សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានដួលសន្លប់ពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី១០ និងទី១១ ខែមិថុនា។ ការដួលសន្លប់នេះ ភាគច្រើនជាសិស្សស្រីដែលមានគ្នាប្រមាណជាង ២០នាក់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត ដើម្បីព្យាបាលជាបន្តបន្ទាប់។
ចំណែកខាងមន្ត្រីសុខាភិបាលបញ្ជាក់ថា កំពុងតែធ្វើការស្រាវជ្រាវពីបញ្ហានេះ ដើម្បីរកឱ្យឃើញពីមូលហេតុនៃការសន្លប់នោះ។
បន្ទាប់ពីមានការដួលសន្លប់របស់សិស្សពីរថ្ងៃជាប់ៗគ្នានៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម រួចមក ធ្វើឱ្យសិស្សានុសិស្ស អាណាព្យាបាលសិស្សនៅទីនោះ មានការបារម្ភចំពោះសុវត្ថិភាពសុខភាពរបស់ពួកគាត់។ ការបារម្ភនេះ ដោយសារពួកគាត់មិនទាន់ដឹងច្បាស់ពីមូលហេតុនៃការសន្លប់ ហើយកន្លងមកនៅក្នុងសាលានេះធ្លាប់មានបញ្ហាសន្លប់កើតឡើងជាហូរហែ ប៉ុន្តែមិនច្រើនដូចពេលនេះទេ។
យុវតីរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង រស់នៅឃុំអង្គរបាន ស្រុកកងមាស ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម កញ្ញា ហាក់ ស្រីណេត ឱ្យដឹងថា នៅពេលពួកគាត់កំពុងរៀននោះ មានសិស្សស្រីម្នាក់សន្លប់ ហើយនៅពេលដែលកញ្ញាទៅជួយមើលមិត្តភ័ក្ដិ ស្រាប់តែមានមិត្តម្នាក់ទៀតសន្លប់ដែរ ធ្វើឱ្យអារម្មណ៍របស់កញ្ញាមិនស្រួល ចុងក្រោយក៏ដួលសន្លប់បន្តបន្ទាប់គ្នាតែម្តង។ កញ្ញាបញ្ជាក់ថា ការដួលសន្លប់នេះ គឺមិនទាក់ទងនឹងការពុលចំណី ឬធុំសារធាតុគីមីនោះទេ៖ «ហ្នឹងហើយ! សិស្សខ្លះអត់បានមករៀនផងហ្នឹងបង។ ថ្នាក់ទី១០ ម៉ាននាក់ឈប់រៀន មករៀនអត់កើតឱ្យតែមកសន្លប់ៗ ឱ្យតែមកដល់ហ្នឹងសន្លប់ បើនៅផ្ទះធម្មតា។ អ៊ីចឹងគេឈប់រៀនម៉ាននាក់ដែរ»។
យុវតីដដែលបន្តថា ការសន្លប់របស់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង គឺមានរយៈពេលជិតមួយខែមកហើយ ប៉ុន្តែកន្លងមក គឺមានសិស្សម្នាក់ ឬពីរនាក់ដែលបានសន្លប់ ហើយកញ្ញាមិនទាន់ឃើញមន្ត្រីជំនាញចុះពិនិត្យពីមូលហេតុនោះឡើយ។ កញ្ញាព្រួយបារម្ភខ្លាចបញ្ហានេះ នៅតែកើតមានឡើងបន្តទៀត ធ្វើឱ្យសិស្សទាំងអស់ខ្លាចរអាមិនហ៊ានទៅសាលាទៀតនោះទេ ពិសេសសិស្សដែលត្រូវប្រឡងថ្នាក់ទី១២ ឆ្នាំនេះ នឹងជួបការលំបាកក្នុងការរៀនសូត្រមិនខាន។ កញ្ញាចង់ឱ្យអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធ ចុះស្រាវជ្រាវពីបញ្ហាដួលសន្លប់នេះ ដែលអាចធានាបានថា មិនមានបញ្ហានេះកើតឡើងបន្តទៀត។
នាយកវិទ្យាល័យ ហ៊ុន សែន ពាមជីកង លោក តូច វុទ្ធី មានប្រសាសន៍ថា ការដួលសន្លប់នោះអាចបណ្ដាលមកពីបញ្ហាធាតុអាកាសច្រើនជាង ពីព្រោះប៉ុន្មានថ្ងៃមកនេះ អាកាសធាតុក្តៅខ្លាំង ហើយសិស្សដែលសន្លប់ គឺជាសិស្សស្រី។ លោកបន្តថា កន្លងមកនៅសាលារបស់លោកធ្លាប់មានបញ្ហានេះកើតឡើងមែន គឺនៅចន្លោះខែឧសភា និងខែមិថុនា ប៉ុន្តែមិនមានច្រើនដូចលើកនេះទេ។ លោកបញ្ជាក់ថា សិស្សដែលសន្លប់ទាំងនោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងមានខ្លះបញ្ជូនមកមន្ទីរពេទ្យខេត្ត ដើម្បីព្យាបាលពួកគាត់។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹម សួរភារុន មានប្រសាសន៍ថា ខាងលោកបញ្ជូនមន្ត្រីជំនាញទៅស្រាវជ្រាវពីបញ្ហានេះ ប៉ុន្តែមិនទាន់ដឹងប្រាកដថា បណ្ដាលមកពីមូលហេតុអ្វីច្បាស់នោះទេ ពីព្រោះមន្ត្រីទាំងនោះមិនទាន់បញ្ចប់ការពិនិត្យរបស់ខ្លួន។ លោកបន្តថា មន្ត្រីជំនាញបញ្ជាក់ថា មិនមានសារធាតុពុលនៅបរិវេណសាលានោះឡើយ៖ «ផ្ដើមដំបូងឃើញសិស្សស្រីម្នាក់វាខ្យល់វាហេវ ត្រជាក់ដៃត្រជាក់ជើង វាសន្លប់វាដួលទៅ ធ្វើឱ្យសិស្សបន្តវាឃើញហ្នឹង វាភ័យវាដួលតៗគ្នាទៅណា។ យើងឱ្យមន្ត្រីជំនាញមន្ទីរចុះទៅសិក្សាស្រាវជ្រាវក្រែងលោថ្នាំពុលថ្នាំអីបាញ់បន្លែជិតហ្នឹង ថាអត់មានទេ។ អ៊ីចឹងគេផ្ដើមចេញពីសិស្សនារីម្នាក់ហ្នឹងខ្យល់ គាត់ដួលត្រជាក់ដៃត្រជាក់ជើងទៅ ហើយសិស្សស្រីៗដែលទៅជួយហ្នឹងដួលតាមទៅ។ អាហ្នឹងមូលហេតុជាបឋម»។
លោកបន្ថែមទៀតថា ស្ថានភាពរបស់សិស្សទាំងនោះ គឺមានភាពល្អប្រសើរហើយ ដោយមិនមាននរណាប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយការដួលសន្លប់ពីរថ្ងៃកន្លងមកនេះ គឺមានសិស្សប្រហែលជា ២៥នាក់។ លោកចង់ឱ្យអាណាព្យាបាលរបស់សិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូ ពិនិត្យតាមដានពីស្ថានភាពសុខភាពរបស់សិស្សជានិច្ច ប្រសិនបើឃើញស្ថានភាពមិនស្រួល អាចឱ្យពួកគាត់សម្រាកតែម្តង ជៀសវាងនូវបញ្ហានេះកើតឡើងបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
