សម្ពោធ​អគារ​វះ​កាត់​កុមារ​ឆែប​មាត់​ឥត​គិត​ថ្លៃ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត

ដោយ ទេព សុរ៉ាវី
2014.04.01
កុមារ​ឆែប​មាត់ ៦១០ ក្រុម​គ្រូពេទ្យ គ្រួសារ និង​កុមារ​ឆែប​មាត់ ឆែប​ក្រអូម ថត​រូប​ក្នុង​ពិធី​សម្ពោធ​អគារ​វះ​កាត់​មាត់​ឆែប​កុមារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Tep Soravy

ក្រសួង​សុខាភិបាល បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​អគារ​វះ​កាត់​កុមារ​មួយ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ដើម្បី​ជួយ​វះ​កាត់​កុមារ​ឆែប​មាត់ ឆែប​ក្រអូម និង​ពិការ​មុខ​មាត់​នៅ​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ អុបភឺរ៉េស៊ិន ស្មាល (Operation Smile)។

អគារ​វះ​កាត់​កុមារ​មាត់​ឆែប ត្រូវ​បាន​សម្ពោធ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​៣១ មីនា ដោយ​ធ្វើ​ការ​វះ​កាត់​ដោយ​ឥត​គិត​ថ្លៃ។

លោក​សាស្ត្រាចារ្យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ងី ម៉េង ឲ្យ​ដឹង​ក្នុង​ពិធី​សម្ពោធ​អគារ​វះ​កាត់​កុមារ​ថា ខាង​មន្ទីរពេទ្យ​បាន​សហការ​ជាមួយ​អង្គការ អុបភឺរ៉េស៊ិន ស្មាល ជួសជុល និង​សាងសង់​បន្ទប់​វះ​កាត់​នៅ​ជាន់​ទី​៣ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អស់​ថវិកា​ជាង ១​សែន ៦​ម៉ឺន​ដុល្លារ (១៦២.១៥២,៧០​ដុល្លារ)។ អង្គការ អុបភឺរ៉េស៊ិន ស្មាល ក៏​បាន​ឧបត្ថម្ភ​នូវ​ឧបករណ៍​វះ​កាត់ និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ដល់​មន្ទីរពេទ្យ​សរុប​ប្រមាណ​ជាង ២​លាន ៦​សែន​ដុល្លារ (២.៦៦៣.១៨០​ដុល្លារ) សម្រាប់​ប្រើប្រាស់​ក្នុង​បេសកកម្ម​វះ​កាត់​កុមារ​ឆែប​មាត់​ដោយ​ឥត​គិត​ថ្លៃ។

ចាប់​តាំង​ពី​ឆ្នាំ​២០០២ ដល់​ដើម​ឆ្នាំ​២០១៤ អង្គការ អុបភឺរ៉េស៊ិន ស្មាល កម្ពុជា បាន​ជួយ​ធ្វើ​ការ​វះ​កាត់​ដោយ​ឥត​បង់​ប្រាក់ និង​ជួយ​ឧបត្ថម្ភ​ដល់​ការ​ស្នាក់នៅ អាហារ​ហូប​ចុក ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ពី​តាម​បណ្ដា​ខេត្ត បាន​ចំនួន ៣៥​លើក សរុប​ចំនួន​ជាង ៣​ពាន់​នាក់ (៣.២៩២​នាក់)។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ថា អគារ​វះ​កាត់​ថ្មី​នេះ​នឹង​ចូល​រួម​ចំណែក​មួយ​ផ្នែក​ទៀត​ដល់​មន្ទីរពេទ្យ​សម្រាប់​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ជូន​ពលរដ្ឋ ពិសេស​ចូល​រួម​អភិវឌ្ឍ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ឆែប​មាត់​នៅ​កម្ពុជា៖ «បាន​រួម​ចំណែក​មួយ​ផ្នែក​ទៀត​យ៉ាង​សំខាន់​ដល់​មន្ទីរពេទ្យ ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា យើង»

លោកស្រី សំា ហ៊យ មក​ពី​ខេត្ត​ព្រៃវែង ដែល​មាន​កូន​អាយុ ៧​ខែ មាន​មាត់​ឆែប ឲ្យ​ដឹង​ថា គាត់​ស្នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ២​ថ្ងៃ​ហើយ ដើម្បី​រង់ចាំ​ឲ្យ​គ្រូពេទ្យ​វះ​កាត់​មាត់​ឆែប​កូន​គាត់។ លោកស្រី​បន្ត​ថា ប្រសិន​គ្រូពេទ្យ​យក​ថ្លៃ​សេវា​ព្យាបាល​នោះ គាត់​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​អត់​លុយ​វះ​កាត់។ ប៉ុន្តែ គ្រូពេទ្យ​ប្រាប់​ថា ការ​វះ​កាត់​នោះ​ឥត​គិត​ថ្លៃ​សេវា ហើយ​ឧបត្ថម្ភ​ថ្លៃ​អាហារ និង​ធ្វើ​ដំណើរ​ថែម​ទៀត៖ «គេ (គ្រូពេទ្យ) ប្រាប់​ថា​គេ​ដេរ​នោះ​អត់​យក​លុយ​ទេ យើង​គ្រាន់​តែ​អស់​លុយ​ថ្លៃ​ហូប​ចុក ដល់​ពេទ្យ​គេ​មក​ប្រាប់​ថា​ឲ្យ​បាយ​យើង​ហូប​ដែរ»

អង្គការ អុបភឺរ៉េស៊ិន ស្មាល បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០០៣ អំពី​ការ​វះ​កាត់​កុមារ​ឆែប​មាត់ ឆែប​ក្រអូម និង​ពិការ​មុខ​មាត់​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។