អ្នកជំនាញផ្នែកបរិស្ថានអន្តរជាតិ ឲ្យដឹងថា សារធាតុរ៉ែម្យ៉ាងដែលគេហៅថាអាសបេស្តូស (Asbestos) គឺជាសារធាតុមានប្រយោជន៍យ៉ាងខ្លាំង ដែលបច្ចេកវិទ្យាបច្ចុប្បន្ន កំពុងយកមកធ្វើជាសម្ភារៈឲ្យមនុស្សប្រើប្រាស់ជារៀងរាល់ថ្ងៃ ដែលមិនអាចកាត់ផ្ដាច់បាន។ ក៏ប៉ុន្តែសារធាតុមួយនេះ ក៏អាចផ្ដល់គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងកម្មករការងារនានា ដូចជាបណ្ដាលឲ្យកើតជំងឺមហារីកសួត ជាដើម ប្រសិនបើមិនមានការប្រុងប្រយ័ត្ន។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអ្នកជំនាញផ្នែកបរិស្ថានអន្តរជាតិ ព្រមទាំងក្រុមហ៊ុនធំៗដែលផលិតសម្ភារៈប្រើប្រាស់មួយចំនួន បានធ្វើសន្និសីទដ៏ធំមួយនៅឯខេត្តសៀមរាប ដើម្បីបង្ហាញឲ្យមានការយល់ដឹងពីសារធាតុរ៉ែម្យ៉ាងឈ្មោះ អាសបេស្តូស (Asbestos) ថាវាកំពុងមានប្រយោជន៍យ៉ាងខ្លាំងចំពោះការប្រើប្រាស់សម្រាប់សម័យទំនើប ក៏ប៉ុន្តែវាក៏មានគ្រោះថ្នាក់ដល់សុខភាពមនុស្សដែរ ប្រសិនបើមិនមានការប្រុងប្រយ័ត្នឲ្យត្រឹមត្រូវ។
ក្រុមអ្នកជំនាញផ្នែកសុខភាពរបស់កម្ពុជា និងផ្នែកបរិស្ថានរបស់អន្តរជាតិ កំពុងតែជួបពិភាក្សាដែលផ្ដោតសំខាន់ទៅលើសារធាតុមួយនេះ ដើម្បីនឹងចែករំលែកព័ត៌មានឲ្យមហាជនបានយល់ដឹងអំពីសារប្រយោជន៍ ព្រមទាំងកិច្ចការពារគ្រោះថ្នាក់ពីសារធាតុមួយនេះ។
ប្រធាននាយកដ្ឋានពេទ្យការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនជំនាញជាច្រើនទៀត គឺលោកទន្តបណ្ឌិត ឡេង តុង។ លោកថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃទី៣១ ខែឧសភា ថា បច្ចុប្បន្នកុំថាឡើយនៅក្នុងពិភពលោកទាំងមូល សូម្បីតែនៅកម្ពុជា គឺជុំវិញខ្លួនប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែមានសារធាតុអាសបេស្តូស។ សារធាតុមួយនេះ ត្រូវបានគេយកទៅលាយជាមួយសារធាតុដទៃទៀត ដើម្បីផលិតជាសម្ភារៈប្រើប្រាស់ ដោយសារវាមានតម្លៃថោក ធន់នឹងកម្ដៅ ធន់នឹងសំឡេងរំខាន ធន់នឹងទឹក ព្រមទាំងមិនច្រែះ ជាដើម។ សារធាតុមួយនេះ ត្រូវបានគេយកទៅលាយជាមួយគ្រឿងសំណង់ ធ្វើកប៉ាល់ ព្រមទាំងអគារឧស្សាហកម្មគ្រប់ទីកន្លែងទាំងអស់៖ « យើងឃើញហើយនៅក្នុងផ្ទះនេះ គ្រប់កន្លែងទាំងអស់សុទ្ធតែមានអាសបេស្តូស ហើយនៅឡាន ក៏ត្រូវការប្រើច្រើន ជាពិសេសគឺហ្វ្រាំងឡាន ហើយនិងក្បឿង ហ្វីបប្រូស៊ីម៉ង់ត៍ដែលប្រើច្រើនសព្វថ្ងៃ គឺប្រើសារធាតុហ្នឹង។ អាសបេស្តូស គ្រីសូថាយល៍ (Asbestos Chrysotile) បើយើងគិតថាប៉ះពាល់សុខភាព វាមានប៉ះពាល់មែន តែបើប្រៀប គឺវាប៉ះពាល់តិចជាងស្រា និងបារី »។
ការប៉ះពាល់សុខភាពដែលបណ្ដាលមកពីសារធាតុ អាសបេស្តូស(Asbestos) នោះ បង្កឲ្យមានជំងឺមួយចំនួន ប៉ុន្តែសំខាន់ជាងគេ គឺបណ្ដាលឲ្យកើតមហារីកសួត។
មន្ត្រីក្រសួងការងារ ឲ្យដឹងថា ផ្អែកលើរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ២០១៤ គឺមានមនុស្សប្រមាណ ១២៥លាននាក់នៅតាមបណ្ដាប្រទេសជុំវិញពិភពលោក បានប៉ះពាល់សុខភាពដោយសារតែសារធាតុអាសបេស្តូស ហើយក្នុងចំណោមអ្នកប៉ះពាល់ទាំងនោះ គឺ ១០ម៉ឺននាក់បានស្លាប់។
ប្រធានមូលនិធិស្រាវជ្រាវបរិស្ថានអន្តរជាតិ លោក រ៉ូបឺត ភីណូឡាន (Robert P.Nolan) មានប្រសាសន៍ថា បច្ចុប្បន្ន សារធាតុរ៉ែ អាសបេស្តូស (Asbestos) គឺជាសារធាតុសំខាន់ដែលគេមិនទាន់អាចកាត់ផ្ដាច់ការប្រើប្រាស់វាបាននៅឡើយទេ ក៏ប៉ុន្តែវាមានមធ្យោបាយខ្លះក្នុងការបញ្ចៀសការប៉ះពាល់មកលើសុខភាព តាមរយៈការប្រុងប្រយ័ត្នលើការប្រើប្រាស់វា ព្រមទាំងមានកិច្ចការពារទៅលើកម្មករដែលធ្វើការនៅកន្លែងដែលមានប្រើសារធាតុទាំងនេះ៖ « គ្រប់ពេលដែលមានការសាងសង់អគារ ជាដើម គឺសារធាតុអាសបេស្តូស (Asbestos) មាននៅកន្លែងនោះ ប៉ុន្តែយើងមិនអាចដឹងបានទេ លុះត្រាតែមានការវិភាគទៅលើខ្យល់។ ទោះយ៉ាងណា សារធាតុប្រភេទនេះវាមានការប៉ះពាល់តិចតួចណាស់ទៅលើសុខភាព »។
សារធាតុអាសបេស្តូស គ្រីសូថាយល៍ (Asbestos Chrysotile) ត្រូវបានបច្ចេកវិទ្យាសម័យថ្មីរកឃើញ និងយកមកប្រើប្រាស់ជាច្រើនរយឆ្នាំមកហើយនៅជុំវិញពិភពលោក។
វិធីការពារផលប៉ះពាល់សុខភាព ដោយសារសារធាតុនេះ គឺនៅពេលកម្មករសំណង់ ឬក៏ជាងឡាន ដែលត្រូវធ្វើការងារជាមួយសារធាតុនេះ ត្រូវការពារប្រព័ន្ធផ្លូវដង្ហើម ដោយពាក់ម៉ាស់ និងប្រុងប្រយ័ត្នបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
