ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យ រុស្ស៊ី ជូនដំណឹងថា នៅមន្ទីរពេទ្យនេះនឹងមានកម្មវិធីពិនិត្យព្យាបាលជំងឺបាតភ្នែកដោយឥតបង់ថ្លៃរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី១៥ ដល់ថ្ងៃសុក្រ ទី២០ ខែធ្នូនេះ។
គ្រូពេទ្យផ្នែកជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ បញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺបាតភ្នែកឥតបង់ថ្លៃនេះ គឺសម្រាប់តែអ្នកជំងឺទឹកនោមផ្អែមប៉ុណ្ណោះ៖ «ជំងឺទឹកនោមផ្អែមបាតភ្នែក ដែលត្រូវព្យាបាលដោយកាំរស្មី ឬក៏ត្រូវចាក់ថ្នាំ។ ហ្វ្រ៊ីមួយអាទិត្យហ្នឹងសម្រាប់តែទឹកនោមផ្អែម ដែលត្រូវបាញ់។ អ្នកជំងឺទឹកនោមផ្អែមមួយចំនួនណានោះ អត់ត្រូវបាញ់កាំរស្មី ឬអត់ត្រូវចាក់ថ្នាំទេ។ បើអ្នកជំងឺដែលយើងរកឃើញថា ត្រូវបាញ់កាំរស្មី ឬក៏ត្រូវចាក់ថ្នាំចូលទៅក្នុងភ្នែកហ្នឹង យើងហ្វ្រ៊ីជូន»។
លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ មានប្រសាសន៍ថា សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកដទៃទៀត នៅតែមានដដែល ប៉ុន្តែត្រូវបង់ថ្លៃ។
ជំងឺបាតភ្នែក គឺជាជំងឺប្រឈមមួយចំពោះអ្នកកើតទឹកនោមផ្អែម។ ជាផលវិបាក ជំងឺនេះអាចនាំឱ្យពួកគាត់ងងឹតភ្នែក ប្រសិនបើមិនឆាប់រួសរាន់ទៅឱ្យគ្រូពេទ្យពិនិត្យទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
