រដ្ឋាភិបាល​បញ្ឈប់​​ការ​ប្រើប្រាស់​និង​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​ហ្ស៊ីហ្សា

0:00 / 0:00

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គឺ​លោក កែ គឹមយ៉ាន បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ដល់​គ្រប់​ស្ថាប័ន​អាជ្ញាធរ ឱ្យ​ចាត់​វិធានការ​បង្ការ​បញ្ឈប់​ការ​ប្រើប្រាស់ ការ​ធ្វើ​អាជីវកម្ម និង​ការ​នាំ​ចូល​ផលិតផល ហ្ស៊ីហ្សា និង​បារី​អេឡិចត្រូនិក។

ក្នុង​សេចក្ដី​ណែនាំ​របស់​លោក កែ គឹមយ៉ាន នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​សរសេរ​ថា មហាជន​ទូទៅ រួម​ទាំង​អាជ្ញាធរ​ផង មាន​ប្រតិកម្ម និង​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​ប្រើប្រាស់​ផលិតផល ហ្ស៊ីហ្សា ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​រីក​រាល​ដាល​ខ្លាំង​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត។ ជា​ពិសេស អាណាព្យាបាល​យុវជន​យល់​ថា ផលិតផល ហ្ស៊ីហ្សា ជា​ប្រភេទ​គ្រឿង​ញៀន​ថ្មី ដែល​ពង្វក់​អារម្មណ៍​យុវជន​ឱ្យ​ឈ្លក់​វង្វេង បោះបង់​ចោល​ការ​សិក្សា ការងារ និង​អាច​បង្ក​បញ្ហា​លំបាក​ធ្ងន់ធ្ងរ​ផ្សេងៗ ដល់​សង្គម។

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ការ​ប្រើប្រាស់​ផលិតផល ហ្ស៊ីហ្សា អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យុវជន ដោយសារ​តែ​ពួក​គាត់​ឃើញ​សិស្ស​សាលា​មួយ​ចំនួន កំពុង​ពេញ​និយម​ប្រើប្រាស់ ឬ​ជក់​ផលិតផល​នេះ។

អ្នក​ភ្នំពេញ​មួយ​រូប គឺ​លោក អឿន វុទ្ធី ថ្លែង​ថា លោក​មិន​ចង់​ឱ្យ​ការ​ធ្វើ​អាជីវកម្ម​ផលិតផល ហ្ស៊ីហ្សា ស្រប​ច្បាប់​ទេ៖ «ខ្ញុំ​គិត​ថា​មិន​គួរ​ឱ្យ​មាន​ទេ​អា​​ហ្នឹង ព្រោះ​យូរៗ​ទៅ​វា​អាច​មាន​អា​ប្រភេទ​ញៀន​ដាក់​ចូល​ទៅ ដើម្បី​ឱ្យ​ភ្ញៀវ ក្មេងៗ អី​ហ្នឹង​វា​ចូល​បណ្ដាល​ឱ្យ​វក់។ ដំបូង​គេ​ហៅ​ថា​ស្រប​ច្បាប់ គ្មាន​ជាតិ​ញៀន​ទេ។ តែ​យូរៗ ទៅ​ខ្ញុំ​គិត​ថា​អាច ព្រោះ​ដល់​ពេល​មាន​អាជីវកម្ម​ស្រប​ច្បាប់​ហើយ វា​នឹង​ដាក់​ជាតិ​ញៀន​ហ្នឹង ដើម្បី​ពង្វក់​ខួរ​ក្បាល​ក្មេង»

អាជីវករ​ផលិតផល ហ្ស៊ីហ្សា នៅ​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប ឱ្យ​ដឹង​ថា ផលិតផល ហ្ស៊ីហ្សា ជា​ប្រភេទ​ដំណាប់​ផ្លែ​ឈើ ដែល​គេ​យក​មក​ដុត ហើយ​ជក់​បឺត​ផ្សែង​ដូច​បារី។ ការ​ជក់ ហ្ស៊ីហ្សា មាន​បំពង់​សម្រាប់​បឺត​ផ្សែង​ដូច​ជក់​កញ្ឆា​ដែរ។

ក្នុង​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បន្ត​ថា ទោះ​បី​ជា​ផលិតផល​ហ្ស៊ីហ្សា មិន​មាន​ផ្ទុក​សារធាតុ​ញៀន ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​គ្រឿង​ញៀន​ក្ដី ប៉ុន្តែ​វា​មាន​ផ្ទុក​សារធាតុ​នីកូទីន ខ្ពស់ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ជាង​បារី។​

អាជីវករ​ម្នាក់​យល់​ស្រប​ថា ហ្ស៊ីហ្សា មិន​មែន​គ្រឿង​ញៀន​ទេ គឺ​ដូច​ជក់​បារី។ ក៏​ប៉ុន្តែ​ការ​ជក់ ហ្ស៊ីហ្សា ម្ដង​អាច​នឹង​បារី​មួយ​កញ្ចប់។

អ្នក​ធ្វើ​អាជីវកម្ម​បើក​បារ​ដែល​មាន​កន្លែង​ជក់ ហ្ស៊ីហ្សា មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា ការ​បិទ​អាជីវកម្ម​ផលិតផល ហ្ស៊ីហ្សា របស់​រដ្ឋាភិបាល នឹង​ធ្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​ពួក​គាត់ ដែល​ត្រូវ​ខាត​ទុន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ។ អាជីវករ​ម្នាក់​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​មិន​ទាន់​មាន​ច្បាប់​ហាម​ឃាត់ អាជីវករ​បាន​នាំ​ចូល​ផលិតផល​នេះ ដោយ​បង់​ពន្ធ​ទៅ​គយ។

អាជ្ញាធរ​ជាតិ​សម្រេច​បញ្ឈប់​ការ​ប្រើប្រាស់ ការ​ធ្វើ​អាជីវកម្ម​ផលិតផល ហ្ស៊ីហ្សា និង​បារី​អេឡិចត្រូនិក ដោយ​សារ​ពិនិត្យ​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​កំពុង​រំជើបរំជួល​ចង់​សាក​ល្បង ហើយ​យុវជន​មួយ​ចំនួន​កំពុង​ប្រើប្រាស់។

ទាក់ទង​នឹង​ការ​បិទ​អាជីវកម្ម​លើ​ផលិតផល ហ្ស៊ីហ្សា និង​បារី​អេឡិចត្រូនិក នេះ លោក​មេធាវី សុក សំអឿន ថ្លែង​ថា ប្រសិន​បើ​មិន​ភស្តុតាង​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា ផលិតផល​ទាំង​នេះ​ជា​គ្រឿង​ញៀន​ដែល​មាន​ច្បាប់​ហាម​ទេ រដ្ឋាភិបាល​គួរ​ធ្វើ​ច្បាប់​ហាម​ជា​មុន​សិន៖ «ព្រោះ​គ្រឿង​ញៀន ច្បាប់​យើង​មាន​ហាម​ប្រាម​រួច​ហើយ។ ដូច្នេះ ប្រសិន​បើ​អត់​មាន​លិខិត​បញ្ជាក់​ចំណុច​ណា​មួយ ដែល​បញ្ជាក់​ថា គ្រឿង​ហ្នឹង​ជា​គ្រឿង​ញៀន​ហាម​ឃាត់​ដោយ​ច្បាប់​ទេ បើ​យើង​ចង់​បន្ថែម​លើ​ច្បាប់​ទៅ​ទៀត លុះ​ត្រា​តែ​យើង​ធ្វើ​ច្បាប់​មួយ​ថ្មី ទើប​យើង​អាច​បិទ​បាន។ ខ្ញុំ​គិត​ថា អ្នក​ដែល​គេ​ទិញ​ចូល​មក បើ​សិន​ជា​មិន​មែន​ជា​គ្រឿង​ញៀន​ទេ គេ​ប្រាកដ​ជា​ទិញ​មក​ដោយ​ស្រប​ច្បាប់ នាំ​ចូល​មក​ដោយ​ស្រប​ច្បាប់​ហើយ ហើយ​បើ​សិន​រដ្ឋាភិបាល​យើង​អនុញ្ញាត​ឱ្យ​គេ​នាំ​ចូល ហើយ​យើង​បែរ​ជា​បិទ បើ​យើង​គិត​មែន​ទែន បើ​នៅ​ប្រទេស​គេ​ជឿនលឿន អា​ហ្នឹង​ទាល់​តែ​រដ្ឋ​ហ្នឹង​សុខ​ចិត្ត​ចំណាយ ព្រោះ​នាំ​ចូល​មក​ស្រប​ច្បាប់​មក ស្រាប់​យើង​បិទ​មិន​ឱ្យ​គេ​លក់ អា​ហ្នឹង​ទាល់​តែ​សង​ការ​ខូច​ខាត អ្វី​ដែល​គេ​នាំ​មក​សោយ​ស្រប​ច្បាប់​ហ្នឹង»

លោក​បន្ត​ថា មិន​គួរ​បិទ​ភ្លាមៗ​ទេ ហើយ​ទុក​ពេល​កំណត់​ជាក់លាក់​មួយ ឱ្យ​អាជីវករ​លក់​ផលិតផល​នោះ​អស់​សិន៖ «ទុក​មួយ​រយៈ ដើម្បី​ឱ្យ​ការ​ហ្នឹង​ផុត​ទៅ ហើយ​បន្ទាប់​មក​យើង​ទុក​ឱសានវាទ ដើម្បី​កុំ​ឱ្យ​ខាត​ការ​នាំ​ចូល​របស់​គេ។ ក៏​ប៉ុន្តែ​ទន្ទឹម​ហ្នឹង ទាល់​តែ​មាន​ច្បាប់​ហាម ចាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ​លែង​ឱ្យ​មាន​ ហើយ​របស់​ដែល​មាន​ប្រើ​ហ្នឹង ​ឱ្យ​វា​ចប់​សព្វ​គ្រប់​ទៅ។ បើ​មិន​អ៊ីចឹង​ទេ បើ​យើង​ឱ្យ​បិទ​ដាច់​មុខ​តែ​ម្ដង វា​ទាល់​រដ្ឋ​ហ្នឹង​ជួយ​ចេញ​ខាត អ្នក​ដែល​គេ​នាំ​ចូល​មក​ស្រប​ច្បាប់​រួច​មក​ហើយ»

អាជីវករ​ម្នាក់​ឱ្យ​ដឹង​ថា ការ​បិទ​នេះ​នឹង​នាំ​ឱ្យ​អ្នក​ធ្វើ​ការ​ក្នុង​បារ ឬ​ក្លឹប បាត់បង់​ការងារ​ពី ៥០០ ទៅ ៦០០​នាក់ ពី​ព្រោះ​ក្នុង​មួយ​កន្លែង មាន​អ្នក​ធ្វើ​ការ​ចន្លោះ​ពី​ជាង ១០ ទៅ ២០​នាក់ ហើយ​នៅ​រាជធានី​ភ្នំពេញ មាន​អាជីវកម្ម ហ្ស៊ីហ្សា នេះ​យ៉ាង​តិច​ជាង ៣០​កន្លែង។

ទោះ​ជា​យ៉ាង​ណា​ក្ដី អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សម្រេច​ឱ្យ​បញ្ឈប់​លែង​ឱ្យ​មាន​ការ​ប្រើប្រាស់ ការ​ធ្វើ​អាជីវកម្ម​ផលិតផល ហ្ស៊ីហ្សា និង​បារី​អេឡិចត្រូនិក គ្រប់​រូបភាព ហើយ​ដកហូត និង​រឹបអូស​ផលិតផល​ទាំង​នេះ​មក​រក្សា​ទុក។ ទី​ពីរ បញ្ឈប់​និង​ឃាត​ទុក​នូវ​ការ​ចរាចរ ការ​ជួញដូរ​ផលិតផល ហ្ស៊ីហ្សា និង​បារី​អេឡិចត្រូនិក នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។