គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​សម្រាប់​អ្នក​ក្រីក្រ

ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ជូន​ដំណឹង​ថា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត មាន​កម្មវិធី​ពិនិត្យ ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈ​ពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ដល់​ថ្ងៃ​សុក្រ ទី​១៣ ខែ​មីនា។

គ្រូពេទ្យ​ផ្នែក​ជំងឺ​ភ្នែក នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ បញ្ជាក់​ថា ដោយ​មាន​កិច្ច​សហការ​ជាមួយ​មូលនិធិ​សុខភាព​ភ្នែក​អូស្ត្រាលី ឈ្មោះ ហ្វ្រេដ ហូឡូ (Fred Hollows Foundation) កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​នេះ មិន​រើស​មុខ​ជំងឺ​ជាក់លាក់​ណា​មួយ​ទេ៖ «ជំងឺ​ភ្នែក​ទូទៅ​ទាំង​អស់ អត់​មាន​ដូច​មុន​ទេ លើក​នេះ ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ដល់ ១៣ យើង​មាន​ទាំង​ពិនិត្យ ទាំង​ព្យាបាល​ហ៊្វ្រី​ទាំង​អស់»

អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​កិច្ច​សហការ​គ្នា​ផ្នែក​បច្ចេកទេស មូលនិធិ​សុខភាព​ភ្នែក ហ្វ្រេដ ហូឡូ ក៏​ជួយ​ផ្ដល់​ជំនួយ​ជា​ថ្នាំ​សម្រាប់​ជំងឺ​ភ្នែក​ទៀត​ផង។ អ្នក​ស្រី​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា មាន​អ្នក​ជំងឺ​ជាង ១០​នាក់ បាន​ទទួល​ការ​វះកាត់​ក្នុង​ចំណោម​អ្នក​ជំងឺ​ភ្នែក​ប្រមាណ ១០០​នាក់ ដែល​មក​ពិនិត្យ​ព្យាបាល​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ មីនា។ ខាង​មន្ទីរ​ពេទ្យ​មិន​កំណត់​ចំនួន​អ្នក​ជំងឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។