ជីវិត​ជន​ពិការ​ភ្នែក​ប្រកប​របរ​ម៉ាស្សា​ឬ​សម្រួល​សរសៃ

0:00 / 0:00

មុខ​របរ​ម៉ាស្សា ឬ​សម្រួល​សរសៃ កំពុង​ពេញ​និយម​នៅ​កម្ពុជា ខណៈ​មនុស្ស​ជាច្រើន​បាន​យល់​ពី​តម្លៃ​នៃ​ការ​សម្រួល​សរសៃ ហើយ​ចូល​ទៅ​ព្យាបាល​សរសៃ​ដែល​ចុក​រោយ​សាច់​ដុំ ត្បៀត​សម្ពាធ​ឈាម និង​កប់​សរសៃ ជាដើម។ នៅ​ក្នុង​ចំណោម​ទីតាំង​ម៉ាស្សា​ក្នុង​ទីក្រុង​ភ្នំពេញ មាន​កន្លែង​តិច​ណាស់​ដែល​ជន​ពិការ​ភ្នែក​ជា​អ្នក​ជួយ​ម៉ាស្សា ឬ​សម្រួល​សរសៃ​ជូន​អតិថិជន។

ប្រើ​ដៃ​ទាំង​ពីរ​ប្រឹង​សង្កត់​លើ​ស្មា​អតិថិជន បុរស​ស្លៀក​ពាក់​ខោ​អាវ​ឈុត​ពណ៌​ទឹក​សមុទ្រ មាន​ស្នាម​អ៊ុត​យ៉ាង​ស្អាត ឈ្មោះ សែម ប្រុស ឲ្យ​ដឹង​ថា គាត់​ប្រកប​របរ​ម៉ាស្សា ១០​ឆ្នាំ​ហើយ។

លោក សែម ប្រុស បាន​ផ្អាក​ម៉ាស្សា ហើយ​ដើរ​ទៅ​ក្រោយ​បន្ទប់​ហាក់​ដូច​មនុស្ស​ភ្នែក​ភ្លឺ ដែល​មើល​ឃើញ​ជណ្ដើរ ឬ​តុ កៅអី គ្រែ ដែល​នៅ​ពី​មុខ​កន្លែង​គាត់​ដើរ​ឆ្ពោះ​ទៅ​នោះ។ លោក​រៀបរាប់​ពី​ការងារ​ម៉ាស្សា​នោះ​ថា មិន​នឿយ​ខ្លាំង​ទេ ប៉ុន្តែ​ឈឺ​មេដៃ​បន្តិច ព្រោះ​ប្រឹង​ចុច​ឲ្យ​ចំ​សរសៃ​របស់​ភ្ញៀវ​ដែល​កប់ ឬ​ត្បៀត។ លោក​ថា គាត់​អាច​ឈរ​ម៉ាស្សា​បាន ៧​ម៉ោង​ក្នុង ១​ថ្ងៃ៖ «ខ្ញុំ​ឈឺ​មេដៃ​ខាង​ឆ្វេង​ហ្នឹង ខ្ញុំ​ឈប់​ធ្វើ​ការ​រយៈពេល​កន្លះ​ខែ ទើប​ធ្វើ​បាន​ប៉ុន្មាន​ថ្ងៃ​វិញ​នេះ។ ចំពោះ​កម្រៃ​ម៉ាស្សា ខ្ញុំ​ទទួល​បាន​ភាគរយ​ក្នុង ១​ម៉ោង ខ្ញុំ​បាន ៧​ពាន់។ ថៅកែ​យក​ពី​ភ្ញៀវ​ក្នុង ១​ម៉ោង ៣,៥​ដុល្លារ កង្ហារ ៤,៥​ដុល្លារ ម៉ាស៊ីន​ត្រជាក់។ ភ្ញៀវ​តែ​គាត់​មាន​ពេលវេលា គាត់​ដាក់ ១​ម៉ោង​កន្លះ ឬ​មួយ ២​ម៉ោង តែ​តិច​បំផុត​ក៏ ១​ម៉ោង​ដែរ»

លោក សែម ប្រុស ឲ្យ​ដឹង​ថា គាត់​រៀន​បច្ចេកទេស​ម៉ាស្សា ឬ​សម្រួល​សរសៃ​នេះ​ពី​គ្រូ​នៅ​អង្គការ​ម៉ារីណុល។ លោក​ថា គ្រូ ២​នាក់​បាន​ខិតខំ​ពន្យល់​គាត់​ឲ្យ​ចាប់​សាច់​ដុំ​ចំ​កន្លែង​ដែល​ភ្ញៀវ​កប់​សរសៃ ឬ​កន្លែង​ដែល​ភ្ញៀវ​ចុក​រោយ​ខ្លាំង។ គឺ​បង្រៀន​ឲ្យ​គាត់​ចាប់​ត្រូវ​សាច់​ដុំ​ដង​ខ្លួន ស្មា ដៃ ជើង ជាដើម ធ្វើ​យ៉ាង​ណា​ឲ្យ​ភាព​តានតឹង​នៅ​ក្នុង​ខ្លួន​ភ្ញៀវ បាន​ធូរ​ទាំង​អារម្មណ៍ ទាំង​ការ​ឈឺ​ចាប់៖ «ខ្ញុំ​គិត​ថា អាជីព​នេះ​សម្រាប់​ខ្ញុំ គឺ​សប្បាយ​ចិត្ត នៅ​ពេល​ដែល​ខ្ញុំ​បាន​ចេះ​អាជីព​ហ្នឹង​មក ដើម្បី​ខ្ញុំ​ចិញ្ចឹម​គ្រួសារ​ខ្ញុំ កូន​ប្រពន្ធ​ខ្ញុំ»

លោក សែម ប្រុស ឲ្យ​ដឹង​ទៀត​ថា គាត់​ពិការ​ភ្នែក​ពី​អាយុ ១២​ឆ្នាំ។ ក្រោយ​ពី​គាត់​ជា​ពី​ជំងឺ​កញ្ជ្រឹល គាត់​បាន​ទៅ​ឃ្វាល​គោ​ហាល​ខ្យល់ ធ្វើ​ឲ្យ​ភ្នែក​គាត់​ក្តៅ​ខ្លាំង។ ម្តាយ​គាត់​ទិញ​ថ្នាំ​មក​បន្តក់​ឲ្យ បន្ទាប់​មក​ភ្នែក​គាត់​ក៏​ងងឹត​រហូត​មក។ លោក​បន្ត​ថា គាត់​មាន​អាយុ ៣២​ឆ្នាំ​ហើយ គាត់​មាន​ភរិយា​ភ្នែក​ងងឹត​ដូច​គាត់​ដែរ និង​មាន​កូន ២​នាក់ ប្រុស​មួយ ស្រី​មួយ ដែល​កំពុង​តែ​រៀន​នៅ​សាលា​បឋម​សិក្សា៖ «ខ្ញុំ​ខំ​ធ្វើ​ការ​សព្វថ្ងៃ​ហ្នឹង​សព្វថ្ងៃ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ដើរ​សុំ​ទាន​គេ​តាម​ផ្សារ ទី​១ ពេល​ដែល​ខ្ញុំ​សុំ​គេ​ទៅ​ខ្មាស​គេ ក្នុង​សង្គម​យើង​ជា​ជន​ពិការ។ គេ​ពិការ​ដូច​គ្នា​ដែរ គេ​ធ្វើ​ការ​បាន ចុះ​ចំពោះ​ខ្ញុំ​ពិការ​ដូច​គ្នា ខ្ញុំ​ខំ​ធ្វើ​ការ​ឲ្យ​បាន​ដូច​គេ»

ស្ត្រី​ពិការ​ភ្នែក ឈ្មោះ លី ស្រីរ័ត្ន ជា​ភរិយា​ប្រកប​របរ​ម៉ាស្សា​ដែរ ឲ្យ​ដឹង​ថា កាល​ពី​អាយុ ១៦​ឆ្នាំ គាត់​ចេះ​តែ​ស្រវាំង​មើល​អ្វី​មិន​សូវ​ច្បាស់។ កន្លះ​ឆ្នាំ​ក្រោយ​មក ភ្នែក​មើល​លែង​ឃើញ គ្រូពេទ្យ​ប្រាប់​ថា ជំងឺ​ទឹក​ដក់​បាត​ភ្នែក​ដំណាក់​កាល​ចុង​ក្រោយ​ហួស​ការ​ព្យាបាល​ហើយ។ បច្ចុប្បន្ន គាត់​ប្រកប​របរ​ម៉ាស្សា​នេះ​ទាំង ២​នាក់​ប្ដី​ប្រពន្ធ ដើម្បី​ចិញ្ចឹម​កូន​ប្រុស​ស្រី​ឲ្យ​មាន​អាហារ​ហូប​គ្រប់គ្រាន់ និង​ជំរុញ​ឲ្យ​ពួក​គេ​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ ដើម្បី​លើក​ស្ទួយ​កម្រិត​ជីវភាព​គ្រួសារ។ លោកស្រី​បន្ត​ថា របរ​ម៉ាស្សា​ជន​ពិការ​ភ្នែក​នេះ ត្រូវ​បាន​ភ្ញៀវ​ដែល​ចូល​ទៅ​ឲ្យ​ពួក​គាត់​ជួយ​សម្រួល​ការ​ឈឺ​ចាប់​ក្នុង​សរសៃ ឬ​អស់​កម្លាំង​ជាដើម ផ្តល់​កិត្តិយស​ឲ្យ​ពួក​គាត់ ដោយ​មិន​បាន​មើលងាយ ឬ​រើសអើង​ជន​ពិការ​ទេ មិន​តែ​ប៉ុណ្ណោះ ភ្ញៀវ​ភាគ​ច្រើន​បាន​ផ្តល់​លុយ​ក្រៅ​សេវា (លុយ​ធីប) ជួយ​ពួក​គាត់​ទៀត៖ «ការងារ​ហ្នឹង​ហត់​នឿយ​ដែរ ព្រោះ​ពេល​ខ្លះ​ភ្ញៀវ​គាត់​ចង់​បាន​ធ្ងន់ អ៊ីចឹង គឺ​យើង​ប្រឹង​កម្លាំង​ដែរ បើ​ភ្ញៀវ​គាត់​ចង់​បាន​រៀង​ស្រាលៗ គឺ​យើង​អត់​សូវ​ប្រឹង​ទេ។ អ៊ីចឹង​បាន​ន័យ​ថា វា​ហត់​នឿយ​ដែរ ព្រោះ​យើង​ម៉ាស្សា​ប្រើ​នឹង​ដៃ។ ខ្ញុំ​មើល​អត់​ឃើញ​អ៊ីចឹង ខ្ញុំ​ប្រើ​នឹង​ដៃ​ណាស់ ដល់​អ៊ីចឹង​ពេល​ដែល​យើង​ប្រឹង​ទៅ វា​ចុក​រោយ​ដៃ ហើយ​ជើង​អី​ដែរ»

លោកស្រី​បន្ថែម​ថា អតិថិជន​ខ្លះ​គាត់​ចុក​ដៃ​ជើង ត្បៀត​សម្ពាធ​ឈាម លោកស្រី​គ្រាន់​តែ​យក​ដៃ​ទៅ​ស្ទាប អាច​ដឹង​ថា​វា​មាន​សភាព​ខុស​ពី​ធម្មតា ដូច្នេះ​ការ​ធ្វើ​ម៉ាស្សា​មិន​មែន​ចេះ​តែ​ចុក ឬ​ច្របាច់​នោះ​ទេ ទាល់​តែ​ចេះ​ជំនាញ​ដែរ ទើប​ភ្ញៀវ​ចូល​ចិត្ត​ឲ្យ​គាត់​ម៉ាស្សា។ លោកស្រី​ថា គាត់​ជ្រើសរើស​យក​ការងារ​ម៉ាស្សា​នេះ គឺ​មិន​ចង់​យក​ពិការភាព​ដើរ​សុំ​លុយ​នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ ព្រោះ​របរ​ម៉ាស្សា​បាន​ជួយ​ឲ្យ​ក្រុម​គ្រួសារ​គាត់ ទទួល​បាន​ចំណូល​គ្រាន់​បើ បើ​ធៀប​នឹង​បង​ប្អូន​ដែល​ធ្វើ​កម្មករ និង​អ្នក​ធ្វើ​ស្រែ៖ «បើ​អត់​ភ្ញៀវ​អ៊ីចឹង​ទៅ វា​អាច​បាន ៣ ទៅ ៤​ម៉ោង បើ​មាន​ភ្ញៀវ​វា​អាច​ដល់ ៧ ទៅ ៨​ម៉ោង វា​អត់​ទៀង ព្រោះ​ថ្ងៃ​ណា​ដែល​មាន​ភ្ញៀវ​ច្រើន វា​អាច​បាន​ច្រើន ពេល​ខ្លះ​វា​អាច​បាន​ដល់ ១០​ម៉ោង​ទៀត​នោះ។ កម្លាំង​ដៃ​អាច​ទៅ​រួច ព្រោះ​យើង​ស៊ាំ​ក្នុង​ការងារ​នេះ ហើយ​វា​រៀង​ណែន​ក្នុង​ទ្រូង​នៅ​ពេល​ដែល​យើង​ប្រឹង​ខ្លាំង ព្រោះ​យើង​ប្រឹង​ដៃ​ទៅ​វា​យោគ​ដល់​ក្នុង​ទ្រូង។ បើ​ថ្ងៃ​ណា​ដែល​យើង​ប្រឹង​ខ្លាំង គឺ​យើង​អស់​កម្លាំង​ដែរ តែ​យើង​ញ៉ាំ​អី​ទៅ វា​អាច​មាន​កម្លាំង យើង​អាច​ធ្វើ​ការ​បន្ត​ទៅ​ទៀត​បាន»

បន្ថែម​លើ​ភរិយា​កំពុង​លើក​ឡើង​នោះ លោក សែម ប្រុស អះអាង​ថា ប្អូន​ស្រី​ភ្លោះ​ជាមួយ​គាត់​បាន​បោះបង់​ការ​ធ្វើ​ស្រែ​នៅ​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មក​ធ្វើ​កម្មករ​រោងចក្រ​កាត់​ដេរ ប៉ុន្តែ​ពួក​គេ​ត្អូញ​ថា មិន​អាច​សល់​ប្រាក់​ឲ្យ​កូន ៣​នាក់​បាន​រៀន​ប្រសើរ​ឡើយ៖ «ប្អូន​ខ្ញុំ​ភ្លោះ​ជាមួយ​ខ្ញុំ​ហ្នឹង មាន​ប្ដី​ហើយ បាន​កូន ៣​នាក់​ហើយ តែ​គេ​មើល​ឃើញ គេ​ធ្វើ​ការ​រោងចក្រ ប៉ុន្តែ​គេ​រស់នៅ​យ៉ាប់យ៉ឺន​ជាង​ខ្ញុំ ដោយសារ​គ្នា​ធ្វើ​ការ​រោងចក្រ បាន​មក​ចិញ្ចឹម​តែ​មួយ​ខ្លួន ប្ដី​គ្នា​រត់​ម៉ូតូ​ឌុប និង​ធ្វើ​សំណង់​បន្តិចបន្តួច»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ថ្លែង​ថា អង្គការ​នេះ​មិន​មាន​ចំនួន​តួលេខ​ជាក់លាក់​អំពី​ជន​ពិការ​ភ្នែក ដែល​ប្រកប​របរ​ម៉ាស្សា​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​ទេ។ លោក​ថា ពួក​គេ​ចេះ​ជំនាញ​ម៉ាស្សា ហើយ​បាន​បង្រៀន​គ្នា​បន្ត រួច​សហការ​គ្នា​បើក​មុខ​របរ​ម៉ាស្សា​តាម​ផ្ទះ ដោយ​ពួក​គេ​ប្រឹងប្រែង​រក​ចំណូល​ចិញ្ចឹម​ជីវិត មិន​រង់ចាំ​ឲ្យ​គេ​ចិញ្ចឹម ឬ​ចាំ​តែ​លើក​ដៃ​សុំ​ទាន​ឡើយ៖ «គាត់​បើក​ជំនាញ​ម៉ាស្សា គាត់​បើក​ប្រគំ​តន្ត្រី ទាំង​នេះ​ជា​សិទ្ធិ​របស់​ពួក​គាត់​ក្នុង​ការ​ស្វែងរក​ថវិកា ដើម្បី​ចិញ្ចឹម​ក្រុម​គាត់ ក៏​ប្រសើរ​ជាង​គាត់​លើក​ដៃ​សុំ​គេ ហើយ​ប្រសើរ​ជាង​គាត់​រង់ចាំ រង់ចាំ​គេ​ចិញ្ចឹម មាន​ន័យ​ថា បើ​គាត់ បើ​សិន​ជា​គាត់​មាន​សមត្ថភាព មាន​លទ្ធភាព​ផ្តល់​សេវា​ជូន​សាធារណជន ដើម្បី​ឲ្យ​គេ​មក​ទទួល​សេវា ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​រស់នៅ​ប្រកប​ទៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ​របស់​គាត់ ដែល​យើង​គួរ​តែ​លើក​ទឹក​ចិត្ត​គាត់ ដើម្បី​ឲ្យ​គាត់​មាន​ជំនាញ​បែប​ហ្នឹង ហើយ​យើង​គួរ​តែ​រួម​គ្នា​ប្រើប្រាស់​សេវា​របស់​គាត់ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពួក​គាត់​អាច​រក​ចំណូល​ដើម្បី​ចិញ្ចឹម​គ្រួសារ និង​រស់នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ​ដូច​អ្នក​មិន​ពិការ»

ម្ចាស់​ហាង​ម៉ាស្សា​ចាប់​សរសៃ​ដោយ​ជន​ពិការ​ភ្នែក អ្នកស្រី នួន ស៊ីថុន ឲ្យ​ដឹង​ថា មាន​ជន​ពិការ​ភ្នែក ១០​នាក់ ក្នុង​នោះ​ស្រី ៣​នាក់ សុទ្ធតែ​ជំនាញ​ម៉ាស្សា និង​សម្រួល​សរសៃ​បម្រើ​ជូន​អតិថិជន​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១០​យប់។ តម្លៃ​ម៉ាស្សា​ក្នុង ១​ម៉ោង​ចន្លោះ​ពី ៣​ដុល្លារ​កន្លះ ទៅ ៤​ដុល្លារ​កន្លះ តាម​ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​នៅ​ពេល​ចូល​ទៅ​បន្ទប់​ម៉ាស្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។