់ប៉ះពាល់ទីផ្សារហើយ ដោយសារតម្លៃវាថ្លៃ ហើយសេដ្ឋកិច្ចនៅស្រុកខ្មែរយើង ប្រជាជនខ្មែរយើងនៅភាគរយច្រើនវាមិនទាន់ជាធូរធារទេ។ អ៊ីចឹង វាត្រូវប៉ះពាល់ទៅដល់អតិថិជនរបស់ខ្ញុំហើយ»។
ទាក់ទងបញ្ហានេះ អ្នកស្រី បាំងអន រិទ្ធីផាក់ឌី មានប្រសាសន៍ថា ក្រុមហ៊ុនថ្នាំជក់នៅប្រទេសជាច្រើនតែងលើកហេតុផលដូចគ្នា ប៉ុន្តែអ្នកស្រីបញ្ជាក់ថា ហេតុផលដែលក្រុមហ៊ុនលើកឡើងនេះ ជាការមិនពិត៖ «តាមពិត ផ្ទុយស្រឡះពីការអះអាងរបស់ក្រុមហ៊ុនថ្នាំជក់ គឺការដំឡើងពន្ធថ្នាំជក់ហ្នឹងជួយដល់ជនក្រីក្រទៅវិញទេ ព្រោះថានៅពេលដែលថ្នាំជក់ឡើងថ្លៃខ្ពស់ ពួកគាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ហើយប្រាក់ដែលគេសន្សំពីការឈប់ប្រើប្រាស់ថ្នាំជក់ហ្នឹង គេអាចយកទៅទិញផលិតផលមានប្រយោជន៍ផ្សេងៗទៀត»។
អ្នកស្រី បាំងអន រិទ្ធីផាក់ឌី ថ្លែងថា នៅប្រទេសមួយចំនួនជួបការលំបាកក្នុងការដំឡើងពន្ធលើបារី ព្រោះតែអន្តរាគមន៍របស់ក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់។ អ្នកស្រីថា ក្រុមហ៊ុនតែងព្យាយាមគ្រប់មធ្យោបាយ រារាំងការដំឡើងពន្ធ ដោយលើកហេតុផលថា ការដំឡើងពន្ធធ្វើឱ្យបាត់ចំណូលរដ្ឋ ការលក់ធ្លាក់ចុះ។ អ្នកស្រី បាំងអន បញ្ជាក់ថា តាមពិសោធន៍ពីប្រទេសថៃ បង្ហាញថា ការដំឡើងពន្ធលើថ្នាំជក់ជាទៀងទាត់ នាំឱ្យរដ្ឋកើនចំណូលរហូតក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។ អ្នកស្រីថា ជាក់ស្ដែងនៅប្រទេសហ្វីលីពីន បង្ហាញការដំឡើងពន្ធលើបារីពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ធ្វើឱ្យរដ្ឋកើនចំណូល ១១១%៖ «ឥឡូវនេះ យើងឃើញថា ក្រសួងសេដ្ឋកិច្ច ក្រសួងហិរញ្ញវត្ថុ របស់ហ្វីលីពីន គាត់រីករាយនឹងគោលនយោបាយដំឡើងពន្ធលើផលិតផលថ្នាំជក់ ដោយសារគោលនយោបាយនេះយើងអនុវត្តន៍ទៅបានជោគជ័យ។ វាធ្វើឱ្យមានការកើនឡើងចំណូលពន្ធរបស់រដ្ឋាភិបាល»។
នាយកក្រុមមេធាវី អែស.ខេ.អែន.ភី (SK&P) កម្ពុជា លោកមេធាវី កែវ សុខគា ថ្លែងថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាការតម្រូវដោយអនុសញ្ញាអន្តរជាតិ ស្ដីពីការត្រួតពិនិត្យថ្នាំជក់៖ «ស្មារតីរបស់អនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ហ្នឹងដែរ ជាការពិតណាស់ គេលើកទឹកចិត្តឱ្យយើងដំឡើងពន្ធ ដើម្បីឱ្យតម្លៃបានថ្លៃ អ្នកប្រើប្រាស់ថយចុះ។ ប៉ុន្តែការដំឡើងពន្ធ គេថាកុំដំឡើងតែម្ដងចោល។ ដំឡើងហើយពិចារណាឡើងវិញ រកវិធីយ៉ាងម៉េចដំឡើងឱ្យបានទៀងទាត់។ ធ្វើម៉េចឱ្យកាន់តែខ្ពស់ទៅៗ ដើម្បីឱ្យវិធានការហ្នឹងមានប្រសិទ្ធភាព មិនឱ្យដំឡើងម្ដងអ៊ីចឹងទៅ ស្រាប់តែបាត់ ២០ ឬ ៣០ឆ្នាំអត់រវីរវល់ទេ។ មិនមែនអ៊ីចឹងទេ»។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ មិថុនា តំណាងអង្គការសុខភាពពិភពលោក វេជ្ជបណ្ឌិត យ៉ិល ដារាវុធ ថ្លែងសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលចេញអនុក្រឹត្យដំឡើងពន្ធលើថ្នាំជក់ ហើយនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
