ក្រសួង​សុខាភិបាល​ជំរុញ​ឲ្យ​ពលរដ្ឋ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង

ដោយ សិរីមុនី
2016.02.06
លី សូវ៉ាន់ ៨៥៥ ២០១៥ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
Photo: RFA

ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ឱ្យ​អាណាព្យាបាល​គ្រប់​រូប​ត្រូវ​នាំ​កុមារ​ទៅ​ចាក់​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង (Vaccine) ការពារ​រលាក​ខួរក្បាល រលាក​ស្រោម​ខួរក្បាល រលាក​ថ្លើម​ប្រភេទ​បេ គ្រុន​ស្វិត​ដៃជើង និង​ជំងឺ​កញ្ជ្រឹល ស្អូច​ជាដើម។ ការ​ចាក់​វ៉ាក់សាំង ការពារ​សុខភាព​សម្រាប់​ទារក​នេះ គឺ​មិន​ចំណាយ​លុយ​នោះ​ទេ។

មន្ត្រី​ជំនាញ​ផ្នែក​សុខភាព បញ្ជាក់​ជា​ថ្មី​ថា ដើម្បី​អោយ​កុមារ​តូច​មាន​សុខភាព​ល្អ អាណាព្យាបាល​គ្រប់​រូប​ត្រូវ​តែ​នាំ​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រលាក​ខួរក្បាល​ជា​លើក​ដំបូង ដោយ​ក្រសួង​សុខាភិបាល នឹង​ចុះ​ចាក់​ថ្នាំ​នេះ​នៅ​ដើម​ខែ​មីនា នៅ​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​តាកែវ កំពង់ចាម បាត់ដំបង និង​ខេត្ត​ស្វាយរៀង បន្ទាប់​មក ក្រសួង​សុខាភិបាល នឹង​ចាក់​ឱ្យ​កុមារ​ទូទាំង​ប្រទេស។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា  ទារក​ត្រូវ​ចាក់​វ៉ាក់សាំង ការពារ​ទាំង ១១​មុខ ឱ្យ​បាន ៦​លើក។ លើក​ទី​១ ទារក​ទើប​នឹង​កើត អាណាព្យាបាល​ត្រូវ​តែ​ចាក់​ថ្នាំ​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​ចាក់​ថ្នាំ​ការពារ​ជំងឺ​របេង។ លើក​ទី​២ ចំពោះ​ទារក​ដែល​មាន​អាយុ ១​ខែ​កន្លះ ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺ​គ្រុន​ស្វិតដៃជើង ថ្នាំ​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ជំងឺ​រលាក​សួត  និង​រលាក​ស្រោម​ខួរក្បាល ដែល​បណ្ដាល​មក​ពី​មេរោគ ហ៊ីប (HIB) និង​ចាក់​ថ្នាំ​ការពារ​ជំងឺ​រលាក​សួត រលាក​ស្រោម​ខួរក្បាល​ដែល​បណ្តាល​មក​ពី​មេរោគ ភ្នើម៉ូកូក (pneumocoque)។

លោក លី សូវ៉ាន់៖ «កើត​មក​ភ្លាម ត្រូវ​ផ្ដល់​ថ្នាំ​បង្ការ​ជំងឺ​របេង និង​រលាក​ថ្លើម​បេ។ រហូត​ពេល​នេះ​ក្រសួង​មាន​ថ្នាំ​បង្ការ ១១​មុខ ហើយ​សម្រាប់​ចាក់​បង្ការ​ជូន​កុមារ​នៅ​កម្ពុជា»

វេជ្ជបណ្ឌិត​បន្ត​ថា ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ខួរ​ក្បាល​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ទារក​គ្រប់​រូប។ ការ​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ​គឺ​សម្រាប់​ទារក​ដែល​ទើប​នឹង​កើត​រហូត​ដល់​អាយុ ១៨​ខែ។ ទន្ទឹម​នឹង​នេះ​ដែរ ការ​ចាក់​ថ្នាំ​ការពារ ជំងឺ​កញ្ជ្រឹល ស្អូច គឺ​កុមារ​តូច​ត្រូវ​ចាក់​ឱ្យ​បាន​ពីរ​ដង​យ៉ាង​តិច។

​ស្ត្រី​ជា​អាណាព្យាបាល​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ លោកស្រី សោម សុធា បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​ស្រី​ចំនួន ២​នាក់ របស់​គាត់​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោមខួរ រលាក​សួត និង​ជំងឺ​កញ្ជ្រឹល ស្អូច តាម​សេចក្ដី​ជូន​ដំណឹង​របស់​ភ្នាក់ងារ​សុខាភិបាល​រួច​ហើយ។ ​លោកស្រី​បន្ត​ថា ការ​ចាក់​ថ្នាំ​បង្ការ​នេះ គឺ​ភ្នាក់ងារ​ចាក់​ថ្នាំ​បង្ការ​បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន និង​សាលារៀន​ដែល​កុមារ​កំពុង​រៀន​តែម្ដង ឬ​បើ​ពុំ​នោះ​សោត​ទេ លោក​អ្នក​អាច​នាំ​កូន​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត«ចា៎! កាល​ពី​ខ្ញុំ​សម្រាល​កូន​ភ្លាម​ហ្នឹង គេ​ចាក់​ថ្នាំ​ការពារ​របេង ហើយ​ពេល​សម្រាល​កូន​ថ្ងៃ​ដំបូង គេ​ចាក់​ថ្នាំ​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ (B)។ នៅ​ពេល​ខ្ញុំ​សម្រាល​កូន​បាន​មួយ​ខែ ពេទ្យ​ឲ្យ​ទៅ​ចាក់​ថ្នាំ​ម្តង​ទៀត គឺ​ការពារ​ជំងឺ​ខាន់ស្លាក់ និង​បន្តក់​ថ្នាំ​គ្រុន​ស្វិត​ដៃ​ជើង។ កូន​ខ្ញុំ​ទើប​តែ​ចាក់​ម្តង​ទេ នៅ​ពីរ​ដង​ទៀត។ ចា៎! នៅ​ចាក់​ថ្នាំ​ជំងឺ​កញ្ជ្រិល​ស្អូច»

​ក្រសួង​សុខាភិបាល​ប្រកាស​ថា អាណាព្យាបាល​មាន​ចម្ងល់​ជុំវិញ​ការ​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល និង​ស្អូច គឺ​ត្រូវ​សាកសួរ​ព័ត៌មាន​បន្ថែម​ជាមួយ​អ្នកស្ម័គ្រចិត្ត​តាម​ភូមិ ឬ​តាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក។ បន្ថែម​ពីលើ​នេះ អាណាព្យាបាល​គ្រប់​រូប​ត្រូវ​តែ​ភ្ជាប់​ជាមួយ​នូវ​ប័ណ្ណ​សុខភាព​កុមារា ឫ​កុមារី (ប័ណ្ណ​លឿង) និង​ត្រូវ​រក្សាទុក​ឲ្យ​បាន​ល្អ ដើម្បី​តាមដាន​សុខភាព​កុមារ​លើក​ក្រោយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។