ក្រុមវេជ្ជបណ្ឌិតឱ្យដឹងថា ពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋជាច្រើនលាននាក់នៅតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក កំពុងតែខាតបង់ថវិកាគ្រួសារ ខាតបង់ពេលវេលាធ្វើការងារ ព្រមទាំងទទួលការឈឺចាប់លើរាងកាយ ដោយសារតែជំងឺសើស្បែកជាច្រើនប្រភេទដែលត្រូវតែទទួលការព្យាបាលដ៏ចាំបាច់។
កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលមានប្រជាពលរដ្ឋខ្លះកំពុងជួបផលលំបាក និងប្រឈមមុខចំពោះបញ្ហាជំងឺសើស្បែកទាំងនោះដែរ។
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំសិក្ខាសាលាឥណ្ឌូចិនលើកទី២ ដែលមានក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រចំនួនជាង ២០០នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូចិន ចំនួន ១០ បានមករួមគ្នាដើម្បីចែករំលែកជំនាញ និងបទពិសោធន៍ ប្រយុទ្ធប្រឆាំងនឹងជំងឺសើស្បែកច្រើនប្រភេទ។
ក្រុមអ្នកឯកទេសដែលកំពុងជួបពិភាក្សាគ្នានៅខេត្តសៀមរាប ទាំងនោះ មានមកពីកម្ពុជា ប្រទេសឡាវ វៀតណាម ថៃ សិង្ហបុរី ប្រទេសម៉ាឡេស៊ី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិកជាដើម។
ប្រធានសមាគមគ្រូពេទ្យព្យាបាលជំងឺសើស្បែកកម្ពុជា និងជាសហប្រធាននៃសិក្ខាសាលាឥណ្ឌូចិន លើកទី២ គឺលោកវេជ្ជបណ្ឌិត ច័ន្ទ វិចិត្រ។ លោកមានប្រសាសន៍បន្ទាប់ពីបញ្ចប់ការថ្លែងបើកសិក្ខាសាលាស្ដីពីជំងឺសើស្បែក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ថា បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោកដែរ គឺប្រជាពលរដ្ឋកំពុងប្រឈមមុខនឹងជំងឺសើស្បែកជាច្រើនប្រភេទ។ នៅប្រទេសកម្ពុជា ជំងឺសើស្បែកដែលគេតែងជួបប្រទះជាញឹកញាប់មានដូចជា ជំងឺតាអក ការប្រតិកម្មស្បែក ការរលាកស្បែក និងសារធាតុអ្វីម្យ៉ាង ជំងឺបណ្ដាលមកពីផ្សិតសើស្បែក ពពួកវីរុស (Virus) នៅលើស្បែក ប៉ារ៉ាស៊ីតនៅលើស្បែក ជំងឺមុន និងជំងឺជាំមុខ ព្រមទាំងជំងឺជាច្រើនប្រភេទទៀត។
លោកវេជ្ជបណ្ឌិត ច័ន្ទ វិចិត្រ មានប្រសាសន៍ទៀតថា ក្នុងការជួបប្រជុំរវាងក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញខាងព្យាបាលជំងឺមកពីច្រើនប្រទេសពេលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ដើម្បីចែករំលែកបទពិសោធន៍គ្នាសម្រាប់ការព្យាបាលជំងឺសើស្បែក។
លោក ច័ន្ទ វិចិត្រ បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា នៅមានបញ្ហាចំពោះការព្យាបាលជំងឺសើស្បែកមួយចំនួន ដោយសារតែមិនទាន់មានលទ្ធភាពព្យាបាល។ លោករំពឹងថា កម្ពុជាអាចនឹងទទួលបានបទពិសោធន៍ថ្មីៗ និងជំនាញព្យាបាលពីអ្នកឯកទេសអន្តរជាតិ ក្នុងការព្យាបាលជំងឺសើស្បែកបន្ថែមទៀតតាមរយៈការចែករំលែកបទពិសោធន៍គ្នានេះ៖ «ជាទូទៅជំងឺអីក៏គេព្យាបាលបានដែរ គ្រាន់តែប្រទេសយើងដើរក្រោយគេ យើងអត់ទាន់មានលទ្ធភាពព្យាបាល។ លទ្ធភាពមានន័យថា ទាក់ទងនឹងថវិកា ទាក់ទងនឹងឱសថ ដែលទើបតែរកឃើញថ្មីៗដែលគេប្រើ»។
ក្រុមអ្នកឯកទេសផ្នែកព្យាបាលជំងឺសើស្បែកមកពីប្រទេសជប៉ុន លោក ហ្វ្រង់ស្វ័រ (Frangio) បានបង្ហាញអំពីការព្យាបាលជំងឺសើស្បែកដោយប្រើបច្ចេកទេសថ្មី ដូចជាជីមតេរ៉ាហ្វី និងកាំរស្មីឡាស៊ែរ ជាដើម ដែលប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន មិនទាន់មានប្រើនៅឡើយ។
អ្នកឯកទេសព្យាបាលជំងឺសើស្បែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ព្រំ ផានិត មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា នៅមានបញ្ហាកង្វល់លើការព្យាបាលជំងឺសើស្បែកមួយចំនួននៅឡើយ ដូចជាជំងឺរលាកស្បែក ជំងឺកើតមុន ជំងឺស្បែកប្រតិកម្មដោយសារការប្រើថ្នាំពេទ្យ និងជំងឺរ៉ាំរ៉ៃម្យ៉ាងទៀត ដែលប្រជាពលរដ្ឋរស់នៅទីជនបទមិនបានដឹង។ លោកវេជ្ជបណ្ឌិត ព្រំ ផានិត បញ្ជាក់ថា បើទោះជំងឺសើស្បែកនេះ លោកមិនដឹងពីចំនួនស្ថិតិជាតិថា មានប៉ុន្មានករណីច្បាស់លាស់ក៏ដោយ ក៏លោកតែជួបប្រទះរាប់ពាន់នាក់ក្នុង១ឆ្នាំៗ។
លោកវេជ្ជបណ្ឌិត ព្រំ ផានិត ពន្យល់ថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនតែងគិតថា ជំងឺសើស្បែក គឺគ្រាន់តែជាជំងឺធម្មតា ក៏ប៉ុន្តែជំងឺខ្លះវាមិនដូចការគិតនោះទេ គឺវាអាចធ្វើឱ្យអ្នកជំងឺស្លាប់បាន ប្រសិនបើមានការព្យាបាលមិនទាន់ពេល៖ «ជំងឺស្បែកហ្នឹងដំបូងយើងគិតថា ធម្មតា ប៉ុន្តែបើយើងធ្វើការសិក្សាព្យាបាលបទពិសោធន៍មក ជាជំងឺមួយដែលរំខាន ដូចជាជំងឺមួយចំនួនដែលគាត់ប្រើថ្នាំទៅវាមានប្រតិកម្មចេញកន្ទួលមកពេញខ្លួន»។
លោកវេជ្ជបណ្ឌិត ព្រំ ផានិត ពន្យល់ទៀតថា ជំងឺសើស្បែកត្រូវបែងចែកជា២ គឺទី១ វាគ្រាន់តែជាការរលាកទាក់ទងនឹងស្បែកខាងក្រៅសុទ្ធសាធ ប៉ុន្តែជំងឺសើស្បែកខ្លះទៀត គឺមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងក្នុង ដូចជាជំងឺតម្រងនោម និងជំងឺថ្លើមជាដើម ក៏វាធ្វើឱ្យស្បែកមានបញ្ហាដែរ។
ក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេសបរទេសមួយចំនួនបានចាត់ទុកជំងឺហង់ស៊ិន និងជំងឺឃ្លង់ ក៏ជាប្រភេទនៃជំងឺសើស្បែកដែលត្រូវការយកចិត្តទុកដាក់ព្យាបាលយ៉ាងត្រឹមត្រូវ និងប្រើរយៈពេលវែងដែរ។ នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល និងអង្គការជាដៃគូជាច្រើនបានប្រឹងប្រែងប្រយុទ្ធប្រឆាំងជាមួយជំងឺហង់ស៊ិន និងជំងឺឃ្លង់ ក្នុងផែនការថ្នាក់ជាតិជាច្រើនឆ្នាំមកហើយ។
នាយកមជ្ឈមណ្ឌលជាតិ កម្ចាត់ជំងឺរបេង និងហង់ស៊ិន របស់ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ថា បច្ចុប្បន្នជំងឺហង់ស៊ិន និងជំងឺឃ្លង់ មិនមានកម្រិតអ្វីគួរឱ្យព្រួយបារម្ភទៀតទេ ពីព្រោះកម្ពុជា បានធ្វើឱ្យជំងឺហង់ស៊ិន និងឃ្លង់បានចុះទាប តាំងតែពីអំឡុងឆ្នាំ១៩៩៨ មក។ ក៏ប៉ុន្តែទោះបីយ៉ាងណាក្តី ក៏ក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាង ១៥លាននាក់ នៅមានកើតជំងឺហង់ស៊ិន ជាករណីថ្មី ប្រមាណជា ៣០០ករណី ក្នុង ១ឆ្នាំៗនៅឡើយ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បញ្ជាក់ថា លោកមិនមែនជាអ្នកជំនាញផ្នែកជំងឺសើស្បែកទេ ក៏ប៉ុន្តែទោះយ៉ាងណា ក៏លោកមិនចាត់ទុកប្រភេទជំងឺឃ្លង់ និងហង់ស៊ិន ថាជាជំងឺសើស្បែកធ្ងន់ធ្ងរជាងគេទេ គឺវាគ្រាន់តែជាជំងឺដែលរំខានដល់អារម្មណ៍ និងរំខានពេលវេលាធ្វើការងាររបស់ប្រជាពលរដ្ឋមួយចំនួនប៉ុណ្ណោះ៖ «គ្រាន់ថាជាជំងឺមួយដែលអាចឱ្យអ្នកជំងឺរងទុក្ខវេទនា បើសិនជាយើងធ្វើការរកឃើញមិនទាន់ពេលវេលា ឬក៏ផ្ដល់ថ្នាំព្យាបាល ឱ្យទាន់ពេលវេលាទេ»។
លោកវេជ្ជបណ្ឌិត ព្រំ ផានិត យល់ថា កម្ពុជាកំពុងប្រឹងប្រែងសម្រាប់អនាគតនៅលើគោលដៅចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ ពីព្រោះថា ជំងឺទាំងឡាយមិនថាជាប្រភេទអ្វីទេ គឺបានធ្វើឱ្យប្រជាពលរដ្ឋខាតបង់ថវិកាគ្រួសារសម្រាប់ព្យាបាល ខាតបង់ពេលវេលាធ្វើការងារ ដោយសារតែជំងឺខ្លះត្រូវការពេលព្យាបាលខ្លី និងខ្លះទៀត ត្រូវការពេលព្យាបាលរយៈពេលយូរជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
