រដ្ឋាភិបាល​ចេញ​សារាចរ​ទប់ស្កាត់​និង​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី

ករណី​ចម្លង​ជំងឺ​ផ្ដាសាយ​បក្សី (H5N1) ពី​សត្វ​ស្លាប​ទៅ​មនុស្ស បាន​កើន​ដល់ ៩​ករណី និង​បាន​សម្លាប់​មនុស្ស ៨​នាក់​ហើយ គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៣ នេះ។ ដើម្បី​បង្កើន​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​បន្ត​នៃ​ជំងឺ​នេះ រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី១ ខែ​មីនា បាន​ចេញ​សារាចរ​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត និង​ចាត់​វិធានការ​បន្ទាន់​ភ្លាមៗ។

0:00 / 0:00

សារាចរ​លេខ​០២ របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ផ្ដាសាយ​បក្សី បាន​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ រួម​មាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​មហាផ្ទៃ និង​ក្រសួង​សុខាភិបាល អោយ​មាន​វិធាន​ការ​ត្រួត​ពិនិត្យ​អោយ​បាន​ដិត​ដល់​ចំពោះ​រាល់​ការ​ចិញ្ចឹម ការ​ចរាចរណ៍ និង​សម្លាប់​សត្វ​បក្សី​គ្រប់​ប្រភេទ។

សារាចរ​ណែនាំ​ចេញ​ថ្ងៃ​ទី១ ខែ​មីនា ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ជំងឺ​ផ្ដាសាយ​បក្សី​បាន​សម្លាប់​ពលរដ្ឋ ៨​នាក់ ក្នុង​រយៈ​ពេល ២​ខែ ដើម​ឆ្នាំ​២០១៣ ដោយ​បាន​ចាត់​ទុក​ថា​ស្ថិត​ក្នុង​កម្រិត​ព្រួយ​បារម្ភ បើ​ទោះ​ជា​មាន​វិធាន​ការ​ទប់ស្កាត់​មួយ​ចំនួន​ត្រូវ​ធ្វើ​ឡើង​នា​ពេល​កន្លង​ទៅ​ក៏ដោយ។

សារាចរ​នោះ បាន​លើក​ឡើង​នូវ​បទ​បញ្ជា​ចំនួន ៥​ចំណុច រួម​មាន​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ស្រាវជ្រាវ​អោយ​ម៉ត់ចត់ និង​ជា​ប្រចាំ​លើ​សុខភាព​បក្សី ការ​រក្សា​អនាម័យ​ចិញ្ចឹម​បក្សី កន្លែង​ប្រមូល​ផ្ដុំ​បក្សី ទីផ្សារ​បក្សី និង​សត្តឃាត ផ្សព្វផ្សាយ​បន្ថែម​ពី​ជំងឺ​ផ្ដាសាយ​បក្សី និង​វិធានការ​ការពារ ចាត់​វិធានការ​បន្ទាន់​ទប់ស្កាត់​ការ​ធ្វើ​ចរាចរណ៍​បក្សី និង​ផលិតផល​ពី​បក្សី​ដោយ​ខុស​ច្បាប់។

អនុប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សុវណ្ណ មាន​ប្រសាសន៍​ថា ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​កសិកម្ម និង​ក្រសួង​សុខាភិបាល តែង​សហការ​ល្អ​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ការ​ចម្លង​ជំងឺ ហើយ​សកម្ម​ភាព​នេះ​ក៏​នៅ​តែ​បន្ត និង​ពង្រឹង​បន្ថែម​ទៀត។ លោក លី សុវណ្ណ បន្ត​ថា កន្លង​មក​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ តែង​ត្រូវ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​យឺតយ៉ាវ ដែល​មិន​អាច​សង្គ្រោះ​បាន។ លោក​ថា ការ​អប់រំ​ផ្សព្វផ្សាយ​មាន ប៉ុន្តែ​ការ​អនុវត្ត​របស់​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​អាច​ផ្លាស់​ប្ដូរ​បាន​នៅ​ឡើយ ដែល​នេះ​ជា​ភាព​ប្រឈម​នៃ​ក្រុម​ការងារ​របស់​លោក។

រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​បក្សី ជា​ញឹកញយ​ត្រូវ​ពលរដ្ឋ​ទូទៅ​យល់​ច្រឡំ​ថា​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា ដែល​ជា​ហេតុ​បណ្ដាល​អោយ​មាន​ការ​បណ្ដែត​បណ្ដោយ​អោយ​ជំងឺ​នេះ​ធ្លាក់​ចូល​ក្នុង​សភាព​ធ្ងន់ធ្ងរ មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ដើម្បី​អោយ​វិធានការ​ការពារ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី​មាន​ប្រសិទ្ធភាព ហើយ​ការ​ផ្សព្វផ្សាយ​ពី​ការ​ថែទាំ​សុខ​ភាព​បឋម​អាច​ចូល​ទៅ​ដល់​ស្រទាប់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​បន្ថែម​ថវិកា​វិនិយោគ​លើ​វិស័យ​នេះ ពោល​គឺ​ស្រប​ពេល​ដែល​មាន​វិធាន​ការ ក៏​ត្រូវ​មាន​ថវិកា ដើម្បី​អនុវត្ត​សកម្មភាព​ថែម​ទៀត។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ មក មាន​មនុស្ស​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ចំនួន ៣០​នាក់ និង​ស្លាប់​ចំនួន ២៧​នាក់។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​អោយ​អាជ្ញាធរ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​កង​កម្លាំង​ប្រដាប់​អាវុធ សហការ​អនុវត្ត​សារាចរ​លេខ​០២ របស់​រដ្ឋាភិបាល​អោយ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។