លោក ឈូក បណ្ឌិត ត្រូវ​បញ្ជូន​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

ដោយ ខែ សុណង
2015.12.26
មន្ទីរពេទ្យ​ ខ្មែរ សូវៀត ៨៥៥ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ រុស្ស៊ី នា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA/Brach Chev

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ជា​ទណ្ឌិត​ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ ៣​នាក់​ឲ្យ​របួស ត្រូវ​បាន​គេ​បញ្ជូន​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ រុស្ស៊ី។ សង្គម​ស៊ីវិល​បន្ត​ឃ្លាំ​មើល​ករណី​នេះ បាន​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​ដល់​អ្នក​ទោស​ពុំ​មាន​ភាព​ស្មើ​គ្នា។

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​ពន្ធនាគារ​បាន​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​ដល់​អ្នក​ទោស​ឲ្យ​មាន​ភាព​ស្មើ​គ្នា ស្រប​ពេល​ដែល​ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ​ត្អូញត្អែរ​ចំពោះ​ការ​រឹត​បន្តឹង​ដល់​ពួកគេ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក ឈូក បណ្ឌិត ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត បន្ទាប់​ពី​ប្ដូរ​មក​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ព្រៃស។ លោក​ថា លោក​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​មាន​ភាព​ស្នើ​គ្នា​រវាង​អ្នក​ទោស​ដទៃ មិន​ថា តែ​អ្នក​ទោស​ធម្មតា អ្នក​ទោស​ដែល​ជា​ដែល​ធ្លាប់​ជា​អ្នក​មាន​បុណ្យស័ក្ដិ​នោះ​ទេ។

លោក អំ សំអាត៖ «បើ​យើង​និយាយ​ពី​សិទ្ធិ​ស្មើគ្នា​វា​អត់​ស្មើ​គ្នា​ទេ ពីព្រោះ ពន្ធនាគារ​ខ្លះ​យើង​ឃើញ​ហើយ​មាន​បញ្ជូន​ពី​មក​១ ត្រឡប់​ទៅ​ត្រពាំងថ្លុង ទៅ​ស៊ីស៊ីហ្វ័រ ពោធិ៍សាត់​អ៊ីចឹង។ ដោយ​ឡែក​អ្នក​ដែល​មាន​លុយ ធ្លាប់​មាន​អំណាច ឬ​ក៏​មាន​បុណ្យ​សក្ដិ​ពី​មុន​មក គេ​ផ្លាស់ប្ដូរ​បញ្ជូន​ពី​ស្វាយរៀង មក​ស៊ី​ស៊ី​១ គាត់​មាន​លទ្ធភាព​ជិត​គ្រួសារ​ក្នុង​ការ​ចេញចូល​សួរ​សុខ​ទុក្ខ ទី​២ ពេល​មាន​បញ្ហា ស្រួល​បញ្ជូន​មក​មន្ទីរពេទ្យ ហើយ​លទ្ធភាព អាទិភាព​ក្នុង​ពន្ធនាគារ​ក៏​មក​បន្ទប់​ស្នាក់នៅ​ក្នុង​ពន្ធនាគារ​សមរម្យ​ជាង​អ្នក​ទោស​ដទៃ»

ទាក់ទង​នឹង​ស្ថានភាព​ជំងឺ​របស់​លោក ឈូក បណ្ឌិត នេះ មន្ត្រី​ពេទ្យ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត មួយ​រូប ឈ្មោះ បូរ៉ា ដែល​ប្រចាំ​ការ​នៅ​អគារ​ស៊ី (C) នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​ធ្នូ មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​សម្ភាស និង​ថត​រូប​នោះ​ទេ ដោយ​លោក​ឲ្យ​ស្នើ​សុំ​ពី​នាយក​មន្ទីរពេទ្យ។ ប៉ុន្តែ​បាន​ប្រាប់​ថា លោក ឈូក បណ្ឌិត កំពុង​សម្រាក​ព្យាបាល​នៅ​អាគារ​១ ក្នុង​មន្ទីរពេទ្យ​នេះ ដោយសារ​លោក​មាន​ជំងឺ​លើស​ឈាម និង​ទឹក​នោម​ផ្អែម។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា លោក ឈូក បណ្ឌិត ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​អនុវត្ត​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ដែល​កាត់ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣៨​លាន​រៀល​ក្នុង​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​លោក ឈូក បណ្ឌិត បាន​បាញ់​រះ​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​ស្បែកជើង​កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត ចំនួន ៣​នាក់ រង​របួស​ក្នុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

លោក ឈូក បណ្ឌិត ត្រូវ​បាន​ចាប់​បញ្ជូន​ចូល​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា បន្ទាប់​ពី​លោក​ដើរ​ចូល​មក​សារភាព​ដោយ​ខ្លួន​ឯង ក្រោយ​គេច​ខ្លួន​ជាង ៣​ឆ្នាំ។ ការ​ចូល​ទទួល​ទោស​ទណ្ឌ​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ចាប់​ខ្លួន។

ក្រៅ​ពី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ​នោះ គឺ​សាលក្រម​តុលាការ​ខេត្ត​ស្វាយរៀង បាន​តម្រូវ​ឲ្យ​លោក ឈូក បណ្ឌិត បង់​ប្រាក់​សំណង​ទៅ​ឲ្យ​កម្មការិនី កែវ នា ដែល​រង​របួស​ដៃ ចំនួន ៨​លាន​រៀល ឬ​ប្រហែល ២.០០០​ដុល្លារ។ កម្មការិនី នុត សាខន របួស​ខ្នង ចំនួន ១០​លាន​រៀល ឬ​ប្រហែល ២.៥០០​ដុល្លារ និង ប៊ុន ចិន្តា ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ទ្រូង​ធ្លាយ​ទៅ​ក្រោម​ក្លៀក​ខាង​ស្ដាំ ចំនួន ២០​លាន​រៀល ឬ​ប្រហែល ៥.០០០​ដុល្លារ។ ក៏​ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ឃ្លាំមើល​សំណុំ​រឿង​នេះ បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ជនរងគ្រោះ​ទាំង ៣​រូប នៅ​ពុំ​ទាន់​ទទួល​បាន​សំណង​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។