ក្រសួង​សុខាភិបាល​និង​អង្គការ​ដៃគូ​ប្ដេជ្ញា​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​នៅ​ត្រឹម​ឆ្នាំ​២០២៥

0:00 / 0:00

មន្ត្រី​ក្រសួង​សុខាភិបាល និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ រួម​គ្នា​ប្ដេជ្ញា​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់ ឲ្យ​បាន​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០២៥។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការ​ផលិត​កម្មវិធី​វិទ្យុ​អប់រំ​ជំងឺ​គ្រុន​ចាញ់ របស់​គម្រោង​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ (CAP-Malaria) ឆ្នាំ​២០១៣-២០១៤ ក្នុង​រាជធានី​ភ្នំពេញ។

អង្គការ​សកម្មភាព​ដើម្បី​ការ​អប់រំ និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា មេឌៀ​វ័ន (Media One) បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​លទ្ធផល នៃ​សកម្មភាព​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី​វិទ្យុ ក្រោម​ប្រធានបទ "ខ្ញុំ​បារម្ភ​ពី​សុខភាព" ដែល​ចាប់​ផ្តើម​ដំណើរ​ការ​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ ដល់​ខែ​មីនា ឆ្នាំ​២០១៤។

លោក កយ បូរី នាយក​ប្រតិបត្តិ​អង្គការ​មេឌៀ​វ័ន ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​មិថុនា ថា ការ​បង្កើត​កម្មវិធី​វិទ្យុ "ខ្ញុំ​បារម្ភ​ពី​សុខភាព" មាន​គោល​បំណង​បង្កើន​ការ​យល់​ដឹង​ពី​វិធី​បង្ការ និង​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ ជូន​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក​ថា កម្មវិធី​នេះ​ចាក់​ផ្សាយ​នៅ​តាម​ស្ថានីយ​វិទ្យុ​បាយ័ន FM 95 Mhz នៅ​ភ្នំពេញ វិទ្យុ​ជាតិ​ចម្ការ​ចេក FM 92.70 Mhz ខេត្ត​បាត់ដំបង និង​វិទ្យុ​អង្គរ​រដ្ឋា FM 95.5 Mhz នៅ​សៀមរាប។

លោក កយ បូរី បន្ត​ថា ការ​ផលិត​កម្មវិធី​វិទ្យុ "ខ្ញុំ​បារម្ភ​ពី​សុខភាព" ជា​ការ​រួម​ចំណែក​ជាមួយ​ក្រសួង​សុខាភិបាល ឬ​រដ្ឋាភិបាល ឈាន​ទៅ​សម្រេច​ឲ្យ​បាន​តាម​គោលការណ៍​ថ្នាក់​ជាតិ លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០២៥។ លោក​អះអាង​ថា តាម​រយៈ​ការ​ផលិត​កម្មវិធី "ខ្ញុំ​បារម្ភ​ពី​សុខភាព" បាន​បង្កើន​ចំណេះ​ដឹង​ដល់​ពលរដ្ឋ ដែល​ប្រឈម​នឹង​ជំងឺ​គ្រុន​ចាញ់ ជាពិសេស​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ៖ «ជន​ចំណាក​ស្រុក​កាល​ពី​មុន អត់​បាន​ទទួល​ព័ត៌មាន​ច្រើន ហើយ​គាត់​មិន​សូវ​ខ្វល់ខ្វាយ​ទេ ហើយ​ទៅ​ដល់​កន្លែង​ហ្នឹង គាត់​ខ្វល់​សំខាន់​បំផុត​គិត​តែ​ពី​រក​លុយ។ ប៉ុន្តែ​ឥឡូវ​នេះ គាត់​ទទួល​បាន​ចំណេះ​ដឹង​បាន​ច្រើន ព្រោះ​យើង​ព្យាយាម​រុញ​ព័ត៌មាន​ទៅ​ដល់​គាត់​បាន​ច្រើន។ យើង​ព្យាយាម​រក​វិធី​យ៉ាង​ម៉េច ដើម្បី​ហៅ​គាត់​មក​អប់រំ​ផង និង​រុញ​ព័ត៌មាន​ដល់​គាត់​ផង។ ហើយ​ទីបំផុត យើង​រក​ឃើញ​ថា គាត់​អាច​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​គាត់​បាន​ច្រើន»

លោក​វេជ្ជបណ្ឌិត ឃាង សូយទី ប្រធាន​គម្រោង​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ (Cap-Malaria) ដែល​ផ្តល់​មូលនិធិ​ដល់​អង្គការ​មេឌៀ​វ័ន ផលិត​កម្មវិធី​អប់រំ​ជំងឺ​គ្រុន​ចាញ់។ លោក​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​តាម​មន្ទីរពេទ្យ​បង្អែក​គោលដៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ ៦​ខែ​ដើម​ឆ្នាំ​២០១៤ មិន​មាន​អ្នក​ជំងឺ​គ្រុន​ចាញ់​ច្រើន​ទៀត​ទេ។ លោក​ថា តាម​រយៈ​ការ​ផលិត​កម្មវិធី​អប់រំ​ពី​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​គ្រុន​ចាញ់​តាម​វិទ្យុ នាំ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​វិធី​ទប់ស្កាត់​បាន​ខ្ពស់។

ចំណែក​លោក​វេជ្ជបណ្ឌិត គឹម សំអុន តំណាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ នៃ​ក្រសួង​សុខាភិបាល ដែល​ចូលរួម​បើក​សិក្ខាសាលា ក៏​ទទួល​ស្គាល់​ថា ជំងឺ​គ្រុន​ចាញ់​បាន​ថយ​ចុះ​នៅ​សល់​ត្រឹម ៣០​ភាគរយ​ទេ បើ​ប្រៀបធៀប ៦​ខែ​ដើម​ឆ្នាំ​២០១៤ ទៅ ៦​ខែ​ដើម​ឆ្នាំ​២០១៣។ លោក​មាន​ជំនឿ​ថា ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ឆ្នាំ​២០១១-២០២៥ របស់​ប្រមុខ​រដ្ឋាភិបាល នឹង​ទទួល​ជោគជ័យ៖ «ទី​១ បង​ប្អូន​ត្រូវ​ស្វែង​យល់​តើ​ការ​រស់នៅ​របស់​បង​ប្អូន​ហ្នឹង ជា​ទីតាំង​ដែល​រងគ្រោះ​ដោយ​ជំងឺ​គ្រុន​ចាញ់​ដែរ​ទេ។ ទី​២ សំខាន់ គឺ​បង​ប្អូន​ត្រូវ​ស្វែងរក​អ្នក​ស្ម័គ្រ​ចិត្ត​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ នៅ​តាម​ភូមិ អ្នក​ស្ម័គ្រ​ចិត្ត​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ចល័ត និង​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​តាម​ជង្រុក ឬ​ការដ្ឋាន ដែល​បង​ប្អូន​កំពុង​រស់នៅ ព្រោះ​មជ្ឈមណ្ឌល​ជាតិ​បាន​បង្កើត​អ្នក​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​តាម​ចម្ការ ឬ​នៅ​តាម​កសិដ្ឋាន ដែល​បង​ប្អូន​ប្រកប​អាជីវកម្ម​នៅ​តាម​ទីកន្លែង​ទាំងអស់​នោះ»

ក្រសួង​សុខាភិបាល បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​ឆ្នាំ​២០០០ មាន​ចំនួន​ជាង ៦០០​នាក់ (៦០៨)។ ១០​ឆ្នាំ​ក្រោយ​មក គឺ​ឆ្នាំ​២០១០ មាន​អ្នក​ស្លាប់​ជាង ១៥០​នាក់ (១៥១)។ ចំណែក​ឆ្នាំ​២០១១ ស្លាប់​ចំនួន ៩៣​នាក់ ឆ្នាំ​២០១២ មាន ៤៦​នាក់ និង​ឆ្នាំ​២០១៣ ស្លាប់ ១២​នាក់។ ដោយ​ឡែក ៣​ខែ​ដើម​ឆ្នាំ​២០១៤ គ្មាន​អ្នក​ជំងឺ​គ្រុន​ចាញ់​ណា​ម្នាក់​ស្លាប់​ទេ ប៉ុន្តែ​ឆ្នាំ​២០១៣ មាន​មនុស្ស​ស្លាប់​ចំនួន ៣​នាក់ ក្នុង​រយៈពេល​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។