អង្គការបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ធ្វើវេទិកាសហគមន៍មួយ ដើម្បីកាត់បន្ថយការមាក់ងាយ និងរើសអើងដល់អ្នកផ្ទុកមេរោគអេដស៍ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ២០០នាក់ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងវេទិកានេះ មានការដាក់តាំងពិព័រណ៍រូបភាពមួយចំនួនរបស់គ្រួសារអ្នកផ្ទុកមេរោគអេដស៍ដែរ ដើម្បីឲ្យអ្នកចូលរួមយល់ដឹងពីទុក្ខលំបាករបស់ពួកគាត់។
អ្នកផ្ទុកមេរោគអេដស៍ ភាគច្រើនលើកឡើងពីទុក្ខលំបាកខ្វះខាតថវិកាដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារពុំមានលទ្ធភាពរកប្រាក់ចំណូលដូចកាលពុំទាន់មានមេរោគនេះនៅក្នុងខ្លួន។
អ្នកផ្ទុកមេរោគអេដស៍មួយចំនួនថ្លែងថា ពួកគាត់សប្បាយចិត្តជាខ្លាំងដែលបានចូលរួមក្នុងវេទិកាសហគមន៍នេះ ដែលអង្គការបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍កម្ពុជា បានគិតគូរពីសុខទុក្ខរបស់ពួកគាត់។
អ្នកភូមិបញ្ជាក់ថា ចាប់តាំងពីផ្ទុកមេរោគអេដស៍ក្នុងខ្លួនមក ពុំមានកម្លាំងកំហែងចេញទៅធ្វើការរកប្រាក់ចំណូលនោះទេ។ បញ្ហានេះធ្វើឲ្យពួកគាត់មួយចំនួនខ្វះថវិកាសម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ៖ «ខ្ញុំខ្វះថវិកាច្រើនណាស់ដូចជាខ្វះប្រាក់ទិញអង្ករទិញទឹកដោះគោឲ្យកូនហូបជាដើម។មិនឲ្យខ្ញុំគិតយ៉ាងមិចបានបើកូនមានតែម្នាក់ធ្វើកម្មករសំណង់បានមួយថ្ងៃតែ ២ម៉ឺនរៀល ហើយអ្នកផ្ទុកមេរោគដល់ទៅ ៣នាក់ តើយកដោះស្រាយយ៉ាងមិចគ្រប់ទៅ?»។
ទាក់ទងនឹងបញ្ហានេះ ប្រធានមណ្ឌលសុខភាពរកា លោក ប៊ី បេងស៊ មានប្រសាសន៍នៅក្នុងវេទិកានោះថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ដល់សុខភាពរបស់គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងឃុំរកា ជាប្រចាំ។
លោកបញ្ជាក់ថា ក្រសួងសុខាភិបាល បានបញ្ជូនគ្រូពេទ្យជាច្រើននាក់ប្រចាំការនៅមណ្ឌលសុខភាពរកា រៀងរាល់ថ្ងៃ ដើម្បីព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ ជាពិសេសគឺអ្នកផ្ទុកមេរោគអេដស៍ ដោយមិនបាច់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យឆ្ងាយពីភូមិស្រុកនោះទេ៖ «ហើយមួយទៀត យើងនឹងមានសេវាព្យាបាលឱសថប្រឆាំងមេរោគអេដស៍ទៅដល់កុមារ ក្នុងពេលឆាប់ៗ ដោយមិនបាច់នាំកុមារទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទៀតទេ»។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍ប្រចាំកម្ពុជា លោក ស៊ន សុធារិទ្ធ មានប្រសាសន៍ថា អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ដែលភាគច្រើនខ្វះខាតថវិកាដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃនោះ ដោយសារពួកគាត់ជាប់រវល់ទៅជួបគ្រូពេទ្យញឹកញាប់ដើម្បីបើកថ្នាំពន្យារអាយុជីវិត ធ្វើឲ្យពួកគាត់មិនអាចចេញទៅធ្វើការងារនៅក្រៅប្រទេសបានដូចពេលមុនៗឡើយ។
លោក ស៊ន សុធារិទ្ធ៖ «ប្រជាពលរដ្ឋអាចទទួលសេវាសុខភាពបានមែន ប៉ុន្តែការដែលទទួលយកការលេបថ្នាំ នឹងរងផលប៉ះពាល់ថ្នាំធ្វើទុក្ខក្នុងខ្លួន ជាពិសេសមនុស្សចាស់តែម្ដង។ ចំណែកឯផលលំបាកផ្សេងទៀតដែលពួកគាត់លើកឡើង មានដូចជាខ្វះខាតប្រាក់ឲ្យកូនទៅរៀន ខ្វះទីជម្រក ខ្វះទឹកស្អាតប្រើប្រាស់ និងបញ្ហាជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាដើម»។
វេទិកាដែលរៀបចំនៅក្នុងវត្តរកានេះ មានដាក់តាំងពិព័រណ៍រូបភាពរៀបរាប់ពីទុក្ខលំបាករបស់អ្នកផ្ទុកមេរោគអេដស៍មួយចំនួន ក្នុងឃុំរកា ដើម្បីអ្នកចូលរួមបានយល់ដឹងអំពីទុក្ខលំបាកនេះ ហើយកាត់បន្ថយការរើសអើងដល់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋទាំងនោះ។
រហូតមកទល់ពេលនេះ អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង សរុបចំនួន ២៩២នាក់ក្នុងចំណោមពលរដ្ឋជាង ២០០គ្រួសារ ក្នុងនោះមានមនុស្សស្លាប់ចំនួន ១១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
