ជំងឺ​មហារីក​សួត​កំពុង​កើន​ឡើង​នៅ​កម្ពុជា

0:00 / 0:00

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​សាធារណៈ ឱ្យ​ដឹង​ថា អត្រា​ស្លាប់​របស់​មនុស្ស​ដោយសារ​ជំងឺ​មិន​ឆ្លង​បាន​កើន​ឡើង ខណៈ​ដែល​ជំងឺ​ឆ្លង​បាន​ថយ​ចុះ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជំងឺ​មិន​ឆ្លង​ទាំង​នេះ ត្រូវ​បាន​គ្រូពេទ្យ​និយាយ​សំដៅ​ដល់​ជំងឺ​ទាំង​ឡាយ​ណា ដែល​មិន​មែន​បង្ក​ឡើង​ដោយ​មេរោគ ដូច​ជា ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក ជាដើម។

គ្រូពេទ្យ​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ជំងឺ​មិន​ឆ្លង​ទាំង​នេះ ជាពិសេស ជំងឺ​មហារីក ភាគ​ច្រើន​សុទ្ធ​តែ​មាន​កត្តា​ហានិភ័យ​មួយ​ចំនួន។

នាយក​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ ពន្យល់​ថា មាន​កត្តា​ចម្បង​បួន​ដែល​នាំ​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង​ទាំង​នេះ​កើត​ឡើង ហើយ​ក្នុង​នោះ គឺ​មាន​បារី និង​ស្រា៖ «ជំងឺ​មិន​ឆ្លង​ដែល​ខ្ញុំ​រៀប​រាប់​មក​នេះ បណ្ដាល​មក​ពី​កត្តា​ហានិភ័យ​បួន ដែល​ជា​ឫសគល់​របស់​វា។ ទី​មួយ គឺ​កង្វះ​កាយ​វប្បកម្ម បាន​ន័យ​ថា យើង​អត់​សូវ​បាន​ហាត់​ប្រាណ ឬ​ធ្វើ​ចលនា​រាង​កាយ​យើង។ មួយ​ទៀត គឺ​របប​អាហារ មាន​ន័យ​ថា យើង​ទទួល​ទាន​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន ស្ករ​ច្រើន មាន​ជាតិ​អំបិល​ច្រើន។ ប៉ុន្តែ​កត្តា​ដែល​ធំ​បង្ក​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង​មាន​ពីរ។ ទី​មួយ គឺ​ថ្នាំ​ជក់ និង​ទី​ពីរ គឺ​គ្រឿង​ស្រវឹង។ កត្តា​ពីរ​ចម្បង​នេះ គឺ​ជា​កត្តា​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង​ភាគ​ច្រើន»

លោក​វេជ្ជបណ្ឌិត​បន្ត​ថា បញ្ហា​ថ្នាំ​ជក់ ឬ​បារី បាន​បង្ក​ឱ្យ​កើត​ជំងឺ​សរសៃ​ឈាម និង​បេះដូង​ធ្ងន់ធ្ងរ ហើយ​ជាពិសេស ជំងឺ​មហារីក​សួត៖ «ការ​ជក់​បារី និង​មហារីក ដែល​មិន​ត្រឹម​តែ​មហារីក​សួត​ទេ គឺ​គ្រប់​សរីរាង្គ​ទាំងអស់។ ទី​ពីរ យើង​និយាយ​ពី​ការ​ជក់​បារី និង​ជំងឺ​បេះដូង សរសៃ​ឈាម។ អស់​លោក​ប្រហែល​ជា​ធ្លាប់​ដឹង​ថា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ មនុស្ស​ដែល​មក​ធ្វើ​ការ​ជាមួយ​យើង​ធម្មតា ស្រាប់​ស្អែក​ឡើង​ឮ​ដំណឹង​ពី​ក្រុម​គ្រួសារ​គាត់​ថា គាត់​ខ្យល់​គ ឬ​ក៏​ស្លាក់​ខ្យល់​ស្លាប់​នៅ​លើ​ខ្នើយ កាល​ពី​យប់​មិញ​អី​ជា​ដើម។ នោះ​ហើយ​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ អ្នក​ខ្លះ​មិន​ស្លាប់​ភ្លាម​ទេ គឺ​ធ្វើ​ឱ្យ​គាត់​ពិការ​មួយ​ចំហៀង​ខ្លួន អ្នក​ខ្លះ​ពិការ​មួយ​កំណាត់​ខ្លួន ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​ជក់​បារី ផ្សែង​បារី​ធ្វើ​សរសៃ​ឈាម​ត្បៀត​ខុស​ពី​ធម្មតា»

តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា លោក​វេជ្ជបណ្ឌិត យ៉ិល ដារាវុធ បញ្ជាក់​បន្ថែម​ថា ជំងឺ​មហារីក​សួត​ភាគ​ច្រើន គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី៖ «មហារីក​សួត​វា​អាច​កត្តា​ផ្សេងៗ ការ​ពិត​វា​មាន​កត្តា​ផ្សេង​មែន។ ប៉ុន្តែ​កត្តា​ថ្នាំ​ជក់ បើ​មាន​មហារីក​សួត ១០០​នាក់ គឺ ៩០​នាក់​មហារីក​សួត បណ្ដាល​មក​ពី​ការ​ជក់​បារី។ ១០% មក​ពី​កត្តា​ផ្សេង បរិស្ថាន ហើយ​ជំងឺ​សួត​រ៉ាំរ៉ៃ (emphysema) ដក​ដង្ហើម​អត់​ចេញ។ ៧៥% នៃ​ជំងឺ emphysema មក​ពី​ការ​ជក់​បារី​ច្រើន។ អ៊ីចឹង​តួលេខ​យើង​មាន យើង​គួរ​ពិចារណា»

គ្រូពេទ្យ​ព្រមាន​ថា ហានិភ័យ​ពី​ថ្នាំ​ជក់ មិន​មែន​ប្រឈម​តែ​អ្នក​ចុក​ថ្នាំ ឬ​អ្នក​ជក់​បារី​ផ្ទាល់​ទេ អ្នក​ហឺត​ផ្សែង​បារី​ត​ពី​អ្នក​ជក់ ក៏​កំពុង​ប្រឈម​ខ្លាំង​ដែរ។

ស្រប​ពេល​ដែល​អ្នក​ជំនាញ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​របស់​អ្នក​ជក់​បារី ឥឡូវ​នេះ អ្នក​ពាក់ព័ន្ធ​ក៏​កំពុង​គិតគូរ​លើក​កម្ពស់​សុខភាព​សាធារណជន ដែល​មិន​មែន​ជា​អ្នក​ជក់​បារី​ដែរ។

លោក​វេជ្ជបណ្ឌិត យ៉ិល ដារាវុធ ឱ្យ​ដឹង​ថា អត្រា​អ្នក​ស្លាប់​នៅ​លើ​ពិភពលោក​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់ ដូច​ជា ចុក​ថ្នាំ និង​ជក់​បារី បាន​កើន​ឡើង​ដល់ ៦​លាន​នាក់​នៅ​ឆ្នាំ​២០១៣។ លោក​ថ្លែង​ទៀត​ថា ប្រការ​ព្រួយ​បារម្ភ​ខ្លាំង គឺ​អ្នក​ដែល​មិន​ចេះ​ជក់​បារី​ចំនួន ៦​សែន​នាក់ ក៏​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​ស្រូប​ផ្សែង​បារី​ត​ពី​គេ៖ «តួលេខ​ស្លាប់​នៅ​ក្នុង​ពិភពលោក ៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ។ ប៉ុន្តែ បើ​យើង​គណនា​តួលេខ​នៅ​កម្ពុជា យើង​វិញ សរុប​មក​យើង​មាន​ប្រមាណ​ជិត​មួយ​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ ក្នុង​នោះ​ក្នុង​មួយ​ឆ្នាំ​បុរស​ត្រូវ​បាន​ស្លាប់ បង្ក​ឡើង​ដោយ​បារី​ថ្នាំ​ជក់ មាន ៦.៤៤៦​នាក់។ ស្ត្រី​មាន​ប្រមាណ ៣.២២៣​នាក់។ នេះ​ជា​តួលេខ​កម្ពុជា យើង​ដែល​បាន​បង្ក​ឡើង​ដោយ​ថ្នាំ​ជក់​ក្នុង​មួយ​ឆ្នាំ។ ដូច មុំ គង់ និយាយ​អ៊ីចឹង​ថា ក្នុង​មួយ​ថ្ងៃ​ជិត​៣០»

លោក​ថា ហេតុផល​នេះ​ហើយ​ទើប​នៅ​ថ្ងៃ​ទី​២៩ មេសា សាលា​រាជធានី​ភ្នំពេញ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា រៀប​ចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​សារាចរ​របស់​ក្រសួង​សុខាភិបាល មួយ​ដែល​ពង្រឹង​ការ​ហាម​ជក់ និង​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់ ឬ​ជក់​បារី នៅ​កន្លែង​ធ្វើ​ការ និង​កន្លែង​សាធារណៈ។ សិក្ខា​សាលា​នេះ គឺ​ចូល​រួម​ដោយ​តំណាង និង​ម្ចាស់​ភោជនីយដ្ឋាន ផ្ទះ​សំណាក់ សណ្ឋាគារ និង​រថយន្ត​ក្រុង ជាដើម។

លោក​វេជ្ជបណ្ឌិត យ៉ិល ដារាវុធ បញ្ជាក់​តួលេខ​ថា ភោជនីយដ្ឋាន គឺ​ជា​កន្លែង​ដែល​មនុស្ស​ទូទៅ​ត្រូវ​ស្រូប​ផ្សែង​បារី​ច្រើន​ជាង​គេ៖ «យើង​មើល​ការ​ស្រាវជ្រាវ​ឆ្នាំ​២០១១ យើង​មើល​តួលេខ​ដែល​ខ្ពស់​ជាង​គេ គឺ​ភោជនីយដ្ឋាន គឺ​ស្រូប​ច្រើន​ណាស់ ៩០%។ មណ្ឌល​សុខភាព​អី​តិច​ទេ តែ​ភោជនីយដ្ឋាន។ អ៊ីចឹង ការ​ផ្សព្វផ្សាយ​ថ្ងៃ​នេះ ខាង​អាជីវករ​ជួយ​ពិចារណា​ផង​ថា ការ​ជក់​បារី​នេះ​ប៉ះពាល់​ខ្លាំង​នៅ​ក្នុង​ហ្នឹង។ ប្រជាពលរដ្ឋ​យើង​សឹង​ថា ៨០% ហើយ បូក​ទាំង​អ្នក​ជក់​បារី​ផង ពេល​សួរ​គាត់​ទៅ អ្នក​អត់​ជក់​ទៀត គាត់​អត់​ចង់​ឱ្យ​ជក់​បារី​នៅ​ក្នុង​កន្លែង​ធ្វើ​ការ និង​ភោជនីយដ្ឋាន​ទេ។ គាត់​ថា​គាត់​នាំ​កូន​គាត់​ទៅ សូម្បី​តែ​គាត់​នាំ​កូន​គាត់​ទៅ ក៏​ចង់​ឱ្យ​កូន​គាត់​ទៅ​បរិភោគ​នៅ​កន្លែង​អត់​ស្រូប​ផ្សែង​បារី​ដែរ»

លោក​វេជ្ជបណ្ឌិត មុំ គង់ មាន​ប្រសាសន៍​ថា ការ​ជក់​បារី​ផ្ដល់​ផល​ប៉ះពាល់​ថវិកា​គ្រួសារ​ធ្ងន់ធ្ងរ៖ «ប្រជាពលរដ្ឋ​យើង​ក្នុង​មួយ​ឆ្នាំ​ចំណាយ​ជិត ១០០​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​លើ​តែ​ការ​ទិញ​បារី​ជក់​ទេ។ ១០០​លាន​នេះ បើ​សិន​យើង​គិត​ជា​អង្ករ​វិញ មិន​ចាំ​ថា​បាន​ប៉ុន្មាន​ឡាន​ទេ។ ប៉ុន្តែ​ថវិកា​ដែល​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ដែល​កើត​ឡើង​ដោយសារ​ការ​ជក់​បារី​នេះ មាន​ធំ​ជាង​ថវិកា​ចំណាយ​ទៅ​លើ​ការ​ទិញ​បារី​ឆ្ងាយ​ណាស់។ អ៊ីចឹង គ្រាន់​ទិន្នន័យ​បឋម​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត បាន​ប្រាប់​ថា ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​ករណី ត្រូវ​ចំណាយ​ជិត ១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ មិន​មែន​ឱ្យ​គាត់​ជា​ទេ គឺ​សម្រាប់​ពន្យារ ពីព្រោះ​ជំងឺ​មហារីក​ដែល​កើត​ឡើង ហើយ​ពិបាក​ព្យាបាល។ ជាពិសេស ប្រជាពលរដ្ឋ​យើង​មិន​មាន​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ អ៊ីចឹង​ពេល​រក​ឃើញ​ជំងឺ​មហារីក​ច្រើន​តែ​ហួស​ពេល»

តំណាង​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​គាំ​ទ្រ​ចំពោះ​ការ​ហាម​ជក់​បារី​នៅ​តាម​ភោជនីយដ្ឋាន ពីព្រោះ​អាច​ជួយ​បញ្ចៀស​ការ​ប៉ះពាល់​ដល់​ភ្ញៀវ​ដទៃ ក៏ប៉ុន្តែ​តំណាង​មួយ​ចំនួន​ទៀត​បារម្ភ​ថា ការ​អនុវត្ត​មិន​សូវ​មាន​ប្រសិទ្ធភាព។

ម្ចាស់​ហាង​លក់​កាហ្វេ​មួយ​រូប គឺ​លោក រ៉ូនី បញ្ចេញ​ទស្សនៈ​ថា ការ​ហាម​ជក់​បារី​អាច​នាំ​ឱ្យ​បាត់​ភ្ញៀវ៖ «ជាក់​ស្ដែង​នៅ​តាម​ហាង​ខ្ញុំ បើ​និយាយ​រួម ភ្ញៀវ​សឹង​តែ ៧០% ហើយ គាត់​ជក់​បារី។ អ៊ីចឹង បើ​សិន​យើង​ហាម​គាត់ យើង​អាច​បាត់​បង់​ភ្ញៀវ ជាពិសេស បើ​សិស្ស​សាលា​ចូល​មក ដឹង​តែ​ថា បារី​មួយ​ចាន។ អ៊ីចឹង​យើង​ពិបាក​ដែរ។ ទាក់ទង​រឿង​ថា ឱ្យ​អាជ្ញាធរ​ចុះ​ទៅ​ព្រមាន​អី​ហ្នឹង ជាក់​ស្ដែង​ខ្ញុំ​ថា ប្រហែល​ជា​ពិបាក​ណាស់។ អ្នក​លក់ និង​អាជ្ញាធរ ជាក់​ស្ដែង​ស្គាល់​គ្នា​ហើយ។ គាត់​ទៅ​ព្រមាន​មនោសញ្ចេតនា ជួយ​បិទ​ភ្នែក​បិទ​អី​បន្តិច គឺ​ដដែលៗ»

ប្រធាន​ក្រុម​មេធាវី អែស.ខេ អែន ភី (SK&P) លោក​មេធាវី កែវ សុខគា មាន​ប្រសាសន៍​ពន្យល់​ថា ទោះ​ជា​សារាចរ​លេខ​០០៣ របស់​ក្រសួង​សុខាភិបាល មិន​ទាន់​មាន​ការ​ពិន័យ​ចំពោះ​អ្នក​ជក់​បំពាន​ក្ដី ក៏​សារាចរ​ណែនាំ​នេះ​មាន​ឥទ្ធិពល​ខ្លះ​ដែរ៖ «សារាចរ​នេះ​តម្រូវ​ឱ្យ​អនុវត្ត​វិធាន​ការ​៣ ជា​លំដាប់។ ទី​មួយ បើ​គេ​ជក់​ដោយ​បំពាន គឺ​ត្រូវ​ជម្រាប​គេ​ថា កន្លែង​ហ្នឹង​ជក់​អត់​បាន​ទេ។ បើ​គេ​អត់​ស្ដាប់​ទេ ចូល​ដល់​ជំហាន​ទី​ពីរ សុំ​អញ្ជើញ​ចេញ។ ទី​បី បើ​ថា​អត់​ទៀត អា​ហ្នឹង​ត្រូវ​ជម្រាប​អាជ្ញាធរ​ហើយ។ ក្រសួង​សុខាភិបាល ប្រើ​ពាក្យ​ថា ឱ្យ​អាជ្ញាធរ​ហ្នឹង​ជួយ​អប់រំ​ណែនាំ។ តាម​ពិត​ទៅ អប់រំ​ណែនាំ​ហ្នឹង គឺ​ប្រដៅ។ ន័យ​ហ្នឹង​ធ្ងន់​ណាស់ គឺ​ថា ជក់​បារី​ខ្លួន​ឯង​សោះ ខាង​អាជ្ញាធរ​មក​ប្រាប់​ហ្នឹង គឺ​ប្រដៅ​ហើយ»

សារាចរ​របស់​ក្រសួង​សុខាភិបាល នេះ មាន​ទិសដៅ​ការពារ​សុខុមាលភាព​ពលរដ្ឋ ការពារ និង​ទប់ស្កាត់​ការ​រង​ផ្សែង​បារី ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​សុខភាព​អ្នក​នៅ​ជុំវិញ និង​បរិស្ថាន និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។