ក្រសួង​សុខាភិបាល​ស្នើ​ឲ្យ​ចាត់ការ​អ្នក​ផ្សាយ​ផលិតផល​គ្មាន​​ច្បាប់​​អនុញ្ញាត

ក្រសួង​សុខាភិបាល​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធិ ចាត់​វិធានការ​បន្ទាន់​ចំពោះ​ទូរទស្សន៍​និង​វិទ្យុ ដែល​នៅ​តែ​បន្ត​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​បំប៉ន​សុខភាព និង​គ្រឿង​សំអាង​ដែល​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

ក្នុង​លិខិត​របស់​ក្រសួង​សុខាភិបាល​ផ្ញើ​ចូល​ក្រសួង​ព័ត៌មាន​នៅ​​ថ្ងៃ​ទី​៧ ខែ​ឧសភា បាន​រៀបរាប់​ថា ទូរទស្សន៍​និង​វិទ្យុ​ដែល​បំពាន​ច្បាប់​នោះ រួម​មាន ទូរទស្សន៍​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​ថ្នាំ​កក់​បណ្ដុះ​សក់​ក្បាល​ទំពែក ហែ ក្រូស អាប់ (Hair Grow Up) និង​ថ្នាំ យ៉ាសម៉ាស (Yashmark) សម្រាប់​បំបាត់​សម្លាក​គ្រប់​បែប​យ៉ាង។ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ផ្សព្វផ្សាយ​ថ្នាំ​បំបាត់​មុន ឃេវតិច និង​ផលិតផល​អាវ​ពាក់​រឹប​ដើម​ទ្រូង​ស្ត្រី​ជួយ​សាច់​ខ្នង​ឲ្យ​ស្អាត និង​មាន​ទូរទស្សន៍​ឯ​ទៀត​ផ្សាយ​ពី​ផលិតផល​ក្រែម​បំបាត់​ជាំ​ស្បែក ធ្វើ​ឲ្យ​ស្បែក​ស្អាត ក្រែម​សម្រក​រាង បន្តឹង​ខ្លួន​ប្រាណ​បញ្ចេញ​ជាតិ​ពុល ក្រែម​វេទមន្ត 4D ថែ​រក្សា​សម្រស់​បំបាត់​ស្នាម​ជ្រីវជ្រួញ បំបាត់​ជាំ​មុខ ម៉ាស​បិទ​ពង្រីក​ដើម​ទ្រូង និង​ម៉ាស​បិទ​បក​ស្បែក​ជើង ស្បែក​ក្រិន​ស្ងួត។

លិខិត​ដដែល​ក៏​បាន​រៀប​រាប់​ថា មាន​វិទ្យុ​មួយ​ចំនួន រួម​មាន​វិទ្យុ FM 93.5 HMz និងFM 107.5 HMzផ្សព្វផ្សាយ​ផ្សិត​លីងជី កាក​សរសៃ ហ្វីប៊ើ (Fiber) ទឹក​ញ ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ប៉ូវ​សុខភាព​ជាដើម។

ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ក្រសួង​ព័ត៌មាន ទប់​ស្កាត់​ការ​ឃោសនា​បោក​ប្រាស់​របស់​ក្រុមហ៊ុន​ទាំង​នោះ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ មួយ​វិញ​ទៀត ផលិតផល​បំប៉ន​សុខភាព និង​ផលិតផល​គ្រឿង​សំអាង​ទាំង​នោះ គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង​ពុំ​បាន​ឆ្លង​ការ​ត្រួត​ពិនិត្យ​គុណភាព ប្រសិទ្ធភាព សុវត្ថិភាព​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។