ក្រុមគ្រូពេទ្យផ្នែកព្យាបាលភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺភ្នែក ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅតាមខេត្តនានា មេត្តារួសរាន់អញ្ជើញមកព្យាបាលវះកាត់ភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយឥតគិតថ្លៃ។ ការព្យាបាលនេះ មានរយៈពេលកំណត់ គឺចាប់ពីថ្ងៃទី១៧ មិថុនា ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៣ នេះ។
ប្រធានអាគារផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកគ្រូពេទ្យ ឱ ធីដា មានប្រសាសន៍នៅថ្ងៃទី១៧ មិថុនា ថា អ្នកជំងឺភ្នែកគ្រប់វ័យកុមារដល់មនុស្សចាស់ជរា អាចមកការព្យាបាលដោយឥតគិតថ្លៃអ្វីទាំងអស់ រួមទាំងថ្លៃបាយ និងថ្លៃបន្ទប់សម្រាកផង។
អ្នកគ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺអាចវិលត្រឡប់មកវិញតាមកាលកំណត់ក្នុង ១អាទិត្យ ឬ ១០ថ្ងៃ ត្រូវអញ្ជើញមកពិនិត្យយម្ដងទៀត។
ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ងី ម៉េង ក៏បានអះអាងដូចគ្នានេះដែរ។ លោកថា កម្មវិធីព្យាបាលនេះឧបត្ថម្ភដោយមូលនិធិក្រុមគ្រូពេទ្យប្រទេសអូស្ត្រាលី ហៅថា ហ្វ្រេដហាឡូ (Fred Hallows Foundation)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
