រដ្ឋាភិបាល​សម្រេច​ហាម​ការ​នាំ​ចេញ​ទឹក​ដោះ​ស្ត្រី​ខ្មែរ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក

ដោយ អ៊ុង សេរីវុទ្ធ
2017.03.28
បំបៅ​ដោះ​កូន ៨៥៥ ស្ត្រី​ម្នាក់​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ បំបៅ​ដោះ​កូន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

រដ្ឋាភិបាល​សម្រេច​ហាម​ឃាត់ការ​នាំ​ចេញ​ទឹកដោះ​ស្ត្រី​ខ្មែរ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក ក្រោយ​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ​ហៅ​កាត់​ថា យូនីសេហ្វ (UNICEF) ថ្កោលទោស​ចំពោះ​អាជីវកម្ម​នេះ។

លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី២៨ មីនា បញ្ជាក់​ថា ទោះបី​ជា​កម្ពុជា​ក្រ​លំបាក​យ៉ាងណា ក៏​មិន​ដល់​ថ្នាក់​លក់​ទឹកដោះ​ស្ត្រី​ខ្មែរ ទៅ​អាមេរិក​តាម​រយៈក្រុមហ៊ុន​អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី២២ មីនា យូនីសេហ្វ បាន​ថ្កោលទោស​ក្រុមហ៊ុន​អាមេរិកាំង​​នោះ ពាក់ព័ន្ធ​នឹង​អាជីវកម្ម​នាំ​ចេញ​ផលិតផល​ទឹកដោះ​ធម្មជាតិ​ស្ត្រី​ខ្មែរ​ទៅ​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក។ យូនីសេហ្វ​ចាត់​ទុកទឹកដោះ​ធម្មជាតិ​ស្ត្រី គឺ​ជា​កោសិកា​មនុស្ស​ដូចជា​ឈាម និង​មិន​គួរ​ត្រូវ​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម ក្រោម​រូបភាព​កេងប្រវ័ញ្ច​យក​ប្រយោជន៍​ពី​ស្ត្រី​ខ្មែរ​ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​នោះ​ទេ។

មូលនិធិ​នេះ​បញ្ជាក់​ថា កង្វះ​អាហាររូបត្ថម្ភ​នៅ​តែ​ជា​បញ្ហា​គំរាមកំហែង​មួយ​ចំពោះ​សុខុមាលភាព​កុមារ​នៅ​កម្ពុជា។ ហេតុ​ដូច្នេះការ​បំបៅ​ទឹកដោះ​ធម្មជាតិ​សមស្រប​គឺ​ជា​កត្តាសំខាន់​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់​នានា ដែល​ចូលរួម​ចំណែក​ឲ្យ​កុមារ​មាន​សុខភាព និង​ជីវជាតិ​ទ្រទ្រង់​រាងកាយ​ល្អ។

កាល​ពី​ថ្ងៃ​ទី២០ មីនា អាជ្ញាធរ​ខ្មែរ​បាន​បញ្ឈប់​ក្រុមហ៊ុន​មិនឲ្យនាំ​ចេញ​ផលិតផល​ទឹកដោះជា​បណ្ដោះអាសន្ន និង​ប្រមូល​ទិញ​ទឹកដោះ​ពី​ស្ត្រី​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា យក​ទៅ​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក។

ផលិតផល​ទឹកដោះ​ទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​ប្រមូល​ទិញ​ពី​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា ដោយ​ដាក់​បង្កក​មុន​ពេល​ដឹក​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​ដាក់​លក់​ផលិតផល​នេះ​ក្នុង​តម្លៃ ២០​ដុល្លារ​អាមេរិក សម្រាប់​កញ្ចប់​ទឹកដោះ​ទម្ងន់ ១៤៧​មីលីលីត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។