ពលរដ្ឋ​អះអាង​ថា​បទល្មើស​នេសាទ​កើត​ឡើង​ខ្លាំង​នៅ​កំពង់ឆ្នាំង

0:00 / 0:00

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បទល្មើស​នេសាទ​នៅ​តែ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ក្នុង​កិច្ច​ការពារ និង​អភិរក្ស​ធនធាន​ជលផល​នៅ​ក្នុង​បឹង​ទន្លេសាប ដោយ​ក្រុម​ឈ្មួញ​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​នេសាទ​យ៉ាង​គគ្រឹកគគ្រេង​នៅ​តាម​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​កំពង់លែង នៅ​ក្នុង​រដូវ​បិទ​ឆ្នាំ​២០១៤ នេះ។ ប៉ុន្តែ​ខាង​មន្ត្រី​ជំនាញ​ជលផល​វិញ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ ហើយ​អះអាង​ផ្ទុយ​វិញ​ថា សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ។

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ពោធិ៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ថា សកម្មភាព​ដាក់​លប​ឡុក​ដែល​មាន​ប្រវែង​រាប់​ពាន់​ម៉ែត្រ គឺ​ចាប់​ពី​ចំណុច​ទន្លេ​ពាម​ទន្លា នៃ​ឃុំ​ត្រងិល រហូត​ដល់​ចំណុច​ភ្នំ​ត្រង់ នៃ​ឃុំ​ពោធិ៍ បាន​កើត​មាន​តាំង​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ ប៉ុន្តែ​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​តិចតួច​និង​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់ លោក ស្រី សាវឿន មាន​ប្រសាសន៍​ថា ក្រុម​ឈ្មួញ​បាន​បង្ហើប​ប្រាប់​លោក​ថា គេ​មិន​ខ្វល់​នឹង​ការ​បង្ក្រាប​អ្វី​ឡើយ និង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ល្មើស​នេះ​រហូត​ដល់​រដូវ​ទឹក​សម្រក​វិញ ដោយ​គេ​អះអាង​ថា បាន​បង់​ប្រាក់​រាប់​ពាន់​ដុល្លារ​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួច​អស់​ហើយ។ លោក​ថា ចំពោះ​ពលរដ្ឋ​ក្រីក្រ​ដែល​មុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយ​ចង​សន្ទូច ឬ​ដាក់​មង​មិន​បាន​ត្រី ពីព្រោះ​តែ​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​មាន​ច្រើន​ពេក។

លោក ស្រី សាវឿន៖ «សមត្ថកិច្ច​គេ​ចុះ​មក​ហ្នឹង​ម្សិល​មួយ​ថ្ងៃ​គេ​មក​ហ្នឹង គេ​ស៊ិសស៊ុះ​គ្នា​គេ គេ​តេ (ទូរស័ព្ទ) ឲ្យ​ដក​ខ្លះ​អី​ខ្លះ​អ៊ីចឹង តែ​ដល់​ពេល​មើល​គេ​ទៅ​ផុត​ទៅ​ស្ងាត់ ឥឡូវ​ចាប់​ផ្ដើម​ដាក់​វិញ ព្រោះ​ខ្ញុំ​ឃើញ​អា​អ្នក​ដាក់​ហ្នឹង​វា​មក​អង្គុយ​លេង​ផ្ទះ​ខ្ញុំៗ ខ្ញុំ​ចង់​ដឹង ខ្ញុំ​សួរ​សាក​ទៅ​គេ​និយាយ​ប្រាប់​ខ្ញុំ​ថា គេ​បង់​ឲ្យ​គ្រប់​ជំនាញ​អស់​ហើយ។ សំណូមពរ​ថា រក​ល្មមៗ​ទៅ ទុក​ឲ្យ​ប្រជាពលរដ្ឋ​រក​ផង ព្រោះ​ប្រជាពលរដ្ឋ​សឹង​ដាច់​បាយ​ហើយ ដាក់​មង​អត់​ត្រូវ​ទេ​សព្វថ្ងៃ​នោះ»

ឆ្លើយ​តប​បញ្ហា​នេះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ថ្លែង​បញ្ជាក់​ថា ករណី​ប្រព្រឹត្ត​បទល្មើស​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ គឺ​មាន​ការ​ថយ​ចុះ​ដោយ​លោក​បាន​ចុះ​ពិនិត្យ​មើល​ផ្ទាល់​នៅ​តាម​ទន្លេ និង​ព្រែក​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ខេត្ត​ឃើញ​ថា ពុំ​មាន​បទ​ល្មើស​នោះ​ទេ។

ចំពោះ​ទីតាំង​បទ​ល្មើស​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​នេះ​ខាង​លោក​នឹង​ចាត់​កម្លាំង​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ គឺ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៥​ដង​ទៀត ក្នុង​រដូវ​បិទ​នេសាទ​នេះ​ឆ្នាំ​នេះ៖ «សំខាន់​បញ្ហា​នេះ​គាត់​ត្រូវ​តែ​សហការ​ជា​មួយ​ខាង​ខ្ញុំ​ឲ្យ​មាន​មន្ត្រី​ណា​វា​យ៉ាង​ម៉េច ហើយ​ខ្ញុំ​ព្យាយាម​សហការ​ជាមួយ​គាត់​ជា​ដរាប​ករណី​ហ្នឹង ខ្ញុំ​អត់​ឲ្យ​មាន​ទេ អំពើ​ទាំង​ហ្នឹង។ បទល្មើស​វា​នៅ​មាន​សេសសល់​វា​មិន​អត់​ទេ ប៉ុន្តែ​បទល្មើស​ដូច​ជា​របាំង​រាំង​ភ្ជិត​ធំៗ ដែល​យើង​កើត ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែល​មាន​របាំង​ធ្នស់​កាត់​ព្រែក​កាត់​អី​ហ្នឹង គឺ​យើង​មើល​ដូច​ជា​អត់​ឃើញ»

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​ការពារ​និង​អភិរក្ស​ធនធាន​ជលផល​ហៅ​កាត់​ថា ហ្វេក (Fact) អ្នកស្រី នៅ សារឹម យល់​ថា ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​បទល្មើស​នេសាទ​គឺ​អាស្រ័យ​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ឬ​ប្រជានេសាទ ក្នុង​ការ​ដាន​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​លើ​ក្រុម​ឈ្មួញ និង​មន្ត្រី​ជំនាញ​ខិលខូច​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ដើម្បី​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ថ្នាក់​លើ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៖ «សូម​ឲ្យ​គាត់​ប្រមូល​ភស្តុតាង​ហ្នឹង​ឲ្យ​បាន​ច្បាស់​ ហើយ​​ចូល​រួម​ការ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា​ទាក់ទង​ទៅ​នឹង​អភិបាល​កិច្ច​ល្អ​នោះ​ណា។ អា​ហ្នឹង​បាន​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​ដែល​គាត់​ចង់​ពុករលួយ​ហ្នឹង​វា​អត់​អាច​ពុក​រលួយ​ទៅ​កើត​ទេ»

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​មុខរបរ​នេសាទ​ត្រី​ត្អូញត្អែរ​អំពី​ផល​នេសាទ​កាន់​តែ​ខ្សត់​ទៅ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខំ​ធ្វើ​ពិធី​លែង​កូន​ត្រី​ជា​ហូរហែ​ក្នុង​រដូវ​បិទ​នេសាទ​ម្ដងៗ។ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤ ក្នុង​ពិធី​លែង​កូន​ត្រី​នៅ​អាង​ទឹក​ក្ដុល ស្ថិត​នៅ​ឃុំ​ពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​នេសាទ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។