ក្រសួង​សុខាភិបាល​ប្រកាស​ថា​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​សំបួរមាស​មាន​តែ​៤​នាក់

ក្រសួង​សុខាភិបាល ប្រកាស​​លទ្ធផល​អង្កេត​ជា​ផ្លូវការ​នៃ​ការ​ផ្ទុះ​ជំងឺ​អេដស៍ នៅ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។

​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា កាល​ពី​ថ្ងៃ​ពុធ ទី​២៤ ខែ​កុម្ភៈ របស់​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បញ្ជាក់​ថា លទ្ធផល​ជា​ផ្លូវការ​គឺ​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ចំនួន​តែ ៤​នាក់​ទេ ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ឈាម​ជិត ៣០០​នាក់។

សេចក្ដី​រាយការណ៍​បឋម​មិន​ជា​ផ្លូវការ​របស់​អាជ្ញាធរ​ទាក់ទិន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ត​ឈាម​ប្រជាពលរដ្ឋ​ជិត ៣០០​នាក់ ក្នុង​នោះ​មាន ១៤​នាក់ អាច​មាន​ផ្ទុក​មេរោគ​អេដស៍។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក និង​កាមរោគ លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន ពន្យល់​ប្រាប់​ពី​ការ​ថយ​ចុះ​ពី​ចំនួន ១៤​នាក់ មក​នៅ​ត្រឹម ៤​នាក់​វិញ​នេះ ដោយសារ​មាន​ក្រុម​ការងារ​ធ្វើតេស្ត​ឈាម​បន្ទាន់​ផ្សេងៗ​គ្នា​ក្រោយ​ទទួល​បាន​ព័ត៌មាន​ស្តីពី​ការ​ផ្ទុះឡើង​មេរោគ​អេដស៍​នៅ​ឃុំ​សំបួរមាស នោះ ហើយ​ទទួល​បាន​លទ្ធផល​ផ្សេងៗ​គ្នា។ ប៉ុន្តែ​ក្រោយ​ការ​ចុះ​អង្កេត ការ​ធ្វើ​តេស្ត​ឈាម និង​ការ​ផ្ទៀងផ្ទាត់​នូវ​លទ្ធផល​នោះ​ឡើង​វិញ​ដោយ​មជ្ឈមណ្ឌល​ជាតិ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ចេញ​នូវ​លទ្ធផល​សរុប គឺ​រក​ឃើញ​តែ ៤​នាក់​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន៖ «ពី​មុន​មក​រក​ឃើញ ៩​នាក់​ក្នុង​ភូមិ ក្រោយ​មក​មាន​អង្គការ​មួយ​ទៅ​ធ្វើតេស្ត​ក្នុង​ពិធី​បុណ្យ​សព​មួយ​រក​ឃើញ ៥​នាក់​ទៀត អ៊ីចឹង​បូក​ទៅ​មាន ១៤​នាក់ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ទើប​ក្រសួង​សុខាភិបាល ឲ្យ​មជ្ឈមណ្ឌល​ចុះ​អង្កេត​ចេញ​ជា​លទ្ធផល ៤​នាក់ ក្នុង​ចំណោម​អ្នក​ធ្វើ​តេស​ឈាម ២៧៩​នាក់ ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ជា​ច្រើន​ក្នុង​សំបួរមាស​នោះ»

លោក​បញ្ជាក់​ថា អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ មិនមែន​ទើប​ឆ្លង​ថ្មី​ទេ ហើយ​ក៏​មិនមែន​ជា​ករណី​ឆ្លង​តាម​ការ​ប្រើ​សេវា​ព្យាបាល​ជំងឺ​ក្នុង​ភូមិ​នោះ​ឡើយ។

ទោះ​បី​យ៉ាង​ណា​ក្តី លោក​ជឿ​ថា នៅ​ក្នុង​ឃុំ​សំបួរមាស នៅ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ទៀត ហើយ​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​មក​ធ្វើតេស្ត​ឈាម ដើម្បី​ឲ្យ​អស់​មន្ទិល​ក្នុង​ខ្លួន និង​បាន​ទទួល​សេវា​ថែទាំ​សុខភាព បើសិន​មាន​ផ្ទុក​មេរោគ​អេដស៍ ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នឹង​ប្រគល់​ការងារ​ធ្វើតេស្ត​ឈាម​នេះ​ទៅ​ឲ្យ​មណ្ឌល​សុខភាព​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។