កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល សហការជាមួយមូលនិធិសេវា (SEVA Foundation) ផ្តល់ការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៦ ដល់ទី២០ ខែមករា។
សមាជិកកម្មវិធីជាតិសុខភាពភ្នែក វេជ្ជបណ្ឌិត យូ ពិសិដ្ឋ បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ មករា ថា ថ្ងៃផ្តល់សេវាព្យាបាលដំបូងមានពលរដ្ឋប្រមាណ ៨០នាក់ បានទៅទទួលយកការពិនិត្យ និងព្យាបាល។ លោកលើកឡើងពីហានិភ័យនៃជំងឺភ្នែក និងជំរុញឲ្យពលរដ្ឋដែលមានជំងឺភ្នែក អញ្ជើញទៅទទួលសេវានេះដោយមិនចាំបាច់បង់ប្រាក់៖ «បើសិន ជាគាត់ចាស់ជរា អាយុ ៦០ ដល់ ៨០ឆ្នាំ មានន័យ ថាភ្នែក ឡើងបាយ ។ បញ្ហាភ្នែកនោះ គឺស្រវាំង ហើយបើគាត់ ទុកយូរ អាចមានហានិភ័យ ជំងឺទឹក ដក់ អាចលទ្ធផលការវះកាត់មិនសូវល្អ ពិបាកដែរក្នុងការវះកាត់បាយភ្នែកដែលវាទុំជ្រុល ។ គាត់នឹង ប្រឈមនឹងជំងឺផ្សេងទៀត ដូចជាជំងឺទឹកដក់ ឬជំងឺរលាកប្រស្រីភ្នែក។ អ៊ីចឹងគាត់មានបញ្ហាឈឺចាប់ ។ គាត់ព្យាបាលមិនទាន់ពេល អាចខូច ភ្នែក»។
បន្ទាប់ពីពិនិត្យ និងព្យាបាលរួច ក្រុមគ្រូពេទ្យឯកទេសនឹងត្រឡប់មកតាមដានអាការៈជំងឺរបស់ពលរដ្ឋម្តងទៀតនៅថ្ងៃទី២ ខែកុម្ភៈ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
