សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​អំពី​គុណភាព​ទំនិញ

មន្រ្តី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ចំណីអាហារ និង​សុខភាព​ពលរដ្ឋ អំពាវនាវ​អោយ​ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​គុណភាព​ទំនិញ​មុន​នឹង​ទិញ​យក​ទៅ​ប្រើប្រាស់។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​បាន​ដុត​បំផ្លាញ​ទំនិញ​ខូច​គុណភាព​ជិត ១​ពាន់​កេស កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា។

ប្រធាន​កម្មវិធី​ប្រតិបត្តិ​តាម​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិក្សា​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ហៅ​ថា សេដាក (CEDAC) លោក គាម មករាឌី មាន​ប្រសាសន៍​ថា អ្នក​ប្រើប្រាស់​គួរ​ពិនិត្យ​ពិច័យ​ពី​​ប្រភព​ពី​ធាតុផ្សំ និង​ពី​កាលកំណត់​ប្រើប្រាស់​ទំនិញ​មុន​ពេល​ទិញ។ បើ​ទោះ​ជា​យ៉ាង​ណា ​លោក​សង្កេត​ឃើញ​ថា អ្នក​ប្រើប្រាស់​ភាគ​ច្រើន​ជួប​ការ​លំបាក ដោយសារ​ការ​ណែនាំ​លើ​ទំនិញ​ទាំង​ឡាយ​ជា​ភាសា​បរទេស៖ «ដើម្បី​ស្វែង​យល់​ពី​សុវត្ថិភាព​ចំណី​អាហារ អ្នក​បរិភោគ​តែងតែ​ស្វែង​រក​ប្រភព​នៃ​ការ​ផលិត បញ្ជាក់​គុណភាព​ច្បាស់លាស់ ទីតាំង​ផលិត​ត្រឹមត្រូវ​អត់ ចែក​ចាយ​ដោយ​នរណា ដើម្បី​យើង​តាម​ដាន​មើល។ ទី​២ កាលបរិច្ឆេទ​នៃ​ផលិតផល។ ក្រម​នៃ​អ្នក​ប្រើប្រាស់​គេ​បាន​ចែង​ហើយ​ថា អ្នក​បរិភោគ ឬ​អ្នក​ប្រើប្រាស់​គួរ​តែ​មាន​សិទ្ធិ​មួយ​ គឺ​សិទ្ធិ​ដឹង​ព័ត៌មាន​ហ្នឹង អ៊ីចឹង​ត្រូវ​មាន​ស្លាក​សញ្ញា​ជា​ភាសា​តំបន់...»

ទំនិញ​ខូច​គុណភាព និង​ហួស​កាលកំណត់​ដែល​ត្រូវ​ដុត​ចោល​នោះ រួម​មាន​កាហ្វេ វីណា (Vina Café) ចំនួន ២៤០​កេស តែ ខូល ធី (Cool Tea) ចំនួន ៧០​កេស​ កាហ្វេ​ពោត ដេយ៍ ធូ ដេយ៍ (Day to Day) ១៤៨​កេស ទឹក​ត្រី​ចម្រុះ​ចំនួន​ ៤០៤​កេស​ មេស្រា ចំនួន​ ៤០​កេស​ និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត។

នាយកដ្ឋាន​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា សហការ​ជាមួយ​កម្លាំង​កាំកុងត្រូល​​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ដកហូត​ទំនិញ​ទាំង​នោះ​ពី​ទីតាំង​ស្តុក​របស់​ជនជាតិ​វៀតណាម ម្នាក់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។