កិច្ច​ពិភាក្សា​ពី​វិធានការ​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី

អន្តរ​ក្រសួង ដែល​មាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួង​សុខាភិបាល រួម​ទាំង​មន្ត្រី​មក​ពី​ស្ថាប័ន​អង្គការ​អន្តរជាតិ​នានា​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី១៤ ខែ​មីនា បាន​បើក​កិច្ច​ពិភាក្សា​គ្នា​អំពី​វិធានការ​ការពារ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ដែល​បង្ក​ដោយ​មេរោគ​H5N1។

0:00 / 0:00

ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ កាន់​តែ​មាន​ក្ដី​ព្រួយ​បារម្ភ ដោយសារ​នៅ​ឆ្នាំ​២០១៣ នេះ មេរោគ​H5N1 មាន​សន្ទុះ​រាល​ដាល​ខ្លាំង​ជាង​ឆ្នាំ​២០១២។

មន្ត្រី​ជំនាញ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​រីក​រាល​ដាល​នៃ​មេរោគ​H5N1 នៅ​កម្ពុជា កំពុង​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​បម្លែង​មេរោគ​នេះ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប្រសិន​ជា​ខ្វះ​ចន្លោះ​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី។

នៅ​ក្នុង​កិច្ច​ប្រជុំ​សម្របសម្រួល​អន្តរ​ក្រសួង ស្ដីពី​ការ​វាយ​តម្លៃ និង​វិធានការ​ឆ្លើយ​តប​ក្នុង​ពេល​ផ្ទុះ​ឡើង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី នៅ​ថ្ងៃ​ទី១៤ មីនា អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ឱកាស​នៃ​ការ​បម្លែង​មេរោគ​នេះ​គេ​ឃើញ​មាន​សន្ទុះ​កាន់​តែ​កើន​ឡើង។ លោក​ថា ជា​បឋម កម្ពុជា ពុំ​មាន​វត្តមាន​មេរោគ​នេះ​ទេ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន មេរោគ​នេះ​មាន​នៅ​ក្នុង​សត្វ​បក្សី​ដែល​វា​បាន​ចម្លង​ពី​សត្វ​បក្សី​ទៅ​សត្វ​បក្សី។ លោក លី សូវ៉ាន់ បញ្ជាក់​ថា អន្តរ​ក្រសួង​បាន​ដាក់​វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ពង្រឹង​ប្រព័ន្ធ​តាម​ដាន​បន្ត​ទៀត ជៀសវាង​ការ​បម្លែង​មេរោគ​H5N1ដែល​អាច​វាយ​លុក​ខ្លាំង​នៅ​កម្ពុជា។

នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ពីរ​ខែ​ដើម​ឆ្នាំ​២០១៣ នេះ ជំងឺ​ផ្ដាសាយ​បក្សី​H5N1 បាន​ផ្ទុះ និង​ចម្លង​ទៅ​មនុស្ស​ចំនួន ៩​នាក់ ក្នុង​នោះ​មនុស្ស​ស្លាប់​ចំនួន ៨​នាក់។ ហើយ​គិត​តាំង​ពី​ឆ្នាំ​២០០៥ មក មាន​មនុស្ស​ឈឺ​ចំនួន ៣០​នាក់ និង​ស្លាប់​ចំនួន ២៧​នាក់​ដោយសារ​ជំងឺ​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អះអាង​ថា ក្នុង​ករណី​ទាំង​នេះ​ពុំ​មាន​ការ​រក​ឃើញ​ណា​មួយ​បញ្ជាក់​ថា​ជា​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក​ដល់​បច្ចុប្បន្ន ករណី​ផ្ទុះ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​មក​លើ​សត្វ មាន​ចំនួន ៣៩​កន្លែង ក្នុង​នោះ​មាន​ច្រើន​ជាង​គេ គឺ​ខេត្ត​កំពង់ចាម តាកែវ និង​ខេត្ត​កណ្ដាល បន្ទាប់​មក​មាន​ខេត្ត​កំពត សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង បាត់ដំបង និង​រាជធានី​ភ្នំពេញ។

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​បណ្ឌិត ស៊ន សាន បាន​ថ្លែង​ថា សត្វ​បក្សី​ចំនួន ៦០% ត្រូវ​បាន​រក​ឃើញ​ថា កំពុង​ចរាចរ​នៅ​ក្នុង​ទីផ្សារ ដែល​នេះ​គឺ​ជា​ចលនា​បក្សី​ឆ្លង​កាត់​ខុស​ច្បាប់ បង្ក​ឲ្យ​មាន​ការ​សាយ​ភាយ​មេរោគ​H5N1នេះ។ លោក​ថា ការ​ផ្ទុះ​ខ្លាំង​មេរោគ​នេះ ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ ជា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​សត្វ​បក្សី​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​លើ​ទីផ្សារ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បង្ហាញ​ថា ជា​វិធានការ​នោះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ គឺ​រៀបចំ​ប្រព័ន្ធ​តាម​ដាន​នៅ​ក្នុង​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ តាម​ដាន​ក្នុង​សហគមន៍ តាម​រយៈ​លេខ​ទូរស័ព្ទ​ពិសេស និង​ប្រព័ន្ធ​ឃ្លាំ​មើល​ពីរ​ទៀត​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន ដែល​មាន​ជំងឺ​ផ្ដាសាយ និង​ជំងឺ​រលាក​សួត។ ក្រៅ​ពី​នោះ មាន​មន្ទីរ​ពិសោធន៍​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​អាច​ផ្ដល់​លទ្ធផល​តិច​ជាង ២៤​ម៉ោង។ ហើយ​ក៏​មាន​មន្ទីរពេទ្យ​ចំនួន ៦​កន្លែង នៅ​ពេល​រក​ឃើញ​បឋម​ពី​ករណី​គ្រុន​ផ្ដាសាយ​បក្សី​មាន​បន្ទប់​ព្យាបាល ជាពិសេស​សម្រាប់​ដាក់​អ្នក​ជំងឺ​ឲ្យ​នៅ​ដោយ​ឡែក និង​តាម​ដាន​សុខភាព​ពលរដ្ឋ​ជា​អាជីវករ និង​នៅ​កន្លែង​សត្វ​ឃាត​ជាដើម។

ក្រុម​ការងារ​អន្តរ​ក្រសួង បាន​ផ្ដាំ​ផ្ញើ​ថា វិធី​បង្ការ​ជំងឺ​នេះ គឺ​មាន​លក្ខណៈ​ងាយ​បំផុត ដោយ​គ្រាន់​អនុវត្ត​អនាម័យ​ជា​មូលដ្ឋាន នៅ​ពេល​ធ្វើ​សត្វ​ឃាត​នោះ ដោយ​ពាក់​ស្រោម​ដៃ ពាក់​ម៉ាស់ លាង​ដៃ​នឹង​សាប៊ូ​ជា​ការ​ស្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។