ក្រុមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ នឹងចុះអង្កេតករណីទារកក្នុងផ្ទៃម្តាយ ៥ខែ បានស្លាប់ ដោយសារការព្យាបាលដោយអ្នកដែលគ្មានជំនាញជាគ្រូពេទ្យ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤។ ការចុះអង្កេតនេះ បន្ទាប់ពីមានការប្ដឹងពីគ្រួសារអ្នកជំងឺនៅតំបន់ជនបទក្នុងខេត្តនេះ។
ស្ត្រីមានផ្ទៃពោះ ៥ខែម្នាក់ រស់នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ត្រូវគ្រូពេទ្យនៅខេត្តកំពង់ស្ពឺ ជួយសង្គ្រោះឲ្យរួចជីវិត បន្ទាប់ពីទារកក្នុងផ្ទៃស្លាប់។
បុរសជាប្ដីឈ្មោះ ឆាយ ធា ឲ្យដឹងថា ប្រពន្ធគាត់ចាញ់កូនខ្លាំងចាប់តាំងពីទម្ងន់ដំបូង រហូតដល់កូនក្នុងពោះអាយុ ៥ខែ។ លោកបន្តថា ដោយអាការៈចាញ់ខ្លាំងមិនអាចរកស៊ីអ្វីបាន គាត់ក៏នាំប្រពន្ធទៅរកកន្លែងព្យាបាល ដែលមានលើកស្លាកគ្រូពេទ្យ ភ័គ្រ ព្យាបាលជំងឺទូទៅ នៅក្នុងភូមិផ្សារកន្ទួត។
លោកថា ពេលគាត់ និងប្រពន្ធទៅដល់ផ្ទះពេទ្យ គឺគ្រូពេទ្យភ័គ្រ មិននៅផ្ទះទេ តែភរិយាគ្រូពេទ្យនោះបានជោះយកឈាមប្រពន្ធគាត់ទៅពិនិត្យ ហើយប្រាប់ថា គ្មានជំងឺចាញ់កូនទេ គឺឈឺក្រពះ។ ស្ត្រីភរិយាគ្រូពេទ្យភ័គ្រនោះ ផ្សំថ្នាំជាច្រើនឲ្យលេប និងចាក់សេរ៉ូមឲ្យប្រពន្ធគាត់។ លោកថា គ្រាន់តែសេរ៉ូមស្រក់មិនទាន់អស់ផង ប្រពន្ធគាត់មានអាការៈឈឺក្នុងពោះខ្លាំង ពេលនោះស្រាប់តែស្ត្រីភរិយាគ្រូពេទ្យភ័គ្រ ឆ្លើយថាមិនដឹង។
លោក ឆាយ ធា បន្តថា គាត់ដឹកប្រពន្ធយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ គ្រូពេទ្យនៅទីនោះប្រាប់ថា កូនទើបស្លាប់ក្នុងពោះ។ លោកថា បញ្ហាកើតឡើងនេះ គាត់ដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ចោទស្ត្រីភរិយាគ្រូពេទ្យភ័គ្រ ធ្វើឲ្យទារកស្លាប់ក្នុងពោះ។ គ្រូពេទ្យភ័គ្រ និងភរិយា បានសម្របសម្រួលឲ្យគាត់ ៥០ដុល្លារ ដើម្បីបញ្ចប់បញ្ហា តែគាត់មិនព្រមយកលុយនោះឡើយ។ ចំណែកគ្រូពេទ្យ និងភរិយា ជំរុញគាត់ឲ្យប្ដឹងទៀតទៅ បើមិនយកលុយនេះទេ។ លោក ឆាយ ធា ជាប្ដីអ្នកជំងឺ សុំឲ្យក្រសួងសុខាភិបាល ស៊ើបអង្កេត ហើយបំបាត់អ្នកគ្មានជំនាញពេទ្យ ហ៊ានព្យាបាលអ្នកជំងឺ យកទៅដាក់ទោសតាមច្បាប់៖ «គ្រាន់តែចាញ់កូនធម្មតាទេ ហេតុអ្វីក៏ដាក់ថ្នាំក្រពះពោះវៀនអ៊ីចឹង។ ផ្លាកប្ដីយីហោប្ដី ដល់ពេលប្រពន្ធអ្នកប្រឹក្សាមើល គឺវាខុសទាំងស្រុងតែម្តង»។
វិទ្យុអាស៊ីសេរី ព្យាយាមទាក់ទងគ្រូពេទ្យភ័គ្រ ដែលមានលេខទូរស័ព្ទប្រកាសជាប់ស្លាកផ្ទះគ្រូពេទ្យនោះ ប៉ុន្តែមិនអាចទាក់ទង ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី១ ខែតុលា។
បើតាមប្រធានមណ្ឌលសុខភាពស្រុកឱរ៉ាល់ លោក ជា ហ៊ីន ឲ្យដឹងថា លោក ភ័គ្រ គឺជាគ្រូពេទ្យពិតប្រាកដ ប៉ុន្តែភរិយានោះមិនមានសញ្ញាបត្រពេទ្យទេ ឬច្បាប់ឲ្យរកស៊ីដែរ។ លោក ជា ហ៊ីន ឲ្យដឹងថា នៅក្នុងស្រុកឱរ៉ាល់ មានអ្នកបើករកស៊ីព្យាបាលជំងឺឯកជន ១០កន្លែង។ ក្នុងនោះ ២កន្លែងគ្មានច្បាប់អនុញ្ញាត។ លោកថា ករណីអ្នកគ្មានជំនាញពេទ្យ គ្មានសញ្ញាបត្រពេទ្យ ហើយរកស៊ីព្យាបាលអ្នកជំងឺរហូតមានអ្នកស្លាប់ គឺមានទោសព្រហ្មទណ្ឌ៖ «ប៉ុន្តែប្រពន្ធនោះ គឺគាត់អត់មានសញ្ញាបត្រទេ គឺគាត់ចេះតគ្នាអ៊ីចឹង។ ដល់អ៊ីចឹង យើងអត់មានសិទ្ធិគ្រប់គ្រងគាត់ទេ ព្រោះគាត់អ្នករកស៊ីឯកជន។ គាត់សុំច្បាប់ គឺមន្ទីរជាអ្នកអនុញ្ញាតឲ្យ»។
មេភូមិផ្សារកន្ទួត លោក យឹម គឹមហួន ថ្លែងថា គ្រូពេទ្យដែលលើកស្លាកគ្រូពេទ្យភ័គ្រនោះ ជាអ្នកចំណូលថ្មី បានបើកព្យាបាលជំងឺទូទៅ៣ឆ្នាំមកហើយក្នុងភូមិនេះ។ ការព្យាបាលនោះ តាមលោកដឹង ព្យាបាលហើយស្លាប់មាន ៣ករណី។ ដោយឡែកករណីព្យាបាលធ្វើឲ្យទារកស្លាប់ក្នុងផ្ទៃម្តាយ គឺកើតមានមួយករណីនៅភូមិកន្ទួតនេះ។ លោកមិនដឹងថា គ្រូពេទ្យភ័គ្រនោះ ដោះស្រាយយ៉ាងណាចំពោះអ្នកស្លាប់នោះទេ ឃើញតែពេទ្យនោះនៅបន្តរកស៊ីដដែល ហើយក៏គ្មានមន្ត្រីក្រសួងសុខាភិបាល មកពិនិត្យអ្វីដែរ៖ «គាត់ហ្នឹងធ្វើការអត់សូវស្របច្បាប់ ដោយប្ដីគាត់ជាអ្នកជំនាញ តែប្រពន្ធគាត់ធ្វើការបណ្ដាលឲ្យមនុស្សស្លាប់»។
ពាក់ព័ន្ធករណីនេះដែរ អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ លោក សាយ សាវី អះអាងថា ក្រុមមន្ត្រីបានចុះញឹកញាប់ទៅស្រុកឱរ៉ាល់ ប៉ុន្តែក្រុមមន្ត្រីរបស់លោកមិនទទួលបានរបាយការណ៍ពីមណ្ឌលសុខភាពនៅទីនោះ ពីការព្យាបាលគ្មានជំនាញជាគ្រូពេទ្យ បណ្ដាលឲ្យមានអ្នកជំងឺស្លាប់នោះទេ។ លោកថា នឹងបញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេតបញ្ហាកើតឡើងនេះបន្តទៀត បើរកឃើញមានករណីដូចការលើកឡើងមែន ក្រសួងសុខាភិបាល នឹងមិនបណ្តោយឲ្យកើតមាននោះទេ៖ «ព្រោះច្បាប់យើងមាន យើងមិនអាចឲ្យមានអ្នកណាធ្វើអ៊ីចឹងបានទេ។ តែបើសិនជាមានអ៊ីចឹង ឲ្យអ្នកហ្នឹងរាយការណ៍មកមន្ទីរភ្លាម។ មន្ទីរនឹងមានគេមានក្រុមការងារ គេចុះទៅភ្លាម»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
