បុរសអាយុ ៣៥ឆ្នាំម្នាក់ រស់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានស្លាប់នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ គឺជាមនុស្សទី៨ នៅកម្ពុជា ដែលបានស្លាប់ដោយជំងឺផ្ដាសាយបក្សី បន្ទាប់ពីបុរសរូបនោះត្រូវបញ្ជូនអោយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត (Calmette) ដោយមានសភាពជំងឺធ្ងន់ធ្ងរ។
ប្រធាននាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ទូច មានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ថា បុរសឈ្មោះ ធឿន ឌឿន បានស្លាប់នៅម៉ោងជាង ១១យប់ បន្ទាប់ពីសង្ស័យថាមានផ្ទុកជំងឺផ្ដាសាយបក្សីH5N1។ លោកថា ពេទ្យជំនាញបានរកគ្រប់វិធីព្យាបាល តែពុំបានទទួលជោគជ័យឡើយ ដោយសារជំងឺនេះបានដល់ដំណាក់កាលធ្ងន់ធ្ងរមុនទទួលការព្យាបាល៖ «យើងបានបញ្ជូនមកសង្គ្រោះនៅភ្នំពេញហើយ ប៉ុន្តែដោយសារសភាពជំងឺគាត់ធ្ងន់ធ្ងរពេក ដែលយើងមិនអាចសង្គ្រោះបាន»។
ជនរងគ្រោះទី៨ ឈ្មោះ ធឿន ឌឿន មានអាយុ ៣៥ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោកត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២១ ខែកុម្ភៈ។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក ភីតធើ វ៉ាន់ ម៉ារ៉េន (Pieter Van Maaren) បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ជំងឺផ្ដាសាយបក្សីជាទូទៅរកឃើញថា បានចម្លងពីសត្វបក្សីមកមនុស្ស និងពុំមានការចម្លងពីមនុស្សមកមនុស្សឡើយ៖ «គ្រប់ករណីជំងឺទាំងអស់ យើងបានធ្វើការវិភាគ និងស្រាវជ្រាវ គឺមិនមានការឆ្លងពីមនុស្សទៅមនុស្សទេ គឺឆ្លងពីបក្សីមកមនុស្ស។ យើងមិនបារម្ភពីការកើនឡើងនូវចំនួនអ្នកជំងឺទេ ប៉ុន្តែយើងបារម្ភពីឥរិយាបថរបស់ប្រជាជនកម្ពុជា ចំពោះជំងឺនេះ និងការឆ្លងមេរោគនេះរវាងមនុស្សមកមនុស្ស»។
នៅក្រោយការរកឃើញជំងឺផ្ដាសាយលើបុរស ធឿន ឌឿន សមត្ថកិច្ចមន្ទីរកសិកម្មខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានកម្ទេចសត្វមាន់ និងទាជាង ១.១០០ក្បាល ក្នុងស្រុកចំនួនពីរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺគ្រុនផ្ដាសាយបក្សី។
នៅដើមឆ្នាំ២០១៣ នេះ ជំងឺផ្ដាសាយបក្សីកើនដល់ ៩ករណី ដែលក្នុងនោះមានក្មេងអាយុក្រោម ១៥ឆ្នាំចំនួន ៧ករណី និងមាន ៨ករណីបណ្ដាលឲ្យអ្នកជំងឺបានស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
