ក្រុម​គ្រួសារ​​ស្ត្រី​សម្រាល​កូន​ស្លាប់​នៅ​ពោធិ៍សាត់​ពិចារណា​ប្ដឹង​គ្រូពេទ្យ

0:00 / 0:00

ក្រុម​គ្រួសារ​ស្ត្រី​ដែល​ស្លាប់​ដោយសារ​ធ្លាក់​ឈាម​ច្រើន​ក្រោយ​ពេល​សម្រាល​កូន នៅ​ខេត្ត​ពោធិ៍សាត់ កំពុង​ពិចារណា​ប្ដឹង​គ្រូពេទ្យ​ឆ្មប​វ័យ​ក្មេង​ម្នាក់​ប្រចាំ​នៅ​មណ្ឌល​សុខភាព ឃុំ​តាលោ ស្រុក​បាកាន។

មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​គាំទ្រ​គំនិត​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នេះ ដើម្បី​ឲ្យ​ពេទ្យ​ឆ្មប​តាម​មណ្ឌល​នានា បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន។

ក្រុម​គ្រួសារ​សព​ស្ត្រី​វ័យ ២១​ឆ្នាំ ឈ្មោះ ហៀង ចាន់នី នៅ​ភូមិ​ព្រៃរោង ឃុំ​តាលោ ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៥ ចោទ​ពេទ្យ​ឆ្មប​ប្រចាំ​មណ្ឌល​សុខភាព​តាលោ ថា​បាន​ធ្វេសប្រហែស និង​បូម​យក​ទារិកា​ចេញ​ពី​ផ្ទៃ​ម្ដាយ​ខុស​បច្ចេកទេស​​ បណ្ដាល​ឲ្យ​ម្ដាយ​ស្លាប់​មុន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់។ ក្រុម​គ្រួសារ​សព​អះអាង​ថា ដំណើរការ​ប្ដឹង​ផ្ដល់​អាច​ចាប់​ផ្ដើម​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ខួប ៧​ថ្ងៃ​រួច។

ឪពុក​បង្កើត​របស់​សព គឺ​លោក កាក់ គឹមហៀង ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា ពេទ្យ​ឆ្មប​នៅ​មណ្ឌល​សុខភាព​តាលោ ឈ្មោះ ស៊ុន កញ្ញា បាន​ប្រើ​បច្ចេកទេស​បូម និង​បារ​យក​សុក​ចេញ​មិន​ត្រឹមត្រូវ គឺ​ជា​ហេតុ​នាំ​ឲ្យ​ធ្លាក់​ឈាម​មិន​ឈប់ ហើយ​យឺតយ៉ាវឲ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក។

លោក​ថា ក្រោយ​ពី​កូន​ស្រី​ស្លាប់​ទៅ បាន​បន្សល់​ចៅ​ស្រី​ម្នាក់ ហើយ​កំពុង​ពិបាក​អ្នក​ចិញ្ចឹម​បីបាច់៖ «កូន​គ្រប់​ខែ​ហើយ​ប្រើ​បូម ដល់​ពេល​បូម​បាន​កូន​នៅ​សុក ខ្វារ​យក​សុក​ដាច់​សុក​ដាច់​អី​ធ្លាក់​ឈាម ហើយ​ក៏​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់ ដល់​មន្ទីរ​ពេទ្យ​ស្រុក ពេទ្យ​ស្រុក​សង្កត់​ពោះ​មើល​ទៅ​ឃើញ​ទន់​អស់ គេ​ថា អត់​មាន​នៅ​សល់​ស្បូន​ទេ។ មន្ទីរពេទ្យ​ស្រុក​ក៏​បញ្ជូន​បន្ដ​ទៅ​ខេត្ដ ទៅ​ដល់​ខេត្ដ​បាន​តែ ១៥​នាទី​ក៏​ស្លាប់​បាត់​ទៅ​ដោយ​ធ្លាក់​ឈាម​ច្រើន​ពេក»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ពេទ្យ​ឆ្មប​ប្រចាំ​នៅ​មណ្ឌល​សុខភាព​តាលោ​ ​គឺ​អ្នកស្រី ស៊ុន កញ្ញា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ ប៉ុន្តែ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ លោក ច័ន្ទ សុខា បញ្ជាក់​ថា ការ​ស្លាប់​របស់​ស្ត្រី​ឈ្មោះ ហៀង ចាន់នី គឺ​បណ្ដាល​មក​ពី​ធ្លាក់​ឈាម​ច្រើន​ពេក និង​យឺត​ពេល​បញ្ជូន​មក​សង្គ្រោះ​ដោយ​បញ្ហា​ផ្លូវ​លំបាក។

លោក ច័ន្ទ សុខា បង្ហើប​ថា ក្រុម​គ្រូពេទ្យ​មិន​ទាន់​រក​ឃើញ​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ធ្លាក់​ឈាម​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុម​ការងារ​គម្រោង​គាំពារ​មាតា និង​ទារក​នឹង​ចុះ​អង្កេត​ករណី​នេះ​បន្ថែម​ទៀត៖ «គេ​មាន​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​បន្តិច​ទៀត​ទៅ​គេ​ចុះ​ហើយ​ប្អូន! ចុះ​ទៅ​សួរ​ហេតុផល​ហ្នឹង អ៊ីចឹង​បើ​គាត់​ដាក់​ពាក្យ​ប្ដឹង អា​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់ (គ្រួសារ​ជន​រង​គ្រោះ)»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ដែល​ចុះ​អង្កេត​ករណី​នេះ​ថ្លែង​ថា ជន​រងគ្រោះ​បាន​ទៅ​ពិនិត្យ និង​តាម​ដានសុខភាព​នៅ​មណ្ឌល​សុខភាព​ជា​ប្រចាំ គឺ​ពុំ​មាន​សញ្ញា​គ្រោះ​ថ្នាក់​ណា​មួយ​ដល់​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​នោះ​ទេ។ លោក​គិត​ថា ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស និង​ខ្វះ​បច្ចេកទេស​របស់​ពេទ្យ​ឆ្មប។ លោក​គាំទ្រ​ការ​ប្ដឹង​រក​យុត្តិធម៌​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ ហើយ​នឹង​ជួយ​រៀបចំ​ពាក្យ​បណ្ដឹង និង​ប្រឹក្សា​ផ្លូវ​ច្បាប់​បន្ថែម​ទៀត ប្រសិនបើ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ពឹង​ខាង​លោក​ឲ្យ​ជួយ​ជ្រោមជ្រែង​ក្នុង​ដំណើរការ​រឿង​ក្ដី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។